ភ្នំពេញ ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរកឃើញថា ការជំនុំជម្រះក្តីក្នុងតុលាការកម្ពុជាមិនបានផ្តល់សិទ្ធិ គ្រប់គ្រាន់ដល់ភាគី។ ហើយមជ្ឈមណ្ឌលនេះយល់ថា គួរមានវិធានការបន្ទាន់មួយដើម្បីដោះស្រាយបញ្ហានេះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវនៅថ្ងៃច័ន្ទទី ២៧ ខែ មីនា នេះឲ្យរាជរដ្ឋាភិបាលកម្ពុជានិងប្រធានតុលាការ នៅគ្រប់ថ្នាក់ឲ្យ«ចាត់វិធានការជាបន្ទាន់»ដើម្បីធានាថាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ត្រូវបានការពារយ៉ាងត្រឹមត្រូវតាមច្បាប់ជាតិនិងត្រូវបានអនុវត្តន៍យ៉ាងពេញលេញ។
សេចក្តីអំពាវនាវធ្វើឡើងនៅពេលដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សរកឃើញថា«សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌មិនទាន់ត្រូវបានគោរពពេញលេញនៅឡើយទេនៅកម្ពុជា។» ហើយការណ៍នេះ«ជាការរំលោភលើច្បាប់ជាតិនិងច្បាប់អន្តរ ជាតិ។»
នៅក្នុងរបាយការណ៍កម្រាស់ ៦ទំព័រ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបរាប់ថា ការទទួលបានសិទ្ធិជំនុំជម្រះដោយ យុត្តិធម៌ មានភាពខ្វះខាតឯករាជ្យភាពពិតប្រាកដនៃស្ថាប័នតុលាការ។ មួយវិញទៀតមានការប្តូរបទចោទប្រកាន់នៅអំទ្បុង ពេលដំណើរការសវនាការជំនុំជម្រះ និងការអនុវត្តការឃុំខ្លួនបណ្តោះអាសន្នអូសបន្លាយរយៈពេលហួសហេតុយូរពេក ដែលបង្កឲ្យមានបញ្ហាប្រឈមមួយនៃការគោរពសិទ្ធិមនុស្ស។
តាមប្រភពដដែលបន្តថាដើម្បីធានាឱ្យមានការគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា រដ្ឋាភិបាល និងប្រធានតុលាការកម្ពុជាត្រូវ «ធានាថាមិនមានការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌជាឧបករណ៍ដើម្បីយាយី និង បំបិទសំទ្បេងអ្នកការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល ។
ពិនិត្យនិងអនុវត្តតាមសេចក្តីសន្និដ្ឋានរបស់ក្រុមការងាររបស់អង្គការសហប្រជាតិទទួលបន្ទុកបញ្ហាការឃុំខ្លួនតាមអំពើចិត្ត និងដោះលែងបុគ្គលិកអាដហុកចំនួនបួនរូប និងមន្ត្រី គ.ជ.ប មួយរូប ព្រមទាំងបុគ្គលដទៃទៀតដែលត្រូវបានឃុំខ្លួនមិនត្រឹម ត្រូវដោយសារតែអ្នកទាំងនោះអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់ខ្លួនជាដើម។»
បន្ថែមពីនោះទៀតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានជំរុញឲ្យប្រធានតុលាការគ្រប់ជាន់ថ្នាក់ទាំងអស់នៅកម្ពុជាវិញ ត្រូវ អនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យបានពេញលេញដើម្បីការពារ និងគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយ អនុលោមតាមច្បាប់ជាតិ និងអន្តរជាតិ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ច្រានចោលការលើកទ្បើងខាងលើនេះ។ លោក ផៃ ស៊ីផាន សង្កត់ធ្ងន់ថា តុលាការ កម្ពុជាមានឆន្ទានុសិទ្ធិពេញលេញក្នុងការអនុវត្តតួនាទីរបស់ខ្លួនដោយសំអាងទៅលើអង្គហេតុ និងអង្គច្បាប់ត្រឹមត្រូវ ដោយ អនុលោមតាមច្បាប់កម្ពុជា។ «ការលើកទ្បើងនេះគ្រាន់តែលើកទ្បើងបំភ្លៃពីការពិត ខ្ញុំជឿថាអង្គការសិទ្ធិមនុស្សកម្ពុជាហ្នឹង គាត់មិនមែនជំនាញខាងច្បាប់ ឬជំនាញខាងតុលាការនោះទេគួរតែកុំយកឈ្មោះអង្គការមកប្រើប្រាស់យុទ្ធនាការឃោសនា ដើម្បីវាយតម្លៃជ្រៀតជ្រែកនៅក្នុងការងាររបស់តុលាការដែលផ្ទុយពីច្បាប់ព្រហ្មទណ្ឌគាត់លើកទ្បើងហ្នឹងហាក់បីដូចជាមាក់ងាយបំផ្លាញការថ្លឹងថ្លែងរបស់តុលាការ»។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព មានប្រសាសន៍ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានភាពល្អប្រសើរជាង មុនតាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌មិនដូចការចោទប្រកាន់នោះទេ។ «ប្រសិនបើបុគ្គលមួយ ឬភាគីមួយឃើញថា ការ សម្រេចរបស់តុលាការខ្លួនឯងមិនពេញចិត្តគឺមានសិទ្ធិប្តឹងទៅតុលាការជាន់ខ្ពស់បន្តបន្ទាប់ទៀតរហូតដល់តុលាការកំពូល ហើយនៅក្នុងករណីដែលយើងយល់ថាចៅក្រម ឬព្រះរាជអាជ្ញាមានកំហុសវិជ្ជាជីវៈរបស់ខ្លួនយើងមានឧត្តមក្រុមប្រឹក្សា នៃ អង្គក្រមទៀតដើម្បីជាអង្គត្រួតពិនិត្យនៃដំណើរការទូទៅរបស់តុលាការនេះឯង»។
ផ្អែកតាមរបាយការណ៍នៃគម្រោងយុត្តិធម៌ពិភពលោកឆ្នាំ ២០១៦ កម្ពុជាឈរនៅលេខចុងក្រោយគេគឺលេខរៀងទី១១៣ ផ្នែកយុត្តិធម៌ស៊ីវិលក្នុងចំណោមប្រទេសដែលយកមកសិក្សាសរុប ១១៣។ ហើយកម្ពុជាឈរនៅលំដាប់ទី ១០៤ ផ្នែកយុត្តិ ធម៌ព្រហ្មទណ្ឌ៕