យ៉ាំងហ្គូន ៖ ប្រទេសភូមាកាលពីថ្ងៃសៅរ៍ ទី ២៥ ខែមីនា បានចេញមុខច្រានចោលរបាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានចោទថាប្រទេសភូមាថា កំពុងតែបង្កើតឧក្រិដ្ឋកម្មប្រឆាំងនិងពួកសហគមន៍រ៉ូហ៊ីងយ៉ា។
យោងតាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ កាលពីថ្ងៃសុក្រ ទី ២៤ បានបង្ហាញរបាយការណ៍បន្ទាន់មួយ ដោយអង្គការនេះបានរកឃើញថា រដ្ឋាភិបាលភូមា បានបណ្ដោយឲ្យពួកកងទ័ពចូលទៅបាញ់សម្លាប់ ដុតផ្ទះ ដុតមនុស្សទាំងរស់និងរំលោភស្រ្ដី នៅក្នុងសហគមន៍រ៉ូហ៊ីងយ៉ា។ របាយការណ៍នេះបន្ដថា ទង្វើរបស់ពួកកងទ័ពភូមា កំពុងតែបង្ហាញយ៉ាងច្បាស់អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ក្រោយរបាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចេញបានមួយថ្ងៃ រដ្ឋាភិបាលប្រទេសភូមា បានអះអាងថា អ្វីដែលមានក្នុងរបាយការណ៍នេះ គឺមិនបានឆ្លុះបញ្ចាំងពីការពិតនៅភូមានោះទេ ផ្ទុយទៅវិញវាគឺជាការបញ្ជេះភ្លើងជម្លោះតែប៉ុណ្ណោះ។
ចាប់តាំងពីមានវិបត្តិកើតឡើងទៅលើពួកសហគមន៍រ៉ូហ៊ីងយ៉ា រយៈពេល ៤ខែមកនេះ បណ្ដាលឲ្យពួកសហគមន៍នេះ រត់ភៀសខ្លួនចេញពីរដ្ឋរ៉ាក់ខាន នៃប្រទេសភូមា ទៅរស់នៅប្រទេសបង់ក្លាដេស ប្រមាណជាង ៥ម៉ឺននាក់ ហើយនៅពេលជាមួយគ្នានោះ ជនជាតិភាគតិចមួយនេះ ក៏ត្រូវបានបាញ់សម្លាប់ក្រោមការបង្រ្កាបរបស់ពួកយោធាជាច្រើនពាន់នាក់ផងដែរ៕