ហ្ស៊ិមបាវេ៖ ក្រុមគណបក្សប្រឆាំងនៅហ្ស៊ិមបាវេ ដឹកនាំដោយគណបក្សចលនាប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរ Movement for Democratic Change (MDC) កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ មីនា បានអំពាវនាវឱ្យអង្គការសហប្រជាជាតិមកជួយរៀបចំការបោះឆ្នោត ប្រធានាធិបតីនៅឆ្នាំ២០១៨ ដោយសារក្រុមនេះ មិនទុកចិត្ដស្ថាប័នបោះឆ្នោត ហ្ស៊ិមបាវេ។
ស្ថាប័នគណៈកម្មការរៀបចំការបោះឆ្នោត ជាឧបករណ៍នយោបាយ
អ្វីដែលធ្វើឱ្យ គណបក្សប្រឆាំងរបស់ប្រទេសក្រីក្រនៅអាហ្វ្រិកមួយនេះ បានសរសេរលិខិតទៅ អង្គការសហប្រជាជាតិ ឱ្យជួយរៀបចំការបោះឆ្នោត គឺមូលហេតុតែមួយគត់ គណៈកម្មការរៀបចំការបោះឆ្នោត របស់ប្រទេសនេះ ក្រោមឥទ្ធិពល របស់បក្សកាន់អំណាចរបស់លោកប្រធានាធិបតី Robert Mugabe។ លិខិតរបស់ក្រុមប្រឆាំងបញ្ជាក់ថា ស្ថាប័នរៀបចំការបោះឆ្នោតនេះសុទ្ធតែជា មនុស្សរបស់ លោក Mugabe ហើយរៀបចំការបោះឆ្នោតគ្រាន់តែបង្គ្រប់អាណត្តិរបស់លោក Mugabe ប៉ុណ្ណោះ។ ដោយសាររឿងនេះ ក្រុមប្រឆាំងបានទាមទារឱ្យ មានការរុះរើស្ថាប័ននេះ ចេញតែ លោក Mugabe មិនយល់ព្រមឡើយ។ ពួកគេថា បើមានការបោះឆ្នោតត្រឹមត្រូវគឺលោក Mugabe នឹងអាចបាត់បង់អំណាចយូរមកហើយ។
អ្វីនាំឱ្យមានការបោះឆ្នោតមិនត្រឹមត្រូវ ?
មានការកត្តាជាច្រើន ដែលស្ថាប័នរៀបចំការបោះឆ្នោត របស់ប្រទេស ហ្ស៊ិមបាវេ ត្រូវបានបក្សប្រឆាំងចោទថា ជាឧបករណ៍នយោបាយ របស់លោក Mugabe គឺ ៖
-បន្លំតួលេខលទ្ធផលបោះឆ្នោត បណ្ដោយឱ្យមានការទិញសន្លឹកឆ្នោត។
-មិនបានជួយទប់ស្កាត់ បញ្ជីឈ្មោះអ្នកបោះឆ្នោតដែល បោះបាន ២ដងយ៉ាងតិច។
-បញ្ជីឈ្មោះបោះឆ្នោត មានឈ្មោះស្ទួនច្រើន។
-មិនអាចទប់ស្កាត់ បានឥទ្ធិពលនយោបាយរបស់លោក Mugabe ចូលពាក់ព័ន្ធកិច្ចការបោះឆ្នោត។
-មិនអាចដោះស្រាយបណ្ដឹងឱ្យមានភាពត្រឹមត្រូវ។
-គ្រប់គ្រងយុទ្ធនាការបោះឆ្នោតមិនបានល្អលំអៀងទៅរកបក្សកាន់អំណាច។
-មិនអាចជួយធ្វើឱ្យមានសេរីភាពសម្ដែងមតិនៅរដូវបោះឆ្នោតឱ្យមានភាពទួលំទូលាយ។
លោ Mugabe ប្រកាសកាន់អំណាចដល់អាយុ១០០ឆ្នាំ
កាលពីខែកុម្ភៈ គឺក្នុងកម្មវិធីរម្លឹកខួបកំណើត ឈានដល់អាយុ ៩៣ឆ្នាំ លោក Mugabe ខ្លួនលោកផ្ទាល់ ប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខជនតំណែងប្រធានាធិបតីមួយអាណត្តិទៀត គឺនៅពេលលោកអាយុ ១០០ឆ្នាំ ទើបលោកនឹងរកពេលចូលនិវត្តន៍។ លោកបញ្ជាក់ថា លោកមិនទាន់ឆ្អែតនឹងការកាន់អំណាចនេះទេ ហើយម្យ៉ាងទៀតពលរដ្ឋ ហ្ស៊ិមបាវេ នៅតែទុកចិត្តលោកធ្វើជាប្រធានាធិបតី។ តែយ៉ាងណាក៏ដោយ លោក Mugabe បានកាន់អំណាចជិត៤០ ឆ្នាំហើយ។ ក្នុងអំណាចរបស់លោក ពលរដ្ឋនៅក្នុងប្រទេស នៅតែប្រឈមនឹងភាពក្រីក្រ ចំណាកស្រុក រងទុក្ខវេទា រងការគាបសង្កត់សេរីភាពគ្រប់បែបយ៉ាង។ អ្នកទោសនយោបាយ និងអ្នកទោសមនសិការកាន់តែមានចំនួនច្រើនឡើងៗ ៕ ប្រភព:Africanews.