ភ្នំពេញ៖ តុលាការក្រុងភ្នំពេញ នៅថ្ងៃទី ២៤ ខែ មីនានេះ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ននាយរងផ្នែកសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៃ ការិយាល័យកម្មសិទ្ធិបញ្ញា(ក៣) នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃគរណីពុករលួយក្នុងការបំពេញការងារ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឲ្យដឹងថា លោក ប៊ុន ធី ជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើឈ្មោះ ហ៊ុយ ហឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ។
ជនសង្ស័យឈ្មោះ ហ៊ុយ ហឿន ត្រូវបានតុលាការចោទពីបទ វិតិក្រម តាមមាត្រា ៥៩២ ៥៩៣ ក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ករណីប្រព្រឹត្តិអំពើពុករលួយនេះ ក៏ជាប់ពាក់ព័ន្ធទៅនិងបុគ្គលម្នាក់ទៀត តែបានរត់គេចខ្លួន ឈ្មោះ ឯម កុសល ដោយតុលាការដាក់ស្ថិតក្រោមការពិនិត្យ។
ការឃុំខ្លួននេះ បន្ទាប់ពី អង្គភាពប្រឆាំងអំពើពុករលួយ ACU បានឃាត់ខ្លួនមន្ត្រីនគរបាល ម្នាក់ បន្ទាប់ពីស្រាវជ្រាវឃើញថា មន្ត្រីរូបនេះ បានដើរទារលុយពីក្រុមហ៊ុន សហគ្រាស។
លោកហ៊ុយ ហឿន នាយរងផ្នែកសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ការិយាល័យកម្មសិទ្ធិបញ្ញានៃក្រសួងមហាផ្ទៃ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួននៅនឹងកន្លែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧៕
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៣ មីនា ឆ្នាំ២០១៧ បានឱ្យដឹងថា លោក ហ៊ុយ ហឿន នាយរងផ្នែកសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ការិយាល័យកម្មសិទ្ធិបញ្ញា(ក៣) នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានដើរទារប្រាក់ពីក្រុមហ៊ុន សហគ្រាស បុគ្គលឯកជនផ្សេងៗនៅរាជធានីភ្នំពេញជាង១០០ទីតាំង ដោយតម្រូវឱ្យបង់ប្រាក់ជាប្រចាំខែ ឬប្រចាំឆ្នាំ ក្នុងតម្លៃចាប់ពី២០០០០រៀល រហូត១០០០ដុល្លារអាមេរិក។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ជននេះ បានប្រព្រឹត្ត អស់រយៈពេលប្រហែល១០ខែ នៅពេលដែលជននេះត្រូវបានចាត់តាំងឱ្យបំពេញការងារនៅរាជធានីភ្នំពេញ៕