ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិបានបន្តរិះគន់រដ្ឋាភិបាលថា គ្មានគោលនយោ បាយគាំទ្រវិស័យកសិកម្មច្បាស់លាស់ ទើបណ្ដាលឲ្យកសិករត្រូវជំពាក់បំណុលធនាគារ វ័ណ្ឌក ហើយចំណាកស្រុក។ ចំណែកអង្គការធ្វើការលើកសិកម្ម យល់ថា បញ្ហាកសិកម្មក៏ជាផ្នែកមួយនៃការចំណាកស្រុករបស់សិករផងដែរ។ តែមន្ដ្រីបក្សកាន់អំណាចចាត់ទុក ការរិះគន់របស់លោក សម រង្ស៊ី គឺជារឿងឥតប្រយោជន៍ និងខុសពីការពិត។
លោក សម រង្ស៊ី ដែលបានលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិកាលពីដើមខែកុម្ភៈ នៅថ្ងៃទី២៣ មីនា បានបង្ហោះវីដេអូឃ្លីបមួយ ដោយរិះគន់ទៅលើការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃថា គោលនយោបាយកសិកម្ម មិនមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការជួយដល់កសិករ ដែលលោកថា នយោបាយបែបនេះបណ្ដាលឲ្យកសិករជាច្រើនធ្វើចំណាកស្រុកទៅក្រៅប្រទេស។
លោកថា ជារឿងគួរឲ្យសោកស្ដាយដែលរដ្ឋាភិបាលសព្វថ្ងៃមិនបានយកចិត្ដទុកដាក់ពិតប្រាកដ ជួយកសិករដែលនាំឲ្យពួកគេជាច្រើនរងការលំបាកយ៉ាងធ្ងន់ធ្ងរក្នុងជីវៈភាពរស់នៅប្រចាំថ្ងៃ ដែលចំណុចនេះលោកសង្កត់ធ្ងន់ថា ពិតជាខុសគ្នាឆ្ងាយពីរដ្ឋាភិបាលរបស់ប្រទេសជាច្រើនលើពិភពលោក។
លោក សម រង្ស៊ី៖«ជាការសោកស្ដាយនៅប្រទេសកម្ពុជា នៅប្រទេសកម្ពុជា យើងឃើញថា រដ្ឋាភិបាលមិនយកចិត្ដទុកដាក់ចំពោះវិស័យកសិកម្មនេះ ឲ្យបានត្រឹមត្រូវឡើយជាពិសេស បណ្ដោយ ឲ្យកសិកររស់នៅយ៉ាងលំបាកបំផុតក្នុងជីវភាពរស់នៅរបស់លោក។»
ការរិះគន់របសលោក សម រង្ស៊ី នៅពេលនេះក៏ស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍កំណត់ឲ្យគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ត្រូវយកការប្រាក់ ១.៨ភាគរយប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដោយតម្រូវឲ្យអនុវត្ដចាប់ពីខែមេសាតទៅ។
តែឆ្លើយតបនឹងការរិះគន់របស់លោក សម រង្ស៊ី នេះដែរលោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍ចំពោះការរិះគន់របស់លោក សម រង្ស៊ី នាពេលនេះនោះទេ ដោយលោកបញ្ជាក់ថា សម្ដីរបស់លោក សម រង្ស៊ី មិនមែនជាការពិត។ ត្រង់ចំណុចនេះអ្នកនាំពាក្យបក្សកាន់អំណាចអះអាងថា រាជរដ្ឋាភិបាលបានធ្វើការងារជាច្រើន ដែលបង្ហាញពីគោលនយោបាយសកម្មភាពគាំទ្រវិស័យកសិកម្ម និងប្រជាកសិករខ្មែរ មានជាអាទិ៍រចនាសម្ព័ន្ធជាច្រើនត្រូវបានរៀបចំ ដូចជាប្រព័ន្ធធារាសាស្ដ្រជាដើម។ លោកបន្ដថា កន្លងមកព្រោះតែកសិកម្មមានការរីកចម្រើន លើសពីសេចក្ដីត្រូវការ ទើបតម្លៃកសិផលមានការចុះថោក។ ជាងនេះលោកសង្កត់ធ្ងន់ដែរថា ការចំណាកស្រុករបស់ពលរដ្ឋ គឺមិនមែនជារឿងអាក្រក់នោះទេ ព្រោះប្រទេសណាក៏មានពលរដ្ឋចំណាកស្រុកដែរ ផ្ទុយទៅវិញគួរតែលើកសរសើររាជរដ្ឋាភិបាលដែលមានគោលនយោបាយការបរទេសត្រឹមត្រូវ ដែលអាចរកទីផ្សារការងារឲ្យពលរដ្ឋបានទៅតាមតម្រូវការ។
លោក សុខ ឥសាន្ដ៖«រឿងចំណាកស្រុកវាមិនមែនជារឿងអាក្រក់ទេវាជារឿងល្អ នេះហើយជាទីផ្សារអន្ដរជាតិ ដែលប្រទេសណាក៏ដោយដែលនៅក្នុងតំបន់ ក៏ដូចនៅលើពិភពលោកហ្នឹង ក៏វាមានចំណាកស្រុកដូចគ្នា មើលតែប្រទេសហ្វីលីពិនមានជនស្រុកទៅ១០លាននាក់ទៅហើយ យើងត្រឹម១លាននាក់ហ្នឹងយើងទៅថ្នាំងថ្នាក់អី។»
ចំណែកនាយកប្រតិបត្ដិ មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជា ហៅកាត់ថា CEDAC លោក សម វិទូ យល់ឃើញថា រដ្ឋគឺជាស្ថាប័នទីមួយដែលត្រូវធានានូវទីផ្សារតម្លៃកសិកម្មរបស់កសិករ ផ្ដល់ចំណេះ និងជំនាញផ្សេងៗ។ លោកបន្ដថា បើមានត្រឹមតែប្រព័ន្ធធារាសាស្ដ្រ ហើយគ្មានមន្ដ្រីជំនាញផ្នែកកសិកម្មចុះទៅដល់មូលដ្ឋាន ដើម្បីប្រឹក្សាយោបល់ជាមួយកសិករពីបញ្ហាកសិកម្មរបស់ពួកគាត់គឺមិនគ្រប់គ្រាន់នោះទេ។ លោកបន្ដថា ដើម្បីឲ្យមានមន្ដ្រីជំនាញអាចចុះទៅជួបពលរដ្ឋដល់មូលដ្ឋានបាន រដ្ឋត្រូវតែបន្ថែមថវិកាជាតិទៅក្រសួងកសិកម្ម ដែលកន្លងមកលោកមើលឃើញថា រដ្ឋបានផ្ដល់ថវិកាតិចតូចប៉ុណ្ណោះទៅក្រសួងនេះ។
លោក សម វិទូ៖«រដ្ឋាភិបាលគួរតែជំរុញឲ្យមានការ ផ្ដល់សេវាកម្មផ្ទាល់ទៅដល់សហគមន៍ ត្រូវមានបុគ្គលិកធ្វើការផ្សព្វផ្សាយផ្ទាល់ដល់សហគមន៍ ប៉ុន្ដែមិនមែនចាំបាច់តែបុគ្គលិករប់សរដ្ឋទេ គាំទ្រឲ្យបុគ្គលិកក្រុមហ៊ុន ឬអង្គការមិនមែនរដ្ឋាភិបាលធ្វើការ តែធ្វើយ៉ាងណាឲ្យស្ថាប័នទាំងនោះធ្វើការជាមួយគ្នាដោយល្អ ផ្ដល់សេវាកម្មល្អដល់សហគមន៍។»
កាលពីចុងឆ្នាំ២០១៦ កសិករនៃខេត្ដបាត់ដំបងបានយកស្រូវទាំងតោនៗ មកចាក់គរលើផ្លូវដោយប្រាប់ទៅរដ្ឋាភិបាលថា ស្រូវរបស់ពួកគេមិនមានទីផ្សារហើយឈ្មួញបញ្ចុះតម្លៃយ៉ាងខ្លាំង បណ្ដាលឲ្យកសិករទាំងនោះត្អួញត្អែថា ធ្លាក់ខ្លួនជំពាក់បំណុលធនាគារ ហើយឲ្យកូនចៅចាប់ផ្ដើមចំណាកស្រុកទៅប្រទេសថៃ ដើម្បីជួយរកប្រាក់ដោះបំណុល៕