ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឆ្លើយតបទៅនឹងការរិះគន់របស់អង្គការសង្គមស៊ីវិលអំពីសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ។
ការឆ្លើយតបធ្វើឡើងបន្ទាប់ពីក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួនបីដែលវាយប្រហារថាសេចក្តីព្រាងច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរដល់ក្រុមកម្មករនិងសកម្មជនផ្សេងទៀត។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងការពារសេចក្តីព្រាងច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមាសំរាប់កម្មករថាគឺជាសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឲ្យមានលំហូរការងារក្នុងបណ្តារោងចក្រកាន់តែប្រសើរ។
ការថ្លែងការពារនេះធ្វើឡើងពីរថ្ងៃប៉ុណ្ណោះក្រោយពីអង្គការសង្គមស៊ីវិលចំនួនបីបានរិះគន់ធ្ងន់ៗថាសេចក្តីព្រាងច្បាប់នេះនឹងបង្កឲ្យមានការបំពានសិទ្ធិសេរីភាពជាច្រើន។
លោក ហេង សួរ មានប្រសាសន៍ក្រៅសិក្ខាសាលាមួយនៅទីស្តីការក្រសួងការងារនៅថ្ងៃសុក្រ ទី២៤ ខែមិនា នេះថាសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការទាំងនេះគឺជាការវិនិច្ឆ័យលឿនពេក។
លោកបញ្ជក់ថាសេចក្តីព្រាងច្បាប់នេះមិនត្រឹមតែមិនធ្វើឲ្យមានការរឹតត្បិតលើក្រុមកម្មករឬសកម្មជនតំណាងនានានោះទេ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនឹងបង្កឲ្យមានបរិយាកាសការងារកាន់តែប្រសើរ។ «ខ្ញុំគិតថាគាត់ហាក់បីដូចជាលឿនពេកនៅក្នុងការវិភាគទៅលើសេចក្តីព្រាងច្បាប់នេះដែលយើងមិនទាន់ដាក់ចេញជាសេចក្តីព្រាងច្បាប់ផ្លូវការនៅទ្បើយទេ អញ្ចឹងខ្ញុំគិតថាគួរតែរង់ចាំយើងធ្វើសិក្ខាសាលាសាធារណៈផ្លូវការនៅក្នុងអំទ្បុថ្ងៃទី២០ជាង ខែ ៤ ប្រហែលជាយើងហ្នឹងទទួលបានធាតុចូលផ្សេងទៀត »។
នៅក្នុងពេលនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងបន្តរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាសំរាប់កម្មករនេះមុននឹងបញ្ជូនទៅកាន់ទីស្តីការគណរដ្ឋមន្ត្រីពិនិត្យនិងអនុម័ត។
កាលពីថ្ងៃទី២២ខែមិនា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សហភាពសហជីពអន្តរជាតិ មជ្ឈមណ្ឌលសាមគ្គីភាព ចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបានរិះគន់ធ្ងន់ៗលើសេចក្តីព្រាងច្បាប់នេះដោយបានហៅសេចក្តីព្រាងច្បាប់នេះថាអាចនឹងក្លាយជាឧបករណ៍រឹតបន្តឹងច្រើនលើសកម្មភាពសហជីព កម្មករនិយោជិត អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ។
ក្រុមអង្គការទាំងបីបានលើកឡើងថាខ្លួនស្វាគមន៍ការបង្កើតច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាជាលើកដំបូង សម្រាប់កម្មករនិយោជិត នេះ។ ក៏ប៉ុន្តែកក្រុមអង្គការទាំងនេះព្រួយបារម្ភថាបញ្ញត្តិមួយចំនួនដែលមានការរឹតត្បិតនៅក្នុងសេចក្តីព្រាងច្បាប់បង្កជាការគំរាមកំហែងលើសេរីភាពមូលដ្ឋាននៃការបញ្ចេញមតិខាងសមាគម និងការជួបជុំ។
ចំណែកប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា គាំទ្រការបង្កើតច្បាប់នេះ។ ប៉ុន្តែលោកចង់ឃើញច្បាប់នេះត្រូវមានតម្លាភាព និងគោរពសិទ្ធិមនុស្ស។ «សូមថាច្បាប់ឱ្យបង្កើតទ្បើងឱ្យវាមានលក្ខណៈមួយមានលក្ខណៈតម្លាភាពនឹងគាំពារទៅដល់សិទ្ធិបុគ្គលគ្រប់រូបមិនមែនយើងតាក់តែងច្បាប់ដើម្បីមានការរឹតត្បិតក៏ដូចជាមានការដាក់គម្លាតមិនឱ្យមានការនិយាយស្តីជាដើម»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថាសេចក្តីព្រាងច្បាប់ស្តីប្រាក់ឈ្នួលកម្មករអប្បបរមានេះនឹងត្រូវដាក់ឲ្យពិភាក្សានៅក្នុងសិក្ខាសាលាជាសាធារណៈនៅខែមេសាខាមុខនេះ។
សូមជម្រាបថាក្រោយការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣ កន្លងមកនេះ ក្រុមកម្មកររោងចក្រជាច្រើនពាន់នាក់បានតវ៉ាទាមទារតម្លើងប្រាក់ ខែឲ្យបានដល់ចំនួន ១៦០ដុល្លារក្នុងមួយខែ ប៉ុន្តែក្រោយមកពួកគេត្រូវបានក្រុមសមត្ថកិច្ចបង្ក្រាប។ ការបង្ក្រាបនោះបណ្តាលឲ្យកម្មករ៤នាក់ត្រូវបាញ់សម្លាប់ និងកម្មករម្នាក់បាត់ខ្លួនរហូតមកទល់ពេលនេះនិងមនុស្សចំនួន ៤០នាក់រងរបួស៕