ភ្នំពេញ៖ អតីតប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកនិង បច្ចុប្បន្នជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសុំតុលាការនៅក្រៅមន្ទីរឃុំឃាំងជាបណ្តោះអាសន្ន។ ការស្នើសុំដោយសារលោកមានជំងឺច្រើនមុខជាប់នឹងខ្លួន។
អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) លោក នី ចរិយា បានស្នើសុំដល់តុលាការកំពូលអនុញ្ញាតិឲ្យរូបលោកស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នដោយសារលោកមានបញ្ហាសុខភាពទ្រុឌទ្រោមយ៉ាងច្រើន។
នៅក្នុងសវនាការករណីបណ្តឹងសុំនៅក្រៅឃុំរយៈពេលជាមួយម៉ោងនៅថ្ងៃសុក្រទី២៤មិនានេះ លោកនី ចរិយា ប្រាប់ចៅក្រមតុលាការកំពូលថា លោកកំពុងមានជំងឺបេះដូង ជំងឺក្រពះ និងជំងឺពោះវៀន។
អតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរង គជប រូបនេះ បានសន្យាបង់ប្រាក់ធានានិងលិខិតឆ្លងដែន ព្រមទាំងសន្យាថានឹងចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តុលាការ។
លោកនី ចរិយា ត្រូវចាប់ឃាត់ខ្លួននិងឃុំខ្លួនក្រោមបទចោទប្រកាន់ថាបានសមគំនិតសូកប៉ាន់សក្សី ក្នុងករណីសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ មន្ត្រីសមាគមអាដហុកចំនួនបីនាក់ផ្សេងទៀតក៏ត្រូវចាប់ខ្លួនក្នុងសំណុំរឿងដូចគ្នានេះដែរ។ សកម្មជនសិទ្ធិមនុស្សនិងមន្ត្រី គជប ទាំងនេះត្រូវឃុំខ្លួនអស់រយៈពេល១១ខែមកហើយ។
មេធាវីការពារក្តីឲ្យលោក នី ចរិយា គឺ លោក សំ សុគង់ បានប្រាប់អ្នករាយការណ៍ព័ត៌មាន បន្ទាប់ពីចប់សនវការថា ប្រធានចៅក្រមនៃតុលាការកំពូល លោក ឃឹម ប៉ុន បានសម្រេចពន្យាពេលប្រកាសសវនាការករណីបណ្តឹងសុំនៅក្រៅឃុំ នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៧។
លោកមេធាវីសង្ឃឹមថា ចៅក្រមនឹងអាចឲ្យកូនក្តីលោកនៅក្រៅឃុំ ដោយសារកូនក្តីរបស់លោកមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលចាំបាច់ត្រូវទទួលការព្យាបាលជំងឺនៅក្រៅពន្ធនាគារ។«ខ្ញុំសង្ឈឹមថាឯកឧត្តមប្រធានក្រុមប្រឹក្សាជំនុំជម្រះនឹងពិចារណាយ៉ាងល្អិតល្អន់អំពីបញ្ហាផ្លូវច្បាប់ក៏ដូចភស្តុតាំង ហើយសម្រេចឲ្យកូនក្តីរបស់ខ្ញុំបាទនៅក្រៅឃុំបណ្តោះអាសន្ន។»
សូមបញ្ជាក់ថានៅក្នុងសវនាការស្តីពីបណ្តឹងសារទុក្ខសុំនៅក្រៅឃុំករណីលោកនី ចរិយា នៅព្រឹកមិញនេះ តុលាការកំពូលមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានអាចថតរូប ឬថតវីឌីអូ និង សម្ភាសន៍ជនជាប់ចោទ ដូចកាលពីករណីមុនៗឡើយ។
កងកម្លាំងប្រដាប់អាវុធជាច្រើនត្រូវបានដាក់ពង្រាយ នៅមុខតុលាការកំពូលផងដែរ៕