ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលាដំបូងសម្រេចបំបែកសំណុំរឿងជាពីរ ដោយស៊ើបអង្គេតទៅលើជន សង្ស័យចំនួនពីរនាក់ផ្សេងទៀត ដែលជាដៃជើងជាមួយជួបលោកសម្លាប់ ក្នុងករណីឃាតកម្មលោកបណ្ឌិត កែម ឡី។
ការសម្រេចនេះ បន្ទាប់ពីមេធាវីការ ពារក្តី ជួបសម្លាប់ បានប្រាប់អ្នកសារព័ត៌មានថា លោកធ្លាប់ស្នើតុលាការឱ្យបំបែករឿងក្តីនេះ ព្រោះករណីនេះនៅមានជនសង្ស័យពីររូបទៀត ជាប់ពាក់ព័ន្ធការសម្លាប់លោកបណ្ឌិត កែម ឡី។តែអ្នកសង្កេតការណ៍នៅតែមិនមានជំនឿ។
លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តបនឹងសំនួររបស់អ្នកសារព័ត៌មានតាមបណ្តេញតេឡេក្រមកាលពីថ្ងៃទី ២៣ មីនាថា សំណុំរឿងករណីឃាតកម្មលោកបណ្ឌិតកែមឡី តុលាការសម្រេចបំបែកដើម្បីស៊ើបអង្កេតបន្ត។ លោកបន្តថា រឿងនេះអាចមានប្រយោជន៍ក្នុងដំណើររឿងក្ដី។
ករណីឃាតកម្មលើ អ្នកវិភាគល្បីល្បាញនេះ លោកជួបសម្លាប់ដែលគេស្គាល់ឈ្មោះថា អឿត អាង ត្រូវបានតុលាការរាជធានីភ្នំពេញផ្ដន្ទាទោសអស់មួយជីវិត។
បើទោះបីអ្នកនាំពាក្យសាលាដំបូងមិនបានបញ្ជាក់ពីឈ្មោះជនសង្ស័យដែលត្រួវស៊ើបអង្កេតនេះក៏ដោយ ប៉ុន្តែ មេធាវីការពារក្តីឱ្យខ្មាន់កាំភ្លើងរូបនេះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា នៅក្នុងករណីឃាតកម្មនេះនៅជនសង្ស័យពីររូបទៀត។
លោកមេធាវី យុង ផានិត បញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់នោះ ម្នាក់ជាអ្នកទិញកាំភ្លើងខ្លីឱ្យជួបសម្លាប់ និងមួយរូបទៀត គឺជាអ្នកដឹកជួបសម្លាប់មកជួបបណ្ឌិត កែម ឡី នៅថ្ងៃកើតហេតុ។ តាមការបញ្ជាក់ពីលោកមេធាវី ជនសង្ស័យទាំងពីរនាក់នោះម្នាក់មានឈ្មោះ ពូលិស និងម្នាក់ទៀតឈ្មោះ ចក់។តែបែបនេះក្ដីនាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធមនុស្ស (Central) លោក មឿន តុលា មិនមានជំនឿថា តុលាការអាចរកភាពយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះបានឡើយ បើទោះ បីតុលាការបើកការស៊ើបអង្កេតជនសង្ស័យពីរនាក់បន្ថែមក៏ដោយ ។
លោកបន្តថា ជនសង្ស័យទាំងពីរនាក់នេះ ទំនងមិនអាចរកឃើញនោះទេ ព្រោះករណីឃាតកម្មធំៗពាក់ព័ន្ធនឹងរឿងរសើបរបស់រដ្ឋាភិបាលសមត្ថ កិច្ចមិនដែលរកឃើញនោះទេ។ លោក មឿន តុលា៖«បញ្ចេញរឿងពីរហ្នឹងទៅ ដើម្បីគ្រាន់តែឱ្យមហាជនហ្នឹង គឺរៀងស្ងប់អារម្មណ៍តិចទៅ តែនីតិ វិធីនៃការស៊ើបអង្កេតរកពីរនាក់ហ្នឹងទៀត យើងឃើញករណី ជា វិជ្ជា ករណី រស់ សុវណ្ណារ៉េត ករណី ទូច សូនិក អីហ្នឹងសមត្ថកិច្ចតែងលើជាហេតុ ផលថា កំពុងស៊ើបអង្កេត រហូតដល់ជាង១០ឆ្នាំ ក៏កំពុងស៊ើបអង្កេតដែរ»។
ករណីលោក កែម ឡី នេះដែរ មានអង្គការអន្តរជាតិធំចំនួន ៣ និង សង្គមស៊ីវិលកម្ពុជាជាង ៦០ មិនបានទទួលស្គាល់សាលក្រមប្រឆាំងលោកជួបសម្លាប់នោះទេ។ អង្គការអន្តរជាតិទាំង ៣ នេះមានគណកម្មាការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists (ICJ) អង្គការលើក លែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ។
ទាំងអង្គការនៅកម្ពុជា និងអង្គការអន្តរជាតិ បញ្ជាក់ថា សាលក្រមផ្តន្ទាទោសជួបសម្លាប់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត គឺកាន់តែបង្កភាពអយុត្តិ ធម៌ដល់ក្រុមគ្រួសារជនរងគ្រោះទៅវិញទេ។ អយុត្តិធម៌ ក៏ព្រោះតែដំណើរការស៊ើបអង្កេតករណីនេះ ហាក់មានកង្វក់ខ្វះលើទិដ្ឋភាពសំខាន់ៗជាច្រើន។
សេចក្តីថ្លែងការណ៍ដដែលសង្កាត់ធ្ងន់ថា ដើម្បីឱ្យក្រុមគ្រួសារជនរងគ្រោះទទួលបានភាពយុត្តិធម៌ លុះត្រាមានការស៊ើបអង្កេតមួយប្រកបដោយភាពឯករាជ្យ មិនលំអៀង និងប្រកបដោយប្រសិទ្ធិភាព ដើម្បីកំណត់រកជនផ្សេងដែលមានជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនេះ។
មជ្ឈដ្ឋានមួយចំនួនថា រដ្ឋាភិបាលអាចនៅពីក្រោយនៃឃាតកម្មនេះ។ យ៉ាងណាមនុស្សចំនួន ៣ នាក់ក្នុងរួមមានលោក សម រង្ស៊ី លោក គឹម សុខ និងលោកស្រី ថាក់ ឡានី ត្រូវបានជាប់បណ្តឹងទៅតុលាការ ករណីបានធ្វើការអត្ថាធិប្បាយថា មានការរៀបចំកម្រិតរដ្ឋឱ្យមានការសម្លាប់លោកបណ្ឌិត កែម ឡី។
លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករឈ្មោះ អឿត អាង ហៅជួបសម្លាប់ បានបាញ់សម្លាប់នៅក្នុងស្តារម៉ាតនៃស្ថានីយិ៍ចាក់សាំងកាលទិច ក្បែរភ្លើងស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ កក្តដា ឆ្នាំ ២០១៦ បន្ទាប់ពីលោកបានធ្វើការវិភាគលើរបាយការណ៍របស់អង្គការ គ្លបល វិនេស (Global Witness) ដែលបានបកអាក្រាតលើជំនួញគ្រួសារត្រកូលហ៊ុន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕