ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានឃាត់ខ្លួនមន្ត្រីនគរបាល ម្នាក់ បន្ទាប់ពីស្រាវជ្រាវឃើញថា មន្ត្រីរូបនោះបានដើរទារលុយពីក្រុមហ៊ុន សហគ្រាស។
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៣ មីនា ឆ្នាំ២០១៧ បានឱ្យដឹងថា លោក ហ៊ុយ ហឿន នាយរងផ្នែកសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ការិយាល័យកម្មសិទ្ធិបញ្ញា (ក៣) នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានដើរទារប្រាក់ពីក្រុមហ៊ុន សហគ្រាស បុគ្គលឯកជនផ្សេងៗនៅរាជធានីភ្នំពេញជាង ១០០ទីតាំង ដោយតម្រូវឱ្យបង់ប្រាក់ជាប្រចាំខែ ឬប្រចាំឆ្នាំ ក្នុងតម្លៃចាប់ពី២០០០០រៀល រហូត១០០០ដុល្លារអាមេរិក។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ជននេះ បានប្រព្រឹត្ត អស់រយៈពេលប្រហែល ១០ខែ នៅពេលដែលជននេះត្រូវបានចាត់តាំងឱ្យបំពេញការងារនៅរាជធានីភ្នំពេញ។ លោកហ៊ុយ ហឿន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួននៅនឹងកន្លែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ហើយបញ្ជូនទៅកាន់តុលាការ។ អង្គភាពប្រឆាំងអំពើពុករលួយ បានបន្តថា ករណីនេះ ពាក់ព័ន្ធនឹងបទល្មើសវិតិក្រម ដែលបានទាមទារប្រាក់ ដែលច្បាប់មិនអនុញ្ញាត ហើយធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កិត្យានុភាពរបស់ស្ថាប័នជាតិជាពិសេសក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។ ក្នុងករណីនេះ ឈ្មោះឯម កុសល ឋានន្តរសក្តិវរនីយ៍ទោ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានចូលរួមក្នុងសកម្មភាពទារប្រាក់នេះផងដែរ៕