ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឆ្លើយតបយ៉ាងខ្លាំងនៅថ្ងៃទី២៣ មីនា ចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលថា មានប្រភេទថ្នាំប៉ារ៉ាសេតាម៉ុល កំពុងចរាចរក្នុងប្រទេសកម្ពុជាដែលផ្ទុកដោយមេរោគយ៉ាងគ្រោះថ្នាក់។ ក្រុមមន្ត្រីរបស់ក្រសួងនេះបានពន្យល់បន្តបន្ទាប់គ្នាថា ពុំមានថ្នាំប្រភេទនោះក្នុងទីផ្សារកម្ពុជានោះទេ។ យ៉ាងណាក្រុមមន្ត្រីបញ្ជាក់ថា នេះគឺជាការផ្សព្វផ្សាយ និងចែករំលែកតគ្នារបស់ប្រជាពលរដ្ឋនោះទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាលោក លោក ម៉ម ប៊ុនហេង បានប្រកាសនៅថ្ងៃទី២៣ មីនាថា មិនមានថ្នាំប៉ារ៉ាសេតាម៉ុល ប្រភេទ P-500 ដ៏មានគ្រោះថ្នាក់កំពុងចរាចរនៅលើទីផ្សារកម្ពុជានោះទេ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយ និងចែករំលែកតៗគ្នាថាមានថ្នាំប៉ារ៉ាសេតាម៉ុល ប្រភេទP-500 នេះលក់ក្នុងទីផ្សារកម្ពុជាហើយថ្នាំប្រភេទនេះមានពណ៌សភ្លឺជាងថ្នាំប៉ារ៉ាសេតាម៉ុលធម្មតា។ហើយថ្នាំនេះមានបង្កប់ដោយមេរោគម៉ាជូប៉ូ(Machupo)។
បើតាមអ្នកជំនាញវេជ្ជសាស្ត្រ មេរោគម៉ាជូប៉ូ ដែលមាននៅក្នុងសត្វមួយចំនួនដូចជាសត្វកណ្តុរ ទន្សាយនិងប្រភេទសត្វកកេរមួយចំនួនទៀត។ ហើយមេរោគនោះអាចបង្កឲ្យកើតជំងឺគ្រុនឈាមនិងអាចបង្កឲ្យអ្នកឆ្លងជំងឺនោះស្លាប់បាន។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បញ្ជាក់ថាក្រសួងសុខាភិបាលបានតាមដានព័ត៌មានអំពីវត្តមាននៃប្រភេទថ្នាំប៉ារ៉ាសេតាម៉ុលនេះក្នុងប្រទេសយ៉ាងដិតដល់ ហើយក្រសួងបានរកឃើញថាមិនមានថ្នាំប្រភេទនេះនៅក្នុងទីផ្សារនោះទេ។
នៅក្នុងថ្ងៃដដែលនេះដែរ គណៈឱសថការីថាមិនមានថ្នាំប៉ារ៉ាសេតាម៉ុល ផ្ទុកមេរោគទេគណៈឱសថការី នៃក្រសួងសុខាភិបាល ក៏បានប្រកាសថាមិនមានថ្នាំប្រភេទប៉ារ៉ាសេតាម៉ុល P-500 ដែលមានផ្ទុកមេរោគអេដស៍នោះទេ។ ថ្នាំប៉ារ៉ាសេតាម៉ុលគឺជាប្រភេទឱសថសំរាប់បំបាត់ការឈឺចាប់និងបញ្ចុះកំដៅ។
គណៈឱសថការី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ថ្នាំ paracetamol P-500 នេះ ជាឱសថដែលពុំបានចុះបញ្ជីកានៅក្រសួងសុខា ភិបាលទេ។ ហើយវាក៏ពុំមានចរាចរណ៏នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជានោះដែរ។
នៅថ្ងៃជាមួយគ្នានេះដែរ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (cdc)បានសេសរលើហ្វេសប៊ុក ពន្យល់អំពីមេរោគ Machupo ថា វាជាប្រភេទមេរោគវីរុស ដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម ហើយគេរកឃើញជំងឺនេះកើតមានក្នុងប្រទេស Bolivia ដែលជាប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងតែមួយគត់និង ពុំមានមេរោគនេះនៅក្នុងតំបន់អាស៊ីយើងទេ ។
ប្រភពដ៏ដែលបានបង្ហាញថា មេរោគ Machupo គេរកឃើញមានផ្ទុកនៅ ក្នុងទឹកនោម លាមក ជំពូកសត្វកកេរ ដូចជាកណ្តុរ ទន្សាយ កំប្រុក ជាដើម។ មេរោគនេះអាចចំលងមកមនុស្សតាមរយៈការប៉ះពាល់ ទឹកនោម លាមក ទឹកសរីរាង្គផ្សេងទៀតរបស់សត្វកកេរដែលមានផ្ទុកមេរោគ Machupa ហើយជួនកាលក៏អាចឆ្លងតាមខ្យល់ និងចំណីអាហារដែលមានផ្ទុកមេរោគបានដែរ ។
បន្ថែមពីនោះទៀតមេរោគ Machupo មិនអាចរស់នៅក្នុងកន្លែងស្ងួតបានទេ ដូចជាម្សៅស្ងួត ឫក៏គ្រាប់ថ្នាំជាដើម៕