en     km
en     km

តុលាការ​ផ្តន្ទាទោស​ជួប​សម្លាប់​ជាប់គុក​មួយ​ជីវិត​តែ​ពលរដ្ឋ​ចោទសួរ​ថា​តើ​អ្នកបញ្ជា​ឱ្យ​បាញ​សម្លាប់​នៅឯណា​?​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៣​ មីនា​នេះ​ បាន​ផ​ន្ទា​ទោស​ ឈ្មោះ​ អឿ​ត​ អាង​ ហៅ​ជួប​សម្លាប់​ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ករណី​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​ តែ​ពលរដ្ឋ​ដែល​តាមដាន​រឿង​នេះ​ បាន​ប្រាប់​វិ​ទ្យ​ស្ត្រី​ថា​ ទោសទណ្ឌ​ដែល​ជួប​សម្លាប់​បាន​ទទួល​នេះ​សមរម្យ​ តែ​ចង់ឱ្យ​តុលាការ​វែកមុខ​រក​អ្នកបញ្ជា​មក​ផ្ដន្ទាទោស​។​យ៉ាងណា​មេធាវី​លោក​ជួប​សម្លាប់​ ថា​អាច​មាន​អ្នក​ពាក់ព័ន្ធ​ពីរ​នាក់​ទៀត​ក្នុង​រឿង​នេះ​។​

លោក អឿត អាង ហៅ ជួប សម្លាប់
លោក អឿត អាង ហៅ ជួប សម្លាប់

​ក្នុង​បន្ទាប់​សវនាការ​សាល​ទី​១​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចៅក្រម​លោក​ លាង​ សំណាត់​ បាន​ប្រើ​ពេល​ប្រមាណ​ ៣០​នាទី​ ដើម្បី​អាន​សំអាង​ហេតុ​ និង​ប្រកាស​សាលក្រម​លើ​ឈ្មោះ​ អឿ​ត​ អាង​ ហៅ​ជួប​សម្លាប់​ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ប្រព្រឹត្ត​លើ​លោក​បណ្ឌិត​ កែម​ ឡី​។​

ជនជាប់ចោទ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អ្នកទោស​ពណ៌​ស្លា​ទុំ​ ឈរ​ក្នុង​រង្វង់​ក្រចកសេះ​ ជួប​សម្លាប់​មិន​បាន​បញ្ចេញ​ប្រតិកម្ម​តប​អ្វី​នោះ​ទេ​ ពេល​ចៅ ក្រម​ប្រកាស​ឱ្យ​ខ្លួន​ជាប់គុក​មួយ​ជីវិត​។​

ចំណែក​មេធាវី​ការពារ​ក្តី​ឱ្យ​ ជួប​ សម្លាប់​ លោក​ យុង​ ផានិត​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​ហាក់​ខកចិត្ត​បន្តិច​ព្រោះ​តុលាការ​មិន​បាន​បន្ធូរ​បន្ថយទោស​កូនក្ដី​ខ្លួន​។​

លោក​មេធាវី​បញ្ជាក់​ថា​ការ​ពិត​លោក​ធ្លាប់​បាន​ស្នើ​ដល់​តុលាការ​ឱ្យ​បំបែក​រឿង​នេះ​ជា​ពីរ​ ព្រោះ​នៅ​មាន​ជនសង្ស័យ​ពីរ​រូប​ទៀត​ គឺ​ឈ្មោះ​ ប៉ូ​លិ​ល​ និង​ឈ្មោះ​ចក់​ មិន​ទាន់​នាំ​មក​សាកសួរ​ ដែល​អ្នក​ទាំង​ពីរ​ម្នាក់​ជា​អ្នកទិញ​អាវុធ​ឱ្យ​ជួប​សម្លាប់​ និង​ម្នាក់​ទៀត​ជា​អ្នក​នាំ​ជួប​សម្លាប់​ឱ្យ​ជួប​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃ​ប្រព្រឹត្ត​។​ លោក​ យុង​ ផានិត​៖«​ យើង​ឃើញ​ថា​ សំនុំរឿង​នេះ​អ្នក​ទាំង​ពីរ​ហ្នឹង​[​ប៉ូ​លិ​ល​ និង​ ចក់​]​ មិន​ទាន់​មាន​ចម្លើយ​អ្វី​ទាំងអស់​ វា​ហាក់ដូច​សាវតា​ជាតិ​អត់​គ្រប់គ្រាន់​។​ អ​ញ្ចឹ​ង​យល់​ឃើញ​ថា​ការ​បំបែកសំនុំរឿង​ គឺជា​នីតិវិធី​មួយ​សម្រាប់​ធ្វើការ​ស៊ើបអង្កេត​អ្នក​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​។​»

លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​អ្នក​ហ៊ាន​វិភាគ​បញ្ហា​ចំៗ​លើ​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។​ លោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​ស្តារ​ម៉ាត​ក្បែរ​ស្តុ​ប​បូកគោ​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១០​ ក​ក្ត​ដា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​លោក​បាន​ធ្វើការ​វិភាគ​លើ​របាយ ការណ៍​របស់​ គ្ល​ប​ល​ វិ​នេស​ (Global​ Witness)​  ដែល​បាន​បកអាក្រាត​លើ​ជំនួញ​គ្រួសារ​ត្រកូល​ហ៊ុន​ របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។

ក្នុងអំឡុងពេល​ធ្វើ​ពិធី​បុណ្យសព​ និង​ពិធី​ដង្ហែរ​សព​លោក​បណ្ឌិត​ កែម​ ឡី​ មន្ត្រី​ទូត​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​  និង​ពលរដ្ឋ​រាប់​សែន​នាក់​ បាន​មក​ចូលរួម​រំលែក​ទុក្ខ​នៃ​ក្រុម​គ្រួសារ​សព​ និង​បាន​ចូល​ដង្ហែ​សព​យ៉ាងច្រើន​កុះករ​ទៅ​បញ្ចុះសព​លោក​នៅ​ស្រុក​កំណើត​នៅ​ឯ​ខេត្តតាកែវ​។​

​អារម្មណ៍​ពលរដ្ឋ​នៅ​ពេល​ដឹង​ថា​លោក​ជួប​សម្លាប់​ត្រូវ​បាន​ផ្ដន្ទាទោស​មួយ​ជីវិត

រូបភាពពិធីដង្ហែរសពលោកបណ្ឌិត កែម ឡី។
រូបភាពពិធីដង្ហែរសពលោកបណ្ឌិត កែម ឡី។
ស្រប​ពេល​នេះ​ពលរដ្ឋ​ជា​ច្រើន​ រូប​ដែល​ តាមដាន​ សំណុំរឿង​នេះ​  និយាយ​ថា​ ពួក​គាត់​សោកស្ដាយ​ ដែល​ អ្នកបញ្ជា​ បាញ​សម្លាប់​ មិន​បាន​ទទួល ទោស​ ។​ អ្នក​រត់​ម៉ូតូ​សណ្តោងរ​ម៉ុង​ ឬ​តុ​កតុក​ លោក​ ហម​ សុវណ្ណ​ យល់​ឃើញ​ថា​ សាលក្រម​នេះ​ ត្រឹមត្រូវ​ហើយ​ តែ​លោក​  ហាក់​អាក់អន់ចិត្ត​បន្តិច​ ព្រោះ​ជនសង្ស័យ​ផ្សេង​ទៀត​ និង​អ្នកបញ្ជា​ពីក្រោយ​រឿង​នេះ​ នៅ​មិន​ទាន់​អាច​រក​ឃើញ​នៅឡើយ​។​ ​លោក​ ហម​ សុវណ្ណ​៖«​នៅ​តែ​មិន​ទាន់​អស់ចិត្ត​ វា​អត់​អាច​ថា​មាន​តែ​មនុស្ស​តែ​ម្នាក់​ទេ​ វា​អាច​មាន​សាខា​ច្រើន​ណាស់​ វា​មិនមែន​តែ​ម្នាក់​មក​អាច​ធ្វើ​បាន​ទេ​»​។​

​ចំណែក​លោក​ កែវ​ ផល្លា​ អ្នក​រត់​តុ​កតុក​មួយ​រូប​ទៀត​លើក​ឡើង​ថា​ សាលក្រម​នេះ​មិន​បាន​ផ្តល់​ភាព​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នោះ​ទេ​។​

​លោក​បន្ត​ថា​ វី​ដេ​អូ​ ដែល​បាន​បង្ហោះ​ជា​សាធារណ​លើ​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គឺ​មិន​ស៊ីចង្វាក់​គ្នា​និង​ការ​ប្រព្រឹត្ត​របស់​ ជួប​សម្លាប់​ នោះ​ទេ​។​លោក​ កែវ​ ផល្លា​៖​ «​ខ្ញុំ​មើល​តាម​វី​ដេ​អូ​ គឺ​បាញ់​ហើយ​ គាត់​រត់​ចេញ​មក​ ប៉ូលិស​ជិះ​ម៉ូតូ​តាម​ទៅ​កៀក​ឈប់​មក​តិច​ទៅ​ ហើយរ​ត់ទៅ​ទៀត​ បាន​ប៉ូលិស​មក​ចាប់​ហើយ​យក​ម៉ូតូ​មក​ដឹក​អាច​អ្នក​ប្រព្រឹត្ត​មក​កន្លែង​វិញ​ អ​ញ្ចឹ​ង​បាន​សេចក្តី​ថា​ អ្នក​ហ្នឹង​គេ​រៀបចំ​រួច​ទៅ​ហើយ​»​។​

លោក​ ជិន​ សុ​ផា​ជា​និស្សិត​មួយ​រូប​  មិន​ជឿ​ថា​ ជន​ដៃដល់​អាច​សម្លាប់​លោក​ កែម​ ឡី​ ក្រោម​ហេតុផល​ត្រៀម​តែ​ជំពាក់​ប្រាប់​ ៣​ ពាន់​ដុល្លារ​នោះ​ទេ​ ។​ ​លោក​សុំ​ឱ្យ​តុលាការ​ស្វែងរក​ឃាតករ​ពិត​ដែល​ប្រព្រឹត្ត​លើ​ លោក​បណ្ឌិត​ កែម​ ឡី​។​ ​លោក​ ជិន​ សុ​ផា​៖«​សូម​សំណុំ​ឱ្យ​តុលាការ​ខ្មែរ​យើង​ស្វែងរក​ជន​ដៃដល់​ដែល​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ព្រោះ​ខ្ញុំ​ជឿ​ថា​ មិនមែន​ ជួប​ សម្លាប់​ហ្នឹង​ទៅ​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ដោយសារ​ជំពាក់​លុយ​៣​ ពាន់​ដុល្លារ​នោះ​ទេ​។​»

​អឿ​ត​ អាង​ ហៅ​ជួប​សម្លាប់​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ក្រោម​បទ​ចោទ​ឃាត​ កម្ម​គិត​ទុកជា​មុន​ នៃ​មាត្រា​២០០​ និង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា​ ៤៩០​ នៃ​ក្រមព្រហ្មទណ្ឌ​។​ ជួប​សម្លាប់​តែងតែ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ មែន​។​

​ស្រប​ពេល​នេះ​ដែរ​ លោក​ សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឱ្យ​តុលាការ​ផ្អាក​ការ​ចេញ​សាលក្រម​នេះ​ ដោយសារ​តែ​ក្រុម ហ៊ុន​ ឆឺ​វូ​រុន​ នៅ​អា​មេ​រិ​ក​អាច​នឹង​ចេញ​វី​ដេ​អូ​កាំ​មេ​រ៉ា​សុវត្ថិភាព​ អំពី​ ឃាតកម្ម​លើ​លោក​កែម​ ឡី​ ដែល​ត្រូវ​បាន​ថត​ ដោយ​កាំ​មេ​រ៉ា​សុវត្ថិភាព​ក្នុង​ពេល​កើតហេតុ​៕​

Share

ព័ត៌មានទាក់ទង

Image