ក្រសួងមហាផ្ទៃនៅថ្ងៃពុធទី២៣មីនានេះ បានចេញសេចក្ដីបង្គាប់ប្រាប់ទៅគណបក្សសង្គ្រោះជាតិ ឱ្យប្ដូរពាក្យស្លោកដែលថា « ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដោយរកឃើញ ពាក្យនេះ ប៉ះពាល់រដ្ឋធម្មនុញ្ញ។តែគណបក្សសង្គ្រោះជាតិថា មិនអាចធ្វើតាមបានទេនៅពេលនេះ។
លោក សេរីវឌ្ឍនៈ ជូនសេចក្ដីរាយការណ៍៖
ការបង្គាប់របស់ក្រសួងមហាផ្ទៃដែលប្រាប់បក្សប្រឆាំងឱ្យដូរចេញពាក្យស្លោក « ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ធ្វើឡើង ក្នុងលិខិតតែមួយ ដោយជូនដំណឹងថា សមាជ គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២មីនា ជ្រើសតាំង ប្រធាននិងអនុប្រធានបក្ស ផ្ទុយនឹងលក្ខន្តិកៈ របស់បក្សនេះ ។
តែលិខិតជូនដំណឹងនេះ បានបង្គាប់ឱ្យគណបក្សសង្គ្រោះជាតិ ប្ដូរចេញពាក្សស្លោកនេះ ដោយបានបញ្ជាក់ ថា មានខ្លឹមសារផ្ទុយស្មារតីរដ្ឋ ធម្មនុញ្ញ ឆ្នាំ១៩៩៣ ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពិការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់។
ទាក់ទិននឹងលិខិតរបស់ក្រសួងមហាផ្ទៃ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹមសុវណ្ណ មានប្រសាសន៍យ៉ាងខ្លីថា គណបក្សនឹង ចោទសួររឿងផ្ទាល់ ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បី ធ្វើការបំភ្លឺពិស្ដារទៀត។
អ្វីដែលនាំឱ្យក្រសួងមហាផ្ទៃបង្គាប់ទៅបក្សប្រឆាំងដូចនេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាចបានចេញលិខិតទាមទារឱ្យ បក្សប្រឆាំងដូរពាក្យស្លោកនេះចេញ ដោយអះអាងថា ជាការញុះញុងនឹងប្រមាថដល់មេឃុំដែលកំពុងបំរើរាស្ត្រ។
ចំណែកឯអ្នកឃ្លាំមើលបញ្ហាការបោះឆ្នោតនៅប្រទេសកម្ពុជា មិនយល់ឃើញដូចនេះទេ។លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការ NIFEC បាននិយាយថា សេចក្ដីបង្គាប់របស់ក្រសួងមហាផ្ទៃអាចប៉ះពាល់សេរីភាពនៃការប្រើសារនយោបាយនៅរដូវបោះឆ្នោត ។ ប៉ុន្តែ លោកទទូចឱ្យបក្សកាន់អំណាច និងប្រឆាំងរកមតិរួមគ្នាលើបញ្ហាដែលមិនចុះសម្រុងគ្នានេះ។
គណបក្សសង្គ្រោះជាតិបានអះអាងថា ពាក្យស្លោកនេះ គេបានប្រើម្ដងនៅក្នុងរដូវឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ កាលពី ឆ្នាំ២០១២ ហើយពេលនោះ គេថា ម្ដេចគ្មានប្រតិកម្ម៕