ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៣ មីនានេះ បានដាក់លិខិតមួយច្បាប់ទៅក្រសួង មហាផ្ទៃ ដើម្បីជួបជជែកជាមួយក្រសួង និងស្នើសុំឲ្យបំភ្លឺករណីដែលក្រសួងជូនដំណឹងថា សមាជរបស់គណបក្សសង្គ្រោះជាតិដែលធ្វើឡើងកាលពីថ្ងៃទី០២ មីនា ២០១៧ ជ្រើសរើសប្រធាន និងអនុប្រធានគណបក្សថ្មីខុសនឹងលក្ខន្តិកៈ។ ករណីនេះអ្នកសង្កេតការណ៍បោះឆ្នោតយល់ថា សមាជនេះមិនមានខុសច្បាប់ធ្ងន់ធ្ងរទេ។
តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី២៣ មីនានេះ មន្ដ្រីនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានបញ្ជាក់ថា គណបក្សមិនទាន់អាចឆ្លើយបានទេ ថាតើត្រូវទទួលយក ឬក៏បដិសេធចំពោះសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលថាសមាជវិសាមញ្ញជ្រើសតាំងប្រធាន និងអនុប្រធានថ្មី របស់គណបក្សនេះ កាលពីពេលកន្លងទៅគឺខុសច្បាប់។ លោក យឹម សុវណ្ណ បានបន្តថាគណបក្សសង្គ្រោះជាតិ បានដាក់លិខិតមួយច្បាប់ ស្នើទៅក្រសួងមហាផ្ទៃ ដើម្បីជួបជជែកជាមួយក្រសួង និងឲ្យក្រសួងបកស្រាយបំភ្លឺចំពោះករណីនេះ។
លោក យឹម សុវណ្ណ៖ «ឥឡូវនេះគណបក្សបានសរសេរលិខិតមួយទៅក្រសួងមហាផ្ទៃ ដើម្បីសុំជួបសម្ដេច ឧបនាយករដ្ឋមន្ដ្រី ឬមន្ដ្រីតំណាងក្រសួង ដើម្បីជជែកគ្នាចំពោះបញ្ហានេះ ពីព្រោះយើងក៏ចង់ឲ្យក្រសួងបំភ្លឺករណីនេះដែរ។»
លិខិតរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្តេច ស ខេង ផ្ញើជូនគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធាន នៃគណបក្សសង្គ្រោះជាតិ ដោយអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្ស។ លិខិតដដែលបានបញ្ជាក់ទៀតថា សមាជនេះខុសលក្ខន្តិកៈដោយអាណត្តិនៅសល់មានរយៈពេល តិចជាង ១៨ខែ គិតត្រឹមកាលបិរច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
ជុំវិញរឿងនេះលោក សំ គន្ធាមី នាយកប្រតិបត្ដិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្ដិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា NICFEC យល់ឃើញថា សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឡើងកាលពីដើមខែមីនា គឺមិនខុសអ្វីទេបើមើលទៅលើស្ថានការណ៍ជាក់ស្ដែង។ ត្រង់ចំណុចនេះលោកបង្ហាញចម្ងល់ថា តើហេតុអ្វីបានជាក្រសួងមហាផ្ទៃទើបតែបញ្ជាក់ថាសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ មិនសមស្របទៅតាមលក្ខន្ដិកៈដែលលោកចាត់ទុកថា ជារឿងចំឡែកមួយ។ លោក សំ គន្ធាមី៖«ខ្ញុំគិតថា (បើក្រសួងចេញប្រកាសអញ្ចឹង) វាអាចនឹង (មានការលំបាកបាន) ព្រោះអីវិសោធនកម្មលក្ខន្ដិកៈធ្វើហើយ ផ្ញើទៅឲ្យក្រសួងហើយ ធ្វើសមាជហើយ ទើបក្រសួងមកប្រកាសថា ខុសច្បាប់ នេះវាចម្លែកដែរ។»
តែសូមរម្លឹកថានៅពេលលោក កឹម សុខា បានឡើងឋានៈជាប្រធានគណបក្សសង្គ្រោះជាតិតាម រយៈអង្គសមាជវិសាមញ្ញនេះសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានផ្ញើសារមួយចូលរួមអបអរសាទរប្រធានគណបក្សប្រឆាំងថ្មីរូបនេះផងដែរ៕