en     km
en     km

កម្ពុជា​ព្រមាន​សមាជិក​សភា​ម៉ា​ឡេ​ស៊ី​ចំពោះ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ ក្រសួងការបរទេស​កម្ពុជា​នៅ​ថ្ងៃនេះ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​តប​ទៅ​នឹង​របាយការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (APHR)​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ និង​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​របស់​កម្ពុជា​ ហើយ​ថា​ របាយការណ៍​នេះ​ជា​មាន​ចរិត​ជ្រៀក​ជ្រែង​កិច្ច​ផ្ទៃក្នុង​របស់​សមាជិក​អាស៊ាន​ តួ​យ៉ាងដូច​កម្ពុជា​ជាដើម​។​

​យ៉ាងណា​មន្ត្រី​បក្ស​ប្រឆាំង​ និង​អ្នកវិភាគ​ថា​ របាយការណ៍​របស់​សមាជិក​អាស៊ាន​នេះ​ មិនមែន​ជា​ការ​ជ្រៀក​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេ​ ហើយ​ថា​កម្ពុជា​ គ​ម្បី​ទទួលយក​ការ​រិះគន់​ខ្លះៗ​ ដើម្បី​ស្ថាបនា​ប្រទេស​។​

វាគ្មិនក្នុងកិច្ចប្រជុំក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)នៅប្រទេសថៃ។
វាគ្មិនក្នុងកិច្ចប្រជុំក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)នៅប្រទេសថៃ។

ជា​ថ្មី​ម្តងទៀត​ កម្ពុជា​តាម​រយៈ​ក្រសួងការបរទេស​របស់​ខ្លួន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​ដោយ​ប្រតិកម្ម​តប​ទៅ​នឹង​របាយការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ដែល​បាន​ចេញផ្សាយ​វាយប្រហារ​កម្ពុជា​ថាស​ជា​រដ្ឋ​បង្ក​ អ​ស្ថិរភាព​នយោបាយ​ នៅ​មុន​ការ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់​។​

​របាយការណ៍​កម្រាស់​ ៥២​ ទំព័រ​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០​ មីនា​នេះ​ក៏​បាន​ វិភាគ​លើ​រលក​វាយប្រហារ​សមាជិក​សភា​បក្ស​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​ រួម​ទាំង​ការ​ធ្វើទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ​ ដោយ​រំលោភ​នីតិវិធី​នៃ​អភ័យឯកសិទ្ធិ​សភា​ និង​ការ​រំលោភ​បំពាន​លើ​រូបរាង​កាយ​ផង​ដែរ​។​

យ៉ាងណា​ក្រសួងការបរទេស​កម្ពុជា​ បាន​ប្រតិកម្ម​ថា​ របាយការណ៍​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​សភា​អាស៊ាន​ឡើយ​ ហើយ​ការ​វាយតម្លៃ​នេះ​ពុំ​មាន​ន័យ​ណាមួយ​តំណាង​ឱ្យ​ការ​វាយតម្លៃ​របស់​អាស៊ាន​ឡើយ​។​

ក្នុង​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​របស់​កម្ពុជា​នេះ​ ក៏​ប្រតិកម្ម​ទៅ​លើ​លោក​ Charles​ Santiago​ ប្រធាន​អង្គការ​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ និង​ជា​សមាជិក​សភា​ម៉ា​ឡេ​ស៊ី​ ថា​ បាន​ជ្រៀក​ជ្រែក​កិច្ច​ផ្ទៃក្នុង​របស់​សមាជិក​អាស៊ាន​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ២​ នៃ​ធម្មនុញ្ញ​អាស៊ាន​។​ស្រប​ពេល​នេះ​ កម្ពុជា​ អះអាង​ថា​ខ្លួន​ កំពុង​ដើរ​លើ​ផ្លូវ​នីតិរដ្ឋ​និង​ ប្រជាធិបតេយ្យ​ ល្អ​ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន​ជា​សមាជិក​អាស៊ាន​។​

តែ​បែប​នេះ​ក្ដី​ សមាជិក​សភា​ មក​ពី​គណ​ក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​សមាជិក​របស់​ អង្គការ​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​ ច្រានចោល​សេចក្តី ថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុជា​ ដែល​ថា​ មានការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​

លោកស្រី​ មួរ​ សុខ​ហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ របាយការណ៍​របស់​សមាជិក​អាស៊ាន​ ដែល​មាន​លោក​ សាន់​ទី​អា​ហ្គូ​ ជា​ប្រធាន​នេះ​ គឺ​សិទ្ធិ​សមាជិក​សភា​ អាស៊ាន​ដែល​មាន​តួនាទី​ក្នុង​ការ​តាមដាន​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​ លោកស្រី​ទទូច​ថា​ រាជរដ្ឋាភិបាល​គួរ​ចេះ​ទទួលយក​ការ​រិះគន់​ដើម្បី​ ព​ង្រឹ​ក​ការ​ដឹកនាំ​ប្រទេស​បែប​ប្រជា ធិបតេយ្យ​ពិតៗ​។​ លោកស្រី​ មួរ​ សុខ​ហួរ​៖«​ខ្ញុំ​យល់​ឃើញ​ថា​ រឿង​អាស៊ាន​ជា​រឿង​យើង​ សិទ្ធិ​មនុស្ស​ជា​រឿង​យើង​ទាំងអស់​គ្នា​ ដើម្បី​ឱ្យ​សហគមន៍​អាស៊ាន​ទាំងមូល​ហ្នឹង​ នៅ​គ្រប់​ប្រទេស​ទាំងអស់​អាច​លើក​ស្ទួយ​ពិតប្រាកដ​នូវ​សិទ្ធិ​មនុស្ស​ សិទ្ធិ​ប្រជាពលរដ្ឋ​ជា​ពិសេស​ ឱ្យ​មាន​លទ្ធិប្រជាធិបតេ យ្យ​ពិ​ប្រា​ដក​នៅ​អាស៊ាន​។​»

លោកស្រី មូរ សុខហួរ បានទៅប្រទេសថៃ ដើម្បីអំពាវនាវឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃមកចុះឈ្មោះបោះឆ្នោត។
លោកស្រី មូរ សុខហួរ បានទៅប្រទេសថៃ ដើម្បីអំពាវនាវឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃមកចុះឈ្មោះបោះឆ្នោត។
​របាយការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ នេះ​ក៏​មានការ​ប្រតិកម្ម​ភ្លាមៗ​ផង​ដែរ​ ពី​ក្រុម​មន្ត្រី​របស់​រដ្ឋាភិបាល​។​ អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ ចាត់​ទុក​របាយការណ៍​នេះ​ជា​ការ​វាយប្រហារ​នយោបាយ​ និង​ប្រជាធិបតេយ្យ​កម្ពុជា​។​ ចំណែក​លោក​ ឈាន​ វុន​ អ្នកនាំពាក្យ​រដ្ឋសភា​នៃ​គណបក្សកាន់អំណាច​ បាន​ថ្លែង​ប្រតិកម្ម​ ដោយ​ហៅ​សេចក្តីថ្លែងការណ៍​របស់​ក្រុម​តំណាងរាស្ត្រ​នៃ​អង្គការ​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​នេះ​ថា​ ជា​ការ​នាំពាក្យ​ឲ្យ​គណបក្សប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​។​

តែ​សម្រាប់​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និយាយ​ថា​ របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដែល​រិះគន់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធ​ប​តេ​យ្យ​ស្តី​ពី​កម្ពុជា​គឺ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បញ្ចេញមតិ​របស់​អាស៊ាន​។​ លោក​យល់​ថា​ប្រតិកម្ម​តប​របស់​កម្ពុជា​ក៏​ជា​សេរីភាព​អាច​ប្រព្រឹត្ត​ទៅ​បាន​ផង​ដែរ​ តែ​កម្ពុជា​មិន​គួរ​ធ្វើការ​ព្រមាន​សមាជិក​អាស៊ាន​ទេ​ ព្រោះ​សមាជិក​អាស៊ាន​មាន​សិទ្ធិ​បញ្ចេញមតិ​។

យ៉ាងណា​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ កុំ​ព្យាយាម​បដិសេធ​របាយការណ៍​ដែល​រក​ពី​ភាព​អវិជ្ជមាន​ច្រើន​ពេក​ ហើយ​ព្យាយាម​កែតម្រូវ​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ការ​រីក​ចំរើន​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​។​ លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​ការ​រំលោភសិទ្ធិ​មនុស្ស​ ការ​វៃ​តំណាងរាស្ត្រ​ ការ​មិន​អាច​រក​ឃើញ​ឃាត់ករ​សម្លាប់​ពលរដ្ឋ​ អាហ្នឹង​វា​បង្ហាញ​ទិដ្ឋភាព​ពិតប្រាកដ​ អ​ញ្ចឹ​ង​!​ការ​បដិសេធ​យូរៗ​ទៅ​ អា​ភាព​បដិសេធ​របស់​ខ្លួន​ក៏​វា​អត់​មាន​តម្លៃ​ដែរ​ ធ្វើ​ឱ្យ​អន្តរជាតិ​គេ​ថា​ យើង​មិន​យកចិត្តទុកដាក់​ទៅ​លើ​អ្នក​ដែល​លើក​ឡើង​ដែរ​។​»

កន្លង​មក​គេ​សង្កេត​ឃើញ​ថា​ កម្ពុជា​តែងតែ​ប្រតិកម្ម​ចំពោះ​សហគមន៍​អន្តរជាតិ​ ដែល​រិះគន់​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​នោះ​ កម្ពុជា​បាន​វាយប្រហារ​តប​វិញ​ទៅ​លើ​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​តិ​ ករណី​ចាត់​ទុក​កម្ពុជា​ បច្ចុប្បន្ន​ជា​រដ្ឋ​មួយ​ប្រឈម​ឈមមុខ​នឹង​គ្រោះថ្នាក់​ខ្លាំង​ផ្នែក​សិ​ទិ្ធ​មនុស្ស​ សេរីភាព​ បញ្ចេញមតិ​និង​បំបិទ​សំឡេង​ប្រឆាំង​៕​

Share

ព័ត៌មានទាក់ទង

Image