ភ្នំពេញ៖ ក្នុងរយៈពេល ៥ថ្ងៃនៃឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ រថយន្ដសាធារ ណៈរបស់រដ្ឋឬគេហៅថារថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ នឹងមិនយកថ្លៃការធ្វើដំណើរ របស់អ្នកដំណើរនោះទេ។ នេះបើតាមប្រសាសន៍សម្ដេច ហ៊ុន សែន ថ្លែងក្នុងកម្មវិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត និងសិស្សនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២២ មីនានេះ។
សម្ដេចនាយករដ្ឋមន្ដ្រីបានថ្លែងដូចនេះ ខណៈលោកបានផ្ញើសារដល់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងពេលចូលឆ្នាំថ្មីខាងមុខ ត្រូវការពារសុវត្ថិភាពឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋផ្ទាល់ក៏ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ ពិសេសគឺការបើកបរ។ ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនបានចេញដំណើរកំសាន្ដទៅតាមបណ្ដាខេត្ដផ្សេងៗ គួរនាំគ្នាមកជិះរថយន្ដសាធារណៈ ដើម្បីមើលទីក្រុងភ្នំពេញដែលសម្ដេចថា មិនចាំបាច់បង់ថ្លៃសេវានោះទេ។
សម្ដេច ហ៊ុន សែន៖«ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ប្រកាសថា រយៈពេល ៥ថ្ងៃ (ចូលឆ្នាំ) រថយន្ដនៅក្នុងក្រុងភ្នំពេញ ចំនួន៥៧គ្រឿង ដែលកំពុងតែរត់តាមខ្សែនៅទីក្រុងភ្នំពេញនេះអត់យកលុយទេ ដូច្នេះសូមប្រជាពលរដ្ឋដែលអត់ចេញទៅតាមខេត្ដសូមមកចូលរួមជិះឡាននេះដើរមើលក្រុង»។
រថយន្ដសាធារណៈទាំង ៥៧គ្រឿង ដែលកំពុងបំរើសេវាដឹកអ្នកដំណើរជារៀងរាល់ថ្ងៃនេះ សម្រាប់ប្រជាពលរដ្ឋម្នាក់ត្រូវចំណាយថ្លៃសេវា ១៥០០រៀល។ សូមជម្រាបថាសម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដូចនេះ ខណៈសម្ដេចចែកសញ្ញាប័ត្រដល់គរុនិស្សិត និងសិស្ស នៅថ្ងៃទី២២ មីនានេះ។ ក្នុងចំណោមគរុនិស្សិត និងសិស្សសរុបចំនួន ៩៨៤នាក់ មានស្ដ្រីចំនួន ៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា ២០១៥-២០១៦។
សញ្ញាប័ត្រដែលត្រូវប្រគល់ជូននៅថ្ងៃនេះ រួមមាន គ្រូឧទ្ទេសអធិការអប់រំចំនួន ២០នាក់ និស្សិសអធិការអប់រំចំនួន ៣១នាក់ និស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី៣ ចំនួន១៥ គរុនិស្សិតឧត្ដមបរិញ្ញាប័ត្របូក១ ជំនាន់ទី២១ ចំនួន ៨៧នាក់ គរុសិស្សមូលដ្ឋានឯកទេសភាសារបារាំង ខ្មែរ ១២បូក ជំនាន់ទី១៨ ចំនួន ៤៧នាក់៕