ភ្នំពេញ៖នៅរសៀលថ្ងៃទី២១ មីនា ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក គឹម សុខ មកសាកសួរបន្ថែមទៀត។ អនុរក្សពន្ធនាគារបាននាំលោក គឹម សុខ មកដល់សាលាដំបូងរាជធានីភ្នំពេញនៅម៉ោង ២រសៀល។
លោក គឹម សុខ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ បន្ទាប់ពីលោកចូលខ្លួនទៅបំភ្លឺ តាមបណ្តឹងរបស់មេធាវីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។តុលាការរាជធានីភ្នំពេញ បានចោទប្រកាន់អ្នកវិភាគមិនសំចៃមាត់រូបនេះ ចំនួនពីរ គឺបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ»។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យប្តឹង លោក គឹម សុខ បន្ទាប់ពីលោក គឹម សុខ និយាយនៅក្នុងវេទិកាវិទ្យុអាស៊ីថា ករណីអ្នកណា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។ សម្តេចបានទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារពីលោក គឹម សុខ និងស្នើឱ្យតុលាការផ្តន្ទាទោសតាមច្បាប់។
ជាមួយគ្នានេះដែរ សម្តេចក៏បានប្តឹង លោក គឹម សុខ មួយករណីទៀត ជុំវិញការលើកឡើងរបស់លោកអំពី រដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ៕