ភ្នំពេញ៖ ក្នុងវេទិកាស្ដីពី “ភាពរស់រវើករបស់ប្រជាជន បេតិកភណ្ឌវប្បធម៌ជាអត្ដសញ្ញាណរបស់យើង បរិស្ថានជាអនាគតរបស់យើង” ធ្វើឡើងនៅថ្ងៃអង្គារ៍ ទី២១ មីនានេះ នៅទីស្ដីការក្រសួង បរិស្ថាន ដែលក្នុងវេទិកានេះរដ្ឋមន្ដ្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ច្បាប់ស្ដីពីការការពារសហគមន៍អេកូទេសចរណ៍នឹងចេញជារូបរាងក្នុងឆ្នាំ២០១៧នេះ ហើយច្បាប់នេះ ក៏ជាការរួម ចំណែកការពារផល ប្រយោជន៍ប្រជាសហគមន៍ និងធនធានធម្មជាតិផងដែរ។
ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បានសហការគ្នារៀបចំសេចក្ដីព្រាងច្បាប់មួយស្ដីពីការការពារសហគមន៍អេកូទេសចរណ៍ ក្នុងគោលបំណងដើម្បីរួមចំណែក បង្កើនចំណូលសេដ្ឋកិច្ចតាមរយៈទេសចរណ៍ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍នីមួយៗ ជំនួសការបានប្រាក់ចំណូលមកពីការកាប់ព្រៃឈើ ឬការបរបាញ់សត្វព្រៃជាដើម។
ថ្លែងប្រាប់អ្នកសារព័ត៌មានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ការរៀបចំសេចក្ដីព្រាងច្បាប់ការពារសហគមន៍អេកូទេសចរណ៍នេះ នឹងជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឲ្យមានជីវិភាពធូរធារពីចំណូលរបស់ទេសចរណ៍ ។ ការណ៍នេះលោក ថោង ខុន បង្ហាញជំនឿចិត្ដថា កាលណាការបង្កើតសហគមន៍អេកូទេសចរណ៍បានល្អនឹងត្រឹមត្រូវ លំនឹងសេដ្ឋកិច្ចប្រជាពលរដ្ឋនឹងកើតមាន។ លោក ថោង ខុន៖«បើយើងបង្កើតសហគមន៍អេកូទេសចរណ៍បានល្អនឹងត្រឹមត្រូវ ជីវិភាពប្រជាពលរដ្ឋទាំងមូលនឹងត្រូវបានលើកកម្ពស់ អត់មានចំណាកស្រុកទៀតទេ គឺថា ផ្លាស់ប្ដូរមុខរបបរបស់គាត់ពីការ ដែលធ្លាប់កាប់ព្រៃ បាញ់សត្វ ធ្លាប់ប៉ះពាល់ធម្មជាតិ មកបំរើទេសចរណ៍វិញ»។
យ៉ាងណាលោករដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បញ្ជាក់ថា ដើម្បីឲ្យសហគមន៍អេកូទេសចរណ៍ដំណើរការទៅបានដោយរលូន ក៏ត្រូវមានការចូលរួមពីវិស័យឯកជនផងដែរ។
លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថានមានប្រសាសន៍ក្នុងវេទិកានេះថា កន្លងមកពលរដ្ឋដុតព្រៃដើម្បីធ្វើចម្ការ បរបាញ់សត្វព្រៃ ពីព្រោះតែពួកគេគ្មានវិធីណាផ្សេងដើម្បីរកចំណូលចិញ្ចឹមជីវិត។ លោកបន្ដថា ប្រសិនបើពលរដ្ឋ ជួបការលំបាក គឺគេមិនអាចទៅបញ្ឈប់ពួកគាត់ដោយគ្មានវិធានការសមស្របនោះទេ។ លោករដ្ឋមន្ដ្រីក្រសួងបរិស្ថានបន្ថែមថា មានតែការបង្កើតឲ្យមានសហគមន៍អេកូទេសចរណ៍នេះ តែប៉ុណ្ណោះទើបអាចការពារធនធានធម្មជាតិ សត្វព្រៃ និងជួយលើកកម្ពស់ដល់សេដ្ឋកិច្ចប្រជា ពលរដ្ឋពលរដ្ឋបាន។ លោក សាយ សំអាល់៖«យើងមិនអាចទៅបញ្ឈប់មនុស្សដែលកំពុងឃ្លាន មិនធ្វើអ្វីដែលគាត់ត្រូវធ្វើបានទេ ក៏ប៉ុន្ដែបើយើងផ្ដល់ជម្រើសរបៀបហ្នឹងក៏ជារឿងល្អដែរ ហើយខ្ញុំឃើញថា អេកូទេសចរណ៍ហ្នឹងជារឿងសំខាន់ ហើយយើងមានកន្លែងច្រើនណាស់»។
ប្រទេសកម្ពុជា ក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន អង្គការអន្ដរជាតិមួយចំនួន រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាសហគមន៍ បានបង្កើតសហគមន៍អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ធម្មជាតិ បានចំនួនជាង ៥០។ ទេសចរណ៍ត្រូវបានចាត់ទុកជា “មាសប៉ៃតង” ដោយសារតែតួនាទីរបស់វិស័យនេះ បានចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការអភិរក្សបេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្ដិសាស្ដ្រ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុកពិភពលោក។ សូមជម្រាបថា ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការការពារសហគមន៍អេកូទេសចរណ៍នេះ គឺដើម្បីជាផ្នែកមួយនៃការការពារផលប្រយោជន៍ប្រជាពលរដ្ឋក្នុងសហគមន៍ និងអភិរក្សធនធានធម្មជាតិ៕