ភ្នំពេញ ៖ មួយថ្ងៃក្រោយពីក្រុមសមាជិកសភានៃអង្គការសភាអាស៊ានបានចេញសេចក្តីថ្លែងការរិះគន់ធ្ងន់ៗមកលើរដ្ឋាភិបាល ពិសេសទាក់ទងនងនឹងបរិយាកាសនយោបាយនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានវាយបកទៅវិញថា ក្រុមសមាជិកសភាទាំងនោះគឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
តំណាងរាស្ត្រដែលសំបូរវោហាររបស់គណបក្សប្រជាជនកម្ពុជា បានហៅសេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្ត្រនៃអង្គការសភាអាស៊ានដើម្បីសិទ្ធិមនុស្សថា គឺជាការនាំពាក្យឲ្យគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា។
អង្គការសភាអាស៊ានដើម្បីសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុង ចាការតា ប្រទេសឥណ្ឌូណេស៊ី បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ័ម្សិលមិញនេះ ដោយនិយាយថា អស្ថិរភាពនយោបាយ នៅកម្ពុជាមុនការបោះឆ្នោតនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់ ស្ថិរភាព តំបន់ទាំងមូល ព្រោះថាបក្សកាន់អំណាចចង់រក្សាអំណាច ខណៈប្រទេសនេះកំពុងធ្វើដំណើរទៅរកការបោះឆ្នោតដ៏សំខាន់។
លោក ឈាង វុន ប្រធានគណកម្មការកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជា បានថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅព្រឹកថ្ងៃអង្គារ ទី២១ ខែមិនានេះថា ក្រុមសមាជិកសភា«មួយចំនួនតូច»ដែលរួមគ្នាបង្កើតអង្គការនេះ«គឺជាអ្នកនាំពាក្យ»ឲ្យគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ លោក ឈាង វុន៖«គឺជារឿងធម្មតាពីព្រោះពួកនេះគឺជាពួកក្រុមអ្នកនាំពាក្យឲ្យគណបក្សប្រឆាំងនៅកម្ពុជា។»
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់អង្គការសភាអាស៊ានធ្វើឡើង ខណៈដែលប្រទេសកម្ពុជារយៈពេលចុងក្រោយនេះ ត្រូវគេសង្កេតឃើញថា តុលាការចាប់ខ្លួនក្រុមគណបក្សប្រឆាំង និងសង្គមស៊ីវិល និងបានកាត់ទោសពួកគេក្រោមបទចោទប្រកាន់ពាក់ពន្ធ័នឹងការរំលោភច្បាប់ផ្សេងៗ។ ការចាប់ខ្លួននិងការកាត់ទោសពួកគេដែលទទួលរងការថ្កោលទោសជាច្រើន។
ប្រធានអង្គការសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី លោកCharles Santiago បាននិយាយក្នុងសេចក្ដីថ្លែងការណ៍នេះថា៖«អ្វីដែលកំពុងកើតមាននៅប្រទេសកម្ពុជា គឺជាការព្រមាន លើតំបន់ទាំងមូល។ វាជាករណីសិក្សាមួយ ថាតើ ការខិតខំរបស់បក្សកាន់អំណាច(CPP) ដើម្បីរក្សាអំណាច ដោយអាចបង្កអស្ថិរភាព ប្រព័ន្ធទាំងមូល។ ក្នុងន័យនេះ យើងកំពុងពិនិត្យមើលអំពីលទ្ធភាពពិតប្រាកដមួយដែលកម្ពុជា កំពុងប្រែក្លាយជារដ្ឋឯកបក្សកំពុងគំរាមកំហែងប្រកដដោយហិង្សា ខណៈការបោះឆ្នោតជិតចូលមកដល់។ករណីនេះ ប្រសិនបើសហ គមន៍អន្តរ ជាតិ ក្នុងមានទាំងសមាគមអាស៊ាន ផងដែរមិនមានវិធានការខ្លាំងក្លារឹងមាំ នោះទេ គឺមានន័យថា សហគមន៍អន្តរជាតិ ប្រថុយឱ្យកម្ពុជាធ្លាក់ក្នុងរបបអត្តាធិបតេយ្យដ៏គ្រោះថ្នាក់ »។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រនិងជាអនុប្រធានគណបក្សសង្គ្រោះជាតិបានគាំទ្រដល់របាយការណ៍នៃអង្គការសភាអាស៊ានខាងលើនេះ។ «យើងជាអ្នកតំណាងរាស្ត្រ យើងត្រូវតែមានការទទួលខុសត្រូវ ហើយហ៊ាននិយាយការពិត។ការពិតដែលមានថ្លែងក្នុងរបាយការណ៍ដែលគេរៀបចំនេះ។ការពិតទាំងអស់នេះគឺជាព្រឹត្តិការណ៍ជាក់ស្តែងអត់មានអ្នកណាប្រឌិតទេ។ហើយការណ៍ដែលមិនទទួលយកការពិតហ្នឹងហើយដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យ។»
កាលពីម្សិលមិញលោកសុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចាត់ទុកថារបាយការណ៍នៃអង្គការសភាអាស៊ានមិនមែនជាជំហរផ្លូវការរបស់អាស៊ាននោះទេ។ លោក សុខ ឥសាន្ត លើកឡើងថាមិនមានឥទ្ធិពលមកលើអធិបតេយ្យភាពកម្ពុជានោះទេដោយហេតុថារបាយការណ៍នោះផ្ទុយពីការពិត៕