en     km
en     km

​អង្គការ​ទស្សនៈ​ពិភព​លោក​រក​ឃើញ​ថា​ ​ពល​រដ្ឋ​កម្ពុជា​យល់​ខុស​ពី​ការ​បំបៅ​ដោះ​កូន​

Share

អង្គការ​ទស្សនៈ​ពិភព​លោក​រួម​សហការ​ជាមួយ​អង្គការ​ ហេ​ឡែន​ខេល​ល័រ​អន្តរជាតិ​ កាល​ពី​ថ្ងៃ​ទី​១៧​ ​ខែ​សីហា​នេះ​ ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ ដោយ​បាន​រក​ឃើញ​​ថា​ ​អត្រា​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​ ខណៈ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​មាន​ការ​ថយចុះ​ក្នុង​រយៈ​ពេល​ដូចគ្នា​។​

របាយការណ៍​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា​ ​មាន​តែ​ក្រុមហ៊ុន​លក់​ផលិតផល​ចំនួន​៨​ប៉ុណ្ណោះ​ ​ក្នុងចំណោម​២៧​ បាន​អនុវត្ត​ទៅតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​លេខ​១៣៣​ ​ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​លក់​ផលិត​ផល​សម្រាប់​ចិញ្ចឹម​ទារក​ ​ទាមទារ​ឲ្យ​បណ្តា​ក្រុមហ៊ុន​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ វេច​ខ្ជប់​ស្លាក​សញ្ញា​ផលិតផល​របស់​ខ្លួន​ជា​ភាសាខ្មែរ​ពេញ​លេញ​។​
WHO_Cover

អង្គការ​ទស្សនៈ​ពិភពលោក​រួម​សហការ​ជាមួយ​អង្គការ​ហេឡែន​ខេល​ល័រ​អន្តរជាតិ​ បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវ​ជ្រាវ​កម្រាស់​២៥​ទំព័រ​ ស្តី​ពី​ការ​ស្រាវ​ជ្រាវ​ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ចំនួន​៦​ ​ក្នុ​ង​ប្រទេស​កម្ពុជា​បាន​រក​ឃើញថា​ ​ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​ជំនួស​ទឹក​ដោះ​ម្តាយ​ ដោយ​ម្សៅ​ទឹក​ដោះគោ​ផ្សំ​តាម​រូបមន្ត​ដោយ​មិន​ស្រប​តាមច្បាប់​មាន​ការ​កើន​ឡើង​។​

របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ទៀត​ថា​ ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្សៅ​មាន​ការ​កើន​ឡើង​ជាង​៦​ភាគរយ​ ​កើន​ឡើង​ពី​១៣​,​៦​ភាគរយ​ ​នៅ​ឆ្នាំ​២០១០​ កើន​១៩,៨ភាគរយ​ ​ក្នុង​ឆ្នាំ​២០១៤​។​ ​ការ​ស្រាវជ្រាវ​នោះ​បាន​រក​ឃើញ​ថា​ ​អត្រា​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​ ៩​ភាគរយ​ ពោល​គឺ​ធ្លាក់​ពី​៧៣,៥​ភាគរយ​ក្នុង​ឆ្នាំ​២០១០​មក​នៅត្រឹម ​៦៥ភាគរយ​នៅ​ឆ្នាំ​២០១៤​។​
WHO_1

មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​យុទ្ធ​នា​ការ​​លើក​កម្ពស់​សុខភាព​មាតា​ ​និង​ទារក​នៃ​អង្គការ​ទស្សនៈ​ពិ​ភពលោក​ ​អ្នកស្រី​ ​សួង​ ​សុខសោភា​ ​បាន​លើក​ឡើងថា​ កំណើន​នៃ​កា​រ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្សៅអាច​បណ្តាល​មក​ពី​ ​មាន​ការ​កើន​ឡើង​នូវ​កា​រ​ផ្សព្វផ្សាយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ទឹកដោះ​ម្សៅ​ច្រើន​ឡើង​។​ ​អ្នកស្រី​បាន​បន្ត​ថា​ ការ​កើន​ឡើង​នេះ​ក៏​អាច​ដោយ​សារ​មាន​ការ​យល់​ច្រឡំ​ថា​ទឹកដោះ​ម្សៅ​មាន​សារធាតុ​ចិញ្ចឹម​ដូច​ទឹកដោះម្តាយ​ ​និង​ម្តាយ​មួ​យចំនួន​មិន​មាន​ពេល​ គ្រប់​គ្រាន់​សម្រាប់​បំបៅ​ដោះ​ដល់​កូន​។​

សំឡេង៖
របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ពី​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​លេខ​១៣៣​ ​ស្តីពីការ​ផ្សព្វ​ផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ ទាមទារ​ឲ្យ​បណ្តា​ក្រុមហ៊ុន​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​វេចខ្ជប់​ស្លាក​សញ្ញា​ផលិត​ផល​របស់ខ្លួន​ជា​ភាសាខ្មែរ​ពេញលេញ​។​ ​ប៉ុន្តែ​ការ​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ថា​ មាន​ការ​រំលោភ​បំពាន​លើ​អនុក្រឹត្យ​នេះ​ ​ដោយ​មាន​ក្រុមហ៊ុន​លក់​ផលិតផល​តែ​ ៨ក្នុងចំណោម​ ២៧ប៉ុណ្ណោះ​ ​បានអនុវត្ត​ទៅ​តាម​អនុក្រឹត្យ​នេះ។​អង្គការទស្សនៈ​ពិភពលោក​ក៏​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ធ្វើការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះម្តាយ​តែ​មួយ​មុខ​គត់​រហូត​ដល់​ទារក​មាន​អាយុ៦​ខែ​និ​ង​បន្ត​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​រហូត​ដល់​កុមារ​មាន​អាយុ​២៤​ខែ​។​ ​អង្គការ​នេះ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​១០០០ថ្ងៃ​ដំបូង​របស់​កុមារ​ ​ដោយ​គិត​ចាប់​ពី​ពេល​បង្ក​កំណើត​ រហូត​ដល់​កុមារ​មាន​អាយុ​២​ឆ្នាំ​ ​គឺ​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​កសាង​សុខភាព​កុមារ​។​ ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ក្នុង​អំឡុង​ពេល​១០០០​ថ្ងៃ​នេះ​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ការ​អភិវឌ្ឍ​របស់​កុមារ​លើ​ផ្នែក​រាង​កាយ​ និង​ស្មារតី​របស់​កុមារ​ពេល​ធំ​ពេញ​វ័យ​៕​

Share

Image
Image
Image