អង្គការទស្សនៈពិភពលោករួមសហការជាមួយអង្គការ ហេឡែនខេលល័រអន្តរជាតិ កាលពីថ្ងៃទី១៧ ខែសីហានេះ បានចេញផ្សាយរបាយការណ៍មួយ ដោយបានរកឃើញថា អត្រាបំបៅដោះកូនដោយទឹកដោះគោម្សៅនៅកម្ពុជាមានការកើនឡើងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខណៈការបំបៅដោះកូនដោយទឹកដោះម្តាយមានការថយចុះក្នុងរយៈពេលដូចគ្នា។
របាយការណ៍នេះបានបង្ហាញឲ្យដឹងទៀតថា មានតែក្រុមហ៊ុនលក់ផលិតផលចំនួន៨ប៉ុណ្ណោះ ក្នុងចំណោម២៧ បានអនុវត្តទៅតាមអនុក្រឹត្យរបស់រដ្ឋាភិបាលលេខ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក ទាមទារឲ្យបណ្តាក្រុមហ៊ុនលក់ផលិតផលសម្រាប់ចិញ្ចឹមទារក វេចខ្ជប់ស្លាកសញ្ញាផលិតផលរបស់ខ្លួនជាភាសាខ្មែរពេញលេញ។
អង្គការទស្សនៈពិភពលោករួមសហការជាមួយអង្គការហេឡែនខេលល័រអន្តរជាតិ បានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវកម្រាស់២៥ទំព័រ ស្តីពីការស្រាវជ្រាវដែលបានធ្វើឡើងនៅខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជាបានរកឃើញថា ការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ ដោយម្សៅទឹកដោះគោផ្សំតាមរូបមន្តដោយមិនស្របតាមច្បាប់មានការកើនឡើង។
របាយការណ៍ដដែលក៏បានបង្ហាញទៀតថា ការបំបៅដោះកូនដោយទឹកដោះម្សៅមានការកើនឡើងជាង៦ភាគរយ កើនឡើងពី១៣,៦ភាគរយ នៅឆ្នាំ២០១០ កើន១៩,៨ភាគរយ ក្នុងឆ្នាំ២០១៤។ ការស្រាវជ្រាវនោះបានរកឃើញថា អត្រាបំបៅដោះកូនដោយទឹកដោះម្តាយមានការធ្លាក់ចុះប្រមាណ ៩ភាគរយ ពោលគឺធ្លាក់ពី៧៣,៥ភាគរយក្នុងឆ្នាំ២០១០មកនៅត្រឹម ៦៥ភាគរយនៅឆ្នាំ២០១៤។
មន្រ្តីជាន់ខ្ពស់នៃអង្គការយុទ្ធនាការលើកកម្ពស់សុខភាពមាតា និងទារកនៃអង្គការទស្សនៈពិភពលោក អ្នកស្រី សួង សុខសោភា បានលើកឡើងថា កំណើននៃការបំបៅដោះកូនដោយទឹកដោះម្សៅអាចបណ្តាលមកពី មានការកើនឡើងនូវការផ្សព្វផ្សាយក្នុងការជំរុញឲ្យមានការប្រើទឹកដោះម្សៅច្រើនឡើង។ អ្នកស្រីបានបន្តថា ការកើនឡើងនេះក៏អាចដោយសារមានការយល់ច្រឡំថាទឹកដោះម្សៅមានសារធាតុចិញ្ចឹមដូចទឹកដោះម្តាយ និងម្តាយមួយចំនួនមិនមានពេល គ្រប់គ្រាន់សម្រាប់បំបៅដោះដល់កូន។