en     km
en     km

ផល​សណ្តែកខៀវ​កម្ពុជា​ធ្លាក់​ថ្លៃ​ ខណៈ​សណ្តែក​ភូមា​វាយលុក​ទីផ្សារ​កម្ពុជា​(មានសំឡេង)

Share

​កំពង់ឆ្នាំង​ ៖​ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​តាម​ដង​ទន្លេសាប​ ស្ថិត​ក្នុងស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ កំពុង​ជួប​ប្រទះ​បញ្ហា​ផល​សណ្តែក ខៀវ​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​ ខណៈ​ឈ្មួញ​អ្នក​ប្រមូល​ទិញ​បញ្ជាក់​ថា​ សណ្តែកខៀវ​នាំ​ចូល​ពី​ ប្រទេស​ភូមា​កំពុង​វាយលុក​ក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​តម្លៃ​ថោក​។​

 

ចំការសណ្តែកខៀវ។ រូបតំណាង
ចំការសណ្តែកខៀវ។ រូបតំណាង
​អ្នកស្រី​ ឈុំ​ សុភា​ ប្រជា​កសិករ​ក្នុង​ឃុំ​ ប្រឡាយ​មាស​ ស្ថិត​នៅ​ស្រុក​កំពង់លែង​ ខេត្តកំពុងឆ្នាំង​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ២១​ មីនា​នេះ​ថា​ តម្លៃ​សណ្តែកខៀវ​ និង​សណ្តែក​លឿង​នៅ​ឆ្នាំ​នេះ​ បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​ ហើយ​សណ្តែក​ក៏​មិនសូវ​បាន​ផល​ល្អ​ដែរ​ ព្រោះ​មាន​បញ្ហា​ដង្កូវ​ស៊ី​ដំណាំ​។​

​អ្នកស្រី​ថា​ សណ្តែកខៀវ​នៅ​ឆ្នាំ​នេះ​បាន​ធ្លាក់​ថ្លៃ​មក​ត្រឹម​ ៣​ ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ ដែល​ឆ្នាំ​មុន​លក់​បាន​មួយ​គីឡូ​ ៤​ ពាន់​រៀល​។​

អ្នកស្រី​បន្ថែម​ថា​ បច្ចុប្បន្ន​កសិករ​កំពុង​ជួប​បញ្ហា​ជំពាក់​បំណុល​ធនាគារ​ និង​ប្រឈម​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​។​ អ្នកស្រី​ ឈុំ​ សុភា​៖«​អ្នក ចំការ​វេទនាណាស់​ ពិបាក​នឹង​អា​រឿង​សណ្តែក​ចុះថោក​ហ្នឹង​ ធ្វើ​អត់​បាន​ហូប​ ណា​ថ្លៃ​ច្រូត​ ណា​ថ្លៃ​ថ្នាំ​ ឆ្នាំ​មុនៗ​៤​ពាន់​ជាង​ ដល់​ឥឡូវ​វា​ធ្លាក់​នៅ​២៨០០​រៀល​នេះ​»​។​

តាម​ប្រភព​ពី​ពលរដ្ឋ​ ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់លែង​ ដែល​រស់នៅ​តាម​ដង​ទន្លេសាប​ភាគច្រើន​ប្រកប​របស់​កសិកម្ម​។​ ដំណាំ​ដែល​ពលរដ្ឋ​និយម​ដាំ​គឺ​សណ្តែកខៀវ​ និង​សណ្តែក​លឿង​ហើយ​បន្ទាប់​ពី​ប្រមូល​ផល​សណ្តែក​កសិករ​ក៏​និយម​ដាំពោត​ផង​ដែរ​។​

ទាក់ទិន​បញ្ហា​ថ្លៃ​សណ្តែក​ធ្លាក់​ថ្លៃ​នេះ​ លោក​ ជា​ សាន់​ឌី​ ឈ្មួញ​ប្រមូល​ទិញ​សណ្តែក​ពី​កសិករ​មាន​ប្រសា​ សន៍​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​សណ្តែក ខៀវ​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​ច្រើន​ ដោយសារ​ការ​វាយលុក​ផលិតផល​សណ្តែកខៀវ​ពី​ប្រទេស​ភូមា​មក​ក្នុង​ទីផ្សារ​កម្ពុជា​។​ ប្រការ​មួយទៀត​ដែល​នាំ​ឱ្យ​តម្លៃ​សណ្តែកខៀវ​ធ្លាក់​ថ្លៃ​នេះ​ លោក​ សាន់​ឌី​ បញ្ជាក់​ថា​ ដោយសារ​កសិករ​ប្រមូល​ផល​សណ្តែក​ដោយ​ប្រើ​ម៉ាស៊ីន​ នាំ​ឱ្យ​គ្រប់​សណ្តែក​បាត់បង់​គុណ ភាព​ ធ្វើ​ឱ្យ​តម្លៃ​ក៏​ស្រុត​ចុះ​ផង​ដែរ​។​ ​លោក​ ជា​ សាន់​ឌី​៖«​វា​មក​ពី​សណ្តែក​ភូមា​ឆ្លងកាត់​ ហើយ​ថោក​ជាង​យើង​ ហើយ​មក​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ​។​»

បញ្ហា​ធ្លាក់​ថ្លៃ​ផលដំណាំ​តែងតែ​កើត​មាន​ជា​រឿយៗ​នៅ​រដូវ​ច្រូតកាត់​ប្រមូល​ផល​ម្តងៗ​។​ កាលពី​ថ្ងៃ​ទី​ ១៨​ ​ខែកញ្ញា​ ឆ្នាំ​២០១៦​ ប្រជា​កសិករ​ក្នុងស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បានដឹង​ស្រូវ​មក​ចាក់​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥​ បន្ទាប់​ពី​តម្លៃ​ស្រូវ​របស់​កសិករ​ត្រូវ​បាន​ឈ្មួញ​ទម្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​។

ដំណោះស្រាយ​នៅ​គ្រានោះ​  រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកាជាតិ​ប្រមាណ​ ២៧​លាន​ដុល្លារ​ ដើម្បី​សង្គ្រោះ​ជាតិ​ថ្លៃ​ស្រូវ​របស់​កសិករ​។​ ចំណែក​ឈ្មួញ​ដែល​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ការ​បាន​ប្រកាស​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ផង​ដែរ​។​

​តែ​យ៉ាងណា​ ចំណាត់ការ​នេះ​ត្រូវ​បាន​អ្នកជំនាញ​កសិករ​ និង​សេដ្ឋកិច្ច​មើលឃើញ​ត្រឹម​ជា​វិធាន​ការណ៍​ដោះស្រាយ​បញ្ហា​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​។

លោក​ មាន​ ហ៊ុន​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​ មាន​ប្រសាសន៍​ដោយ​ទទួលស្គាល់​ថា​ ផល​សណ្តែក​របស់​ប្រជា​កសិករ​ក្នុងស្រុក​កំពង់លែង​ពិតជា​មានការ​ធ្លាក់​ថ្លៃ​មែន​ ខណៈ​ដំណាំ​សណ្តែក​នៅ​ឆ្នាំ​នេះ​មានការ​ដំ​ដុះ​ច្រើន​។​ យ៉ាងណា​ដំណោះស្រាយ​ចំពោះ​មុខ​នេះ​ លោក​ប្រធាន​មន្ទីរ​និយាយ​ថា​ មន្ទីរ​នឹង​ចុះ​ជួយ​អន្តរាគមន៍​សម្របសម្រួល​បញ្ហា​តម្លៃ​សណ្តែក​នេះ​ជាមួយ​ឈ្មួញកណ្តាល​ និង​ជួយ​ស្វែងរក​ក្រុមហ៊ុន​ដើម្បី​ជួយ​ទិញ​សណ្តែក​ពី​ពលរដ្ឋ​។ លោក​ មាន​ ហ៊ុន​៖«​ជា​យន្តការ​របស់​មន្ទីរ​កសិកម្ម​ នឹង​សម្របសម្រួល​ជាមួយនឹង​ឈ្មួញកណ្តាល​ ឬ​ក្រុមហ៊ុន​ណា​ដែល​អាច​ទិញ​សណ្តែក​ហ្នឹង​ដើម្បី​កុំឱ្យ​គាត់​មាន​បញ្ហា​បន្ត​ទៀត​។​»

​ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​តម្លៃ​ផលិតផល​កសិកម្ម​នេះ​ លោក​ ឡោ​ រស្មី​ អ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និយាយ​ថា​ ក្រសួង​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម​ និង​អង្គភាព​ជំនាញ​ពិនិត្យ​ណែនាំ​កសិករ​ឱ្យ​ដាំ​ដំណាំ​ណា​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក​ទីផ្សារ​ពេល​ប្រមូល​ផល​។​ មួយវិញទៀត​ កសិករ​គប្បី​ធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុននាំចេញ​ ដែល​ក្រសួង​ធ្វើ​ជា​សាក្សី​ដើម្បី​កុំឱ្យ​មានការ​ទម្លាក់​តម្លៃ​។​

តាម​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​ កន្លង​មក​កម្ពុជា​បាន​ចុះ​ MOU​ ជាមួយ​ក្រុមហ៊ុន​របស់​សាធារណរដ្ឋ​កូរ៉េ​ ក្នុង​ការ​នាំ​ចេញ​ស្វាយ​របស់​កសិករ​ក្នុង​ខេត្តកំពុងស្ពឺ​។​ ចំណែក​ក្រុមហ៊ុន​កុង​ហ្វី​រ៉េ​ ក៏​បាន​ចុះ​កិច្ចសន្យា​នាំ​ចេញ​ម្រិច​របស់​កសិករ​ផង​ដែរ​។​ រីឯ​ក្នុង​ខេត្តស្វាយរៀង​វិញ​ ក៏​មាន​ក្រុមហ៊ុន​ប្រទេស​ជប៉ុន​មួយ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ​ធ្វើ​នាំ​បន្លែ​គ្មាន​សារជាតិ​គីមី​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image