en     km
en     km

​កម្ពុជា​ស្នើ​ឲ្យ​ប្រទេស​អ្នកមាន​យោគយល់​ប្រទេស​តូចតាច​

Share

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ច​ន្ទ័​នេះ​ប្រទេស​កម្ពុជា​បាន​លើកទឹកចិត្ត​ដល់​ប្រទេស​ក្រីក្រ​ឲ្យ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​ តំណាង​ថៅកែ​រោងចក្រ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា​ប្រហែល​ច្រើន​ជាង​បី​ដង​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ក្រីក្រ​ដែល​មិនមែន​ជា​សមា ជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

 

​ក្នុង​កិច្ចប្រជុំ​នៃ​ការ​ចែករំលែក​បទ​ពិសោធន៍​អំពី​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ សម្តេច​ហ៊ុន​ សែន​ បាន​ផ្ញើ​សារ​ដល់​ប្រទេស​អ្នកមាន​ឲ្យ​ផ្តល់​ការ​អនុគ្រោះ​ដល់​ប្រទេស​ក្រីក្រ​សំរាប់​ចូល​ជា​សមាជិក​ថ្មី​នៃ​អង្គការ​នេះ​។​

សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​ក្រុម​ប្រទេស​អ្នកមាន​ធនធាន​ឲ្យ​មានការ​យោគយល់​ដល់​ប្រទេស​ក្រីក្រ​ក្នុង​ការ​ទទួលយក​ប្រទេស​ទាំងនោះ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​។​

មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​តុមូល​ចិន​លើក​ទី​៥​ នៅ​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃ​ច​ន្ទ័​នេះ​ (​កិច្ចប្រជុំ​)​ដើម្បី​ពិភាក្សា​អំពី​ការ​ចរចារ​របស់​ប្រទេស​ដែល​អភិវឌ្ឍន៍​តិចតួច​ដើម្បី​ចូល​ជា​សមាជិក​ WTO​ និង​ការ​ចែករំលែក​បទ​ពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ប្រទេស​ក្រីក្រ​គោរព​វិធាន​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ប្រសើរ​ជាង​ប្រទេស​អ្នកមាន​។​ «​យើង​ក៏​អំពាវនាវ​ដល់​ប្រទេស​អ្នកមាន​ទាំងឡាយ​ផ្តល់​នូវ​ការ​យោគយល់​។​បើ​និយាយ​ពី​លក្ខ​ខ​ណ្ឌ័​នៃ​ការ​អនុវត្ត​វិញ​ ប្រទេស​ដែល​អភិវឌ្ឍន៍​តិចតួច​ ហើយ​ដែល​ចូល​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភព លោក​ គោរព​វិធាន​ពាណិជ្ជកម្ម​ពិភពលោក​ជាង​ប្រទេស​ដែល​ប្រទេស​អភិវឌ្ឍន៍​ទៅ​ទៀត​។​»

​កិច្ចប្រជុំ​តុមូល​ចិន​លើក​ទី​៥​នៅ​ថ្ងៃនេះ​ផ្តួចផ្តើម​ឡើង​ដោយ​រដ្ឋាភិបាល​ប្រទេស​ចិន​ សហការ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(​ WTO)​។កិច្ចប្រជុំ​ដែល​មាន​រយៈពេល​៣​ថ្ងៃនេះ​ធ្វើ​ឡើង​ដើម្បី​ចែករំលែក​ចំណេះដឹង​ និង​បទ​ពិសោធន៍​ល្អៗ​ ជូន​ដល់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​ ដែល​បាន​ស្នើ​សុំ​ចូល​ជា​សមាជិកភាព​នៃ​ WTO​ ឲ្យ​ជោគជ័យ​ដូច​កម្ពុជា​។​កិច្ចប្រជុំ​ក៏​នឹង​ពិភាក្សា​អំពី​ការ​ចរចា​របស់​ប្រទេស​អភិវឌ្ឍ​តិចតួច​ ដើម្បី​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ថា​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អាស្រ័យ​លើស​មានចិត្ត​របស់​ក្រុម​ប្រទេស​អ្នកមាន​ផង​ដែរ​ដែល​ចង់​បើកទ្វារ​ឲ្យ​ប្រទេស​ក្រីក្រ​ចូល​ជា​សមាជិក​អង្គការ​នេះ​ឬ​យ៉ាងណា​។​ប៉ុន្តែ​សម្តេច​ហ៊ុន​ សែន​ លើក​ឡើង​ថា​ពិភពលោក​នេះ​មិន​គួរ​បែង ចែក​ប្រទេស​មាន​ឬ​ក្រ​នោះ​ទេ​។​ «​មិន​អាច​មាន​ពិភពលោក​បែងចែក​ ហើយ​ដែល​ទុក​ឲ្យ​អ្នកក្រ​នៅ​បន្ត​ក្រ​និង​ទទួល​នូវ​ផលវិបាក​ដោយសារ​ការ​រារាំង​ពី​ប្រទេស​អ្នកមាន​នោះ​ទេ​។​ដូច្នេះ​ខ្ញុំ​គិត​ថា​ ពិភពលោក​បើកចំហ​ ពិភពលោក​ចំណុះ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពិភពលោក​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក​។​»

​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​អង្គការ​ WTO​ នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០០៤​បន្ទាប់​ពី​មានការ​ចរចា​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ ៥​ឆ្នាំ​ ជាមួយ នឹង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ខ្ពស់​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក​វ៉ា​ន់​ ស៊ូ​អ៊ា​ង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ GMAC​ បាន​កត់សម្គាល់​ពី​ការ​រីក​ចម្រើន​នៃ​ការ​នាំ​ចេញ​ក្នុង​វិស័យ​វាយ​ន​ភ​ន្ត័​ក្រោយ​ពី​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​ «​ដោយ​យក​ប្រទេស​កម្ពុជា​ជា​ឧទាហរណ៍​ ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​រីក​ចម្រើន​ពី​ ២,៨​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​ ២០០៤​ នៅ​ពេល​ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទៅ​ដល់​១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​ ២០១៥​។​»

​ជាមួយ​គ្នា​នេះ​ លោក​វ៉ា​ន់​ ស៊ូ​អ៊ា​ង​ បញ្ជាក់​ថា​អត្រាកំណើន​នៃ​ការ​នាំ​ចេញ​ផលិតផល​វាយ​ន​ភ​ន្ត័​របស់​ប្រទេស​កម្ពុជា​ជា​មធ្យម​ស្ថិត​ក្នុង​រង្វង់​ ១៤,១​ភាគរយ​ក្នុង​មួយ​ឆ្នាំ​គឺ​ជិត​ស្មើនឹង​បី​ដង​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ក្រីក្រ​ដែល​មិនមែន​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​៕

Share

ព័ត៌មានទាក់ទង

Image