ទីក្រុងបាងកក៖ក្រោយពីបញ្ចប់សន្និសីទសារព័ត៌មាននៅទីក្រុងបាងកក កាលពីព្រឹកមិញនេះ អង្គការសភាអាស៊ានដែលមានតំណាងរាស្ដ្រជាច្រើនចូលរួម ដោយបានចេញសេចក្ដីថ្លែងការណ៍ស្ដីពីស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា ។
សេចក្ដីថ្លែងការណ៍នេះ គេបានស្រង់សម្ដីអ្នកតំណាងរាស្ដ្រមួយចំនួនដែលបានឡើងថ្លែងចាប់អារម្មណ៍អំពីស្ថានការណ៍សិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា ដោយគេដាក់ម្ពុជាជារដ្ឋកំពុងធ្វើអោយគ្រោះថ្នាក់ដល់ប្រជាធិបតេយ្យ និងធ្វើអោយអស្ថេរភាពក្នុងតំបន់ទាំងមូល។
អ្នកនាំពាក្យបក្សកាន់អំណាចបានបដិសេធចំពោះសេចក្ដីថ្លែងការណ៍របស់អង្គការនេះ ដោយអះអាងថា កម្ពុជាគ្មានផែនការកំទេចបក្សប្រឆាំង ឬ បំផ្លាញការបោះឆ្នោតនោះទេ ។
កញ្ញា ជុំជោគជាតា ជូនសេចក្ដីរាយការណ៍៖
ក្រុមតំណាងរាស្ត្រមកពីអង្គការសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍មួយដែលនិយាយថា អស្ថិរភាពនយោបាយ នៅកម្ពុជាមុនការបោះឆ្នោតនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់ ស្ថិរភាព តំបន់ទាំងមូល ព្រោះថា បក្សកាន់អំណាចចង់រក្សាអំណាច ខណៈប្រទេសនេះកំពុងធ្វើដំណើរទៅរកការបោះឆ្នោតដ៏សំខាន់។
សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីអង្គការនេះធ្វើសន្និសីទសារព័ត៌មានអន្តរជាតិមួយ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃចន្ទ ទី២០ មីនានេះ ដែលសន្និសីទនេះ ឆ្លុះបញ្ជាំងពីស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា នៅដំណាក់កាលចុងក្រោយនេះ។
ប្រធានអង្គការសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី លោកCharles Santiago បាននិយាយក្នុងសេចក្ដីថ្លែងការណ៍នេះដោយ វាយប្រហារលើ បក្សកាន់អំណាចរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែលមានសេចក្ដីដូចដើមដូចនេះថា៖
« អ្វីដែលកំពុងកើតមាននៅប្រទេសកម្ពុជា គឺជាការព្រមាន លើតំបន់ទាំងមូល។ វាជាករណីសិក្សាមួយ ថាតើ ការខិតខំរបស់បក្សកាន់អំណាច(CPP) ដើម្បីរក្សាអំណាច ដោយអាចបង្កអស្ថិរភាព ប្រព័ន្ធទាំងមូល។ ក្នុងន័យនេះ យើងកំពុងពិនិត្យមើលអំពីលទ្ធភាពពិតប្រាកដមួយដែលកម្ពុជា កំពុងប្រែក្លាយជារដ្ឋឯកបក្សកំពុងគំរាមកំហែងប្រកដដោយហិង្សា ខណៈការបោះឆ្នោតជិតចូលមកដល់។ករណីនេះ ប្រសិនបើសហ គមន៍អន្តរជាតិ ក្នុងមានទាំងសមាគមអាស៊ាន ផងដែរមិនមានវិធានការខ្លាំងក្លារឹងមាំ នោះទេ គឺមានន័យថា សហគមន៍អន្តរជាតិ ប្រថុយឱ្យកម្ពុជាធ្លាក់ក្នុងរបបអត្តាធិបតេយ្យដ៏គ្រោះថ្នាក់ »។
ក្នុងសន្និសីទនេះ មានតំណាងរាស្ត្រច្រើនទៀតបានឡើងចាប់អារម្មណ៍រឿងប្រទេសប្រទេសកម្ពុជា ក្នុងនោះ លោក Tom Villarin សមាជិកសភា មកពីប្រទេសហ្វីលីពីន បាននិយាយថា សង្គមស៊ីវិល កំពុងរួញតូច ភ័យខ្លាចដែលសេរីភាពជាសារវ័ន្តកំពុងរងការគំរាមកំហែង ដែលកំពុងទៅរកចំណុចឆ្លុះបញ្ជាំងមួតាយមរយៈការបោះឆ្នោត។
លោក Tom Villarin បន្ដថា ៖«ជាការពិតណាស់ បក្សកាន់អំណាចចង់រក្សាអំណាច ដោយធ្វើសកម្មភាពកាន់តែធ្វើឱ្យមានអស្ថិរភាពជាងមុន។ បើនិយាយថាបើមានការផ្លាស់ប្ដូរជាកំហុស គឺ យើងអាចមើលឃើញការបង្កភាពប្រទូសារាយ និងបង្កបរិកាសដ៏គ្រោះថ្នាក់ទៅលើបក្សនយោបាយទាំងអស់នៅកម្ពុជា»។
ឆ្លើយតបចំពោះសេចក្ដីថ្លែងការណ៍របស់អង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស លោកសុខ ឥសាន្ដ អ្នកនាំពាក្យបក្សកាន់អំណាច បានបដិសេធចំពោះការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាមានផែនការកំទេចគណបក្សប្រឆាំង និងបំផ្លាញការបោះឆ្នោត ដោយចាត់ទុកអង្គការនេះ មិនតំណាងឱ្យអាស៊ានទាំងមូលឡើយ ។
នៅប្រទេសកម្ពុជារយៈពេលចុងក្រោយនេះ គេសង្កេតឃើញតុលាការបានកាត់ទោស និងចាប់ខ្លួនក្រុមគណបក្សប្រឆាំង និងសង្គមស៊ីវិល ក្នុងករណីដែលគេចោទថា រំលោភច្បាប់ ប៉ុន្ដែអ្នកសង្កេតការណ៍បានហៅអ្នកដែលជាប់ឃុំទាំងនោះថា ជាអ្នកទោសមនសិការ និងជាអ្នកទោសនយោបាយ ។
សម្រាប់លោក មឿង តុលា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានយល់ស្របនឹងការលើកឡើងរបស់ក្រុមតំណាងរាស្ដ្រនៃអង្គការសមាជិកអាស៊ាន ដោយចាត់ទុកសេចក្ដីថ្លែងការណ៍នេះឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែង។ លោកថា គេមិនអាចយកអ្វីទៅដាក់បាំង ខ្មោចដំរីនោះទេ បើនិយាយពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះ ។
នេះជាលើកទី ៣ ហើយ ដែលអង្គការសមាជិកសភាអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍ព្រួយបារម្ភពីការប្រែប្រួលនយោបាយនៅកម្ពុជា ។ក្នុងសេចក្ដីថ្លែងការណ៍លើកនេះ ខុសពីលើកមុនបន្ដិចដោយអំពាវនាវឱ្យសហគមន៍អន្ដរជាតិចូលរួមឱ្យបានច្រើនកុះករ មកសង្កេតការណ៍ បោះឆ្នោតនៅកម្ពុជាដោយធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតមានភាពសេរី ត្រឹមត្រូវ និងតម្លាភាព៕