ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចាត់ទុកថា ការចាប់មន្ត្រីគណបក្សសង្គ្រោះជាតិដាក់ពន្ធ នាគារ គឺមិនផ្តល់ជាប្រយោជន៍អ្វីដល់បក្សកាន់អំណាចទេ។ ជាងនេះមន្ត្រីបក្សប្រឆាំងក៏អំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងមន្ត្រីទាំងនោះ ដោយមិនចាំបាច់មានការចរចារវាងបក្សទាំងពីរនោះទេ។ យ៉ាងណាមន្ត្រីបក្សកាន់អំណាចថា អ្នកទាំងនោះបានប្រព្រឹត្តខុសច្បាប់ គឺត្រូវអនុវត្តតាមនីតិវិធីតុលាការ មិនមែនរួចទោសដោយការចរចានោះទេ។
បន្ទាប់ពីសួរសុខទុក្ខសកម្មជនបក្សខ្លួននៅពន្ធនាគារព្រៃសនៅថ្ងៃទី ១៧ មីនានេះ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកសារព័ត៌មានថា ការជាប់ពន្ធនាគាររបស់មន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប ក្នុងក្តីក្តាំងរឿងនយោបាយ គឺមិនជាផលប្រយោជន៍ផ្នែកនយោ បាយឱ្យបក្សកាន់អំណាចចំណេញនោះទេ ពោលគឺមានតែការបង់ខាតប៉ុណ្ណោះ។
យ៉ាងណាលោក សុន ឆ័យ ផ្តល់សមានចិត្តអាណិតអាសូរដល់មន្ត្រីអាដហុក ពិសេសគឺលោកស្រី លឹម មុន្នី ដែលលោកអំពាវនាវដល់រដ្ឋាភិបាលគួរដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងនោះឱ្យមានសេរីភាពឡើងវិញ។ លោក សុន ឆ័យ៖«ឃើញលោកស្រី មុន្នី ខាងអង្គការអាដហុកហ្នឹង គួរដោះលែងគាត់ទៅគាតចាស់ហើយ ដូចជាមិនស្រួយផង មិនដឹងទុកគាត់ដល់ណាទៀត។ ហើយវាគួរតែមាននីតិវិធីអីមួយ ខ្ញុំជឿថាវាមានការដោះ ស្រាយ ដោយមិនចំបាច់ការចរចារបស់គណបក្សក៏បានដែល»។
មន្ត្រីសមាគមអាដហុកទាំង ៤រូប និងមន្ត្រី គ.ជ.ប មួយរូប ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស រយៈពេលជាង ១០ ខែហើយ ដោយមិនទាន់ទទួលបានការជំនុំជម្រះ។ អ្នកទាំង៥ ត្រូវបានជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងស្នេហាលួចលាក់ដែលគេសង្ស័យថា រវាងលោក កឹម សុខា កាលណ្ណោះជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយនាង ឃុម ចាន់តារ៉ាទី ហៅស្រីមុំជាជាងកាត់ សក់នៅភ្នំពេញ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វិទ្យុស្ត្រីថា សំណុំរឿងមន្ត្រីអាដហុកជារឿងប្រព្រឹត្តបទល្មើស នឹងស្ថិតក្រោមដំ ណើរការនីតិវិធីរបស់តុលាការ ដែលមិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះទេ។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ផ្តល់ជាតម្រុយថា ប្រសិនមិនចង់ឱ្យការជាប់ឃុំអូសបន្លាយកាន់តែយូរ គឺមន្ត្រីអាដហុក គួរកុំប្តឹងឧទ្ធរណ៍សុំនៅក្រៅឃុំ ដើម្បីឱ្យតុលាការពន្លឿននីតិវិធីកាន់តែបានរហ័ស។លោក សុខ ឥសាន៖« ថាតុលាការកាត់ទោសរួមហើយ ត្រូវជាប់ទោសប៉ុន្មានខែ ប៉ុន្មានឆ្នាំអាហ្នឹងឱ្យវាច្បាស់។ ឥឡូវវានៅពាក់កណ្តាលទីហើយ ហើយយើងបន្ទោសតុលាការម៉េច បើយើងប្តឹងសារទុក្ខទៅឧទ្ធរណ៍សុំនៅក្រៅឃុំជារឿងផ្សេងមួយទៀត»។
តែយ៉ាងណា មន្ត្រីសិទ្ធិទាំងនោះ ដែលសម្រេចប្ដឹងនៅក្រៅឃុំ បានត្រូវតុលាការកំពូល បដិសេធ។
ទាក់ទិនរឿងនេះ ឧត្តមស្នងការអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសប្រទេសកម្ពុជា ថាជាប្រទេសមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ខណៈការបោះឆ្នោតជិតចូលមកដល់។ ក្នុងសេចក្តីថ្លែងការណ៍នោះ ក៏បានថ្កោសទោសការចាប់ឃុំខ្លួនមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប ដោយអូសបន្លាយការជំនុំជម្រះរយៈពេលវែង។ជាការពិតអ្នកទាំង៥រូបនេះ ត្រូវគេរំពឹងថា បានទទួលការដោះលែង តាំងពីចុង ខែធ្នូឆ្នាំ២០១៦ ប៉ុន្តែដោយស្ថានការណ៍សារនយោបាយឡើងកំដៅវិញ ពួកគាត់ក៏ស្ថិតក្នុងស្ថានភាពបែបនេះដដែល។
នៅពេលដឹកពួកគាត់មកកាន់តុលាការកំពូល កាលពីដើមសប្ដាហ៍នេះ មន្ត្រីសិទ្ធិមនុស្ស ទាំងនោះសម្ដែងការអស់សង្ឃឹមថា នឹងមិនទទួលបានការដោះលែងទេ ដែលពួកគាត់ចោទថា តុលាការកម្ពុជា នៅតែជា ក្រោមឥទ្ធិពលនយោបាយបក្សកាន់អំណាច៕