ភ្នំពេញ៖ លោក ចន ម៉ាង់ហ្គ៊ើ ស្ថាបនិក និងជាអ្នករៀបចំកីឡារបាល់គប់ ភ្នំពេញ នឹងរៀបចំកម្មវិធីប្រកួតបាល់គប់ជាតិ និអន្ដរជាតិ លើកទី៣ ប្រចាំឆ្នាំ នៅថ្ងៃ ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីការប្រកួតបាល់គប់ជាតិ និងអន្ដរជាតិលើកទី៣ ប្រចាំឆ្នាំ ដែលវិទ្យុស្ដ្រីទទួលបាននៅថ្ងៃនេះ។
កម្មវិធីប្រកួតនេះ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃសៅរ៍ ទី១៨ មីនា ឆ្នាំ ២០១៧ វេលាម៉ោង ៩ព្រឹក ដល់ម៉ោង ៣រសៀល នៅ Premium Sports Club ផ្លូវលេខ ៣៤៥ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ។
តាមសេចក្ដីប្រកាសព័ត៌មានដដែល អ្នកចូលរួមនៅក្នុងកម្មវិធីនេះ ប្រហែលជាង១០០នាក់ ដែលក្នុងនោះមានកីឡាករប្រមាណ៧០នាក់ជាជនជាតិខ្មែរ និងបរទេស ដែលមកពីគ្រប់គ្រឹះស្ថាននានា ដូចជាអង្គការក្រៅរដ្ឋាភិបាល ពាណិជ្ជករ និងសិស្ស និស្សិតមហាវិទ្យាល័យ។
ការប្រកួតប្រជែងជាលើកទីបីនៃកីឡាបាល់គប់ភ្នំពេញ គឺជា ការប្រកួតជំរុះ ដែលបង្ហាញពីសមត្ថភាពនិងជំនាញនៃកាលេងបាល់របស់កីឡាករបាល់គប់ជំរើសនៅភ្នំពេញ។
ការប្រកួតបាល់គប់គឺជាការប្រកួតដែលមានលក្ខណៈប្លែកពិសេស និង មានភាពខុសគ្នាពីកីឡាធម្មតា។ ក្រុមនីមួយៗ នឹងត្រូវបានតំរូវអោយបង្កើតរហ័សនាមក្រុមជាមួយនឹងការណែនាំក្រុម ធ្វើការរចនាម៉ូដឯកសណ្ឋាន សំដែងក្បាច់រាំ និងចូលរួមប្រកួតដណ្តើមយកពានរង្វាន់កីឡាបាល់គប់ភ្នំពេញ។
ក្រោយពីចប់ការប្រកួតនឹងមានកម្មវិធីជប់លៀងសំរាប់កីឡាករដែលបានចូលរួមប្រកួតទាំងអស់ ហើយក៏មានការប្រគល់ពានរង្វាន់ មេដៃ និងរង្វាន់នានាជូនដល់ជ័យលាភីសំរាប់តំណែងលេខ១ លេខ២ ក្រុមដែលមានឈ្មោះក្រុមពិសេសជាងគេ ក្រុមដែលមានឯកសណ្ឋានស្អាតជាងគេ និងក្រុមដែលរាំបានល្អជាងគេ៕