ភ្នំពេញ៖ ជារៀងរាល់ឆ្នាំមានពលរដ្ឋកម្ពុជាយ៉ាងតិច១ម៉ឺននាក់បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ ខណៈដែលពួកគេត្រូវចំណាយលុយប្រមាណ២០០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំដើម្បីទិញថ្នាំជក់។ នេះបើយោងតាមរបាយការណ៍របស់អង្គការចលនាដើម្បីសុខភាពកម្ពុជាដែលចេញផ្សាយនៅថ្ងៃសុក្រទី ១៧ មិនា នេះ។
របាយការណ៍បង្ហាញថា ការចំណាយក្នុងការទិញថ្នាំជក់របស់ប្រជាពលរដ្ឋកម្ពុជានេះអាចសង់ផ្ទះឈើសំរាប់ពលរដ្ឋកម្ពុជានៅតាមតំបន់ជនបទបានចំនួន៤ម៉ឺនខ្នង។
អង្គការចលនាដើម្បីសុខភាពកម្ពុជាបានបញ្ជាក់បន្ថែមក្នុងរបាយការណ៍របស់ខ្លួនថានៅឆ្នាំ២០១៣កម្ពុជាខាតបង់ប្រាក់ចំនួន៣៤,៥លានដុល្លារអាមេរិកក្នុងការព្យាបាលជំងឺចំនួនប្រាំមុខដែលបង្កឡើងដោយការប្រើប្រាស់ថ្នាំជក់។
អង្គការដដែលរំពឹងថារាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរដែលមានសមត្ថកិច្ចជាប់ពាក់ពន្ធ័នឹងរឹតបន្តឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានក្រោមច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ដើម្បីបង្ការនិងកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំជក់លើប្រជាពលរដ្ឋកម្ពុជា៕