ភ្នំពេញ៖ សពរបស់សម្ដេច សុខ អាន អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីនឹងត្រូវបូជាតាមបែបព្រះសុទ្ធសាសនានៅថ្ងៃទី១៩ មីនា ខាងមុខវត្ដបទមវតី។ នេះបើយោងតាមកម្មវិធីបុណ្យសព ដែលផ្សព្វផ្សាយជាសាធារណនៅថ្ងៃទី១៦ មីនានេះ។
បន្ទាប់ពីសម្ដេច សុខ អាន ទទួលមរណភាពរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំកម្មវិធីបុណ្យ ដោយចំណាយថវិកា ប្រមាណជាង ៧៥ម៉ឺនដុល្លារ។ កម្មវិធីបុណ្យនឹងបង្ហើយនៅថ្ងៃទី១៩ ខែមីនា។ បច្ចុប្បន្នសពសម្ដេច សុខ អាន ត្រូវតម្កល់នៅផ្ទះរបស់លោកស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី១៦ មីនានេះថា ការចំណាយសម្រាប់កម្មវិធីបុណ្យសពសម្ដេច សុខ អាន គឺជាការចំ ណាយទាំងស្រុងរបស់រាជរដ្ឋាភិបាល ព្រោះលោកបានទទួលគោរមងារជាសម្ដេច។ តែយ៉ាងណាលោកបញ្ជាក់បន្ថែមថា ថវិកាទាំងអស់នេះគឺចំណាយទៅលើការនាំយកសពលោកត្រឡប់មកកម្ពុជាវិញ និងការចំណាយលើកម្មវិធីបុណ្យចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមីនា។ «ទាំងអស់ហ្នឹងជាការសម្រេចរបស់រដ្ឋាភិបាលក្នុងចូលរួមធ្វើពិធី ដែលសម្ដេច ទទួលបានគោរពងាជាសម្ដេចនេះឯង ដូច្នេះការចំណាយហ្នឹង គឺមានគណៈកម្មការត្រឹមត្រូវ»។
គណៈកម្មការរៀបចំបុណ្យសពនេះ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជាប្រធាន និងសម្តេច ព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាកចក្រកម្ពុជា ជាអនុប្រធាន រួមទាំងសមាជិកផ្សេងៗទៀត។ សម្តេច សុខ អាន បានទទួលមរណភាពនៅមន្ទីពេទ្យនៃទីក្រុងប៉េកាំង ប្រទេសចិន កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
សម្ដេច សុខ អាន កាលនៅមានជីវិត លោកមានតួនាទីជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ សម្ដេច សុខ អាន ទទួលមរណភាពរំលងតែពីរថ្ងៃប៉ុណ្ណោះក្រោយពីលោកទទួលបានគោរមងារជា “សម្ដេចវិបុលបញ្ញា សុខ អាន” កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧។ ភរិយារបស់សម្ដេច សុខ អាន គឺលោកស្រី ថេង អាយអាន្នី បច្ចុប្បន្នលោកទាំងពីរមានកូនប្រុសស្រីចំនួន ០៥នាក់។ សម្ដេច សុខ អាន កើតនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៥០ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
សម្ដេច សុខ អាន បានចូលរួមដឹកនាំប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣។ លោកបានចូលរួមចំណែក យ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែន និងការអភិវឌ្ឈធនធានរ៉ែនៅកម្ពុជា ។ ស្នាដៃសំខាន់ៗរបស់សម្តេច សុខ អាន មានដូចជាការជួយជ្រោមជ្រែង ដើម្បីដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្ដូ រួមទាំងការរៀបចំឲ្យបង្កើតឡើងនូវសាលាក្តីខ្មែរក្រហម ដែលកំពុងតែដំណើរការកាត់ទោសថ្នាក់ដឹកនាំកំពូលៗ របស់ខ្មែរក្រហម ដែលរស់នៅសព្វថ្ងៃ៕