ភ្នំពេញ ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង បានកោតសរសើរព្រះមហាក្សត្រ ដែលទ្រង់មិនឡាយព្រះហស្តលេខាលើកវិសោធន កម្មច្បាប់ស្តីគណបក្សនយោបាយដ៏ចម្រូងចម្រាស។ អតីតមេបក្សប្រឆាំងរូបនេះបានថ្កោលទោស ចំពោះច្បាប់មួយនេះថា ធ្វើឡើងដោយរំលោ ភលើរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យ៉ាងណាកន្លងមកមន្ត្រីបក្សកាន់អំណាចថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីធ្វើឱ្យសមស្របតាមបរិបទសង្គម និងនយោបាយ។
លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងដែលសុខចិត្តចុះចេញពីតំណែង កាលពីខែកុម្ភៈ នៅថ្ងៃទី១៦ មីនានេះ បានសរសើរលើទំព័រហ្វេសប៊ុករបស់លោក ដោយអរគុណ និងកោតសរសើរព្រះមហាក្សត្រថា ជាក្សត្រល្អ ព្រោះទ្រង់សម្រេចព្រះទ័យមិនចុះព្រះហស្តលេខាលើកវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ លោក សម រង្ស៊ី បន្តថា ព្រះមហាក្សត្រដែលមិនយល់ព្រមព្រះហស្តលេខា លើវិសោធនកម្មនេះ ហើយយាងទៅស្រុកចិន គឺដើម្បីកុំឲ្យមានព្រះនាមអាក្រក់ក្នុងប្រវត្តិសាស្ត្រ។
លោក សម រង្ស៊ី បានសម្រេចលាលែងចេញពីតំណែង បន្ទាប់ពីសមាជិករដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា ទាំង៦០រូប បានស្នើទៅកាន់ប្រធានរដ្ឋសភាដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមួយនេះដែលច្បាប់នេះសម្ដៅរំលាយគណបក្សនយោបាយ។
លោក សម រង្ស៊ី បានបង្ហាញពីមូលហេតុ ដែលលោកសម្រេចលាលែងពីតំណែងជាមេបក្សថា គឺដើម្បីការពារបក្សពីការរំលាយណាមួយ ព្រោះច្បាប់ស្តីពីគណបក្សនយោបាយនេះ មានបញ្ញាតិ្តរំលាយបក្សណាដែលមានប្រធាន អនុប្រធាន ឬគណកម្មាការនាយកដែលជាទណ្ឌិត ឬមានពិរុទ្ធក្នុងករណីព្រហ្មទណ្ឌ។
ក្នុងទំព័រហ្វេសប៊ុកដដែលនេះ លោក សម រង្ស៊ី បន្តថា វិសោធនកម្មច្បាប់នេះ បានរំលោភលើរដ្ឋម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ពិសេសគឺរំលោភលើការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។ អតីតប្រធានបក្សប្រឆាំងរស់នៅនិរទេសខ្លួនរូបនេះបន្តថា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ នោះគឺកម្ពុជានឹងវិលត្រឡប់ទៅរករបបបក្សតែមួយ ដូចកាលសម័យកុម្មុយនីស្ត គឺមិនអាចហៅថាពហុបក្សបានទេ។
វិទ្យុស្ត្រីមិនទាន់សុំបានការឆ្លើយតបពីមន្ត្រីបក្សកាន់អំណាចបាននៅឡើយទេ ។តែយ៉ាងណាមន្ត្រីបក្សកាន់អំណាចធ្លាប់បានបកស្រាយជារឿយៗថា ការសម្រេចចង់កែប្រែច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺដើម្បីធ្វើឱ្យច្បាប់នេះ អាចបំរើផលប្រយោជន៍ស្របតាមការវិវត្តសង្គម និងបរិបទនយោបាយតែប៉ុណ្ណោះ។
វិសោធនកម្មនេះត្រូវដាក់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយព្រះហស្តលេខាមុនពេលចូលជាធរមាន។ ប៉ុន្តែ ព្រះអង្គបានយាងទៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពក្នុងរយៈពេលជាច្រើនសប្តាហ៍ ហើយតួនាទីទាំងនោះ ត្រូវធ្លាក់ទៅលើបន្ទុកទៅលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាជាអ្នកចុះហត្ថលេខាជំនួស។ ព្រះអង្គយាងទៅប៉េកាំងថ្ងៃទី២៤ គឺចំថ្ងៃដែលក្រុមប្រឹក្សាធម្មនុញ្ញ បានថ្វាយច្បាប់នេះ ចូល ព្រះបរមរាជវាំង ដើម្បីឱ្យព្រះអង្គពិនិត្យនិងចុះព្រះហស្ថលេខា ប្រកាសឱ្យប្រើច្បាប់ដ៏ចម្រូងចម្រាសនេះ។
ក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា “ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចថា ច្បាប់ស្តីពីគណបក្សនយោបាយដែលបោះឆ្នោតអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាត្រូវប្រកាសស្របតាមរដ្ឋធម្មនុញ្ញ”។
ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ត្រូវបានស្ថានទូតប្រទេសមហាអំណាចមួយចំនួនរួមនឹងសមាជិកសមាជិកសភាអាស៊ានប្រតិកម្មតបថា ជាការរំលោភលើលទ្ធិប្រជាធិបតេយ្យ និងបំពានក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតមួយប្រកបដោយសេរីនឹងយុត្តិធម៌។
ចំណែកអ្នកវិភាគនយោបាយ និងសង្គមស៊ីវិលមួយចំនួន បានរិះគន់ថា វិសោធនកម្មនេះជាចំណាត់ការថ្មីមួយទៀត ក្នុងការវាយប្រហារចុងក្រោយដ៏ធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅពេលវិសោធនកម្មនេះចូលជាធរមាន គឺក្រសួងមហាផ្ទៃមានសិទ្ធិអំណាចនៅក្នុងការផ្អាកសកម្មភាពរបស់គណបក្សនយោបាយ បើសិនជាមានការប្រព្រឹត្តបទល្មើសណាមួយដោយថ្នាក់ដឹកនាំរបស់គណបក្សនោះ។ ចំណែកតុលាការកំពូលមានសិទ្ធិអំណាចក្នុងការរម្លាយគណបក្សនយោបាយណាមួយ ទាក់ទិនការប្រព្រឹត្តបទល្មើសបង្កអសនិ្តសុខសង្គម៕