ភ្នំពេញ ៖ តំណាងរដ្ឋាភិបាលអាមេរិក នៅតែប្រកាន់ជំហរថា ការដែលកម្ពុជាចង់ឱ្យអាមេរិកទំលាក់បំណុលដែលកម្ពុជាជំពាក់ គឺជាអាទិភាពនៃទំនាក់ទំនងទ្វេភាគី។ ការបញ្ជាក់របស់មន្ត្រីទូតអាមេរិក ធ្វើឡើងតាមសារអ៊ីមែលជាមួយវិទ្យុស្ត្រី ដែលបានដាក់សំណួរសួរជាថ្មីម្ដងទៀតសុំឆ្លើយតប នឹងអតីតរដ្ឋទូតអូស្ត្រាលីម្នាក់ប្រចាំនៅកម្ពុជាថា អាមេរិកគួរពិចារណាបំណុលរបស់ខ្លួនក្នុងរបបសាធារណរដ្ឋខ្មែរ នល់លន់ ឡើងវិញ។ តែកម្ពុជាមិនទាន់សុំជាផ្លូវការទៅអាមេរិកទេ។
ក្នុងសារអ៊ីម៉ែលនោះ មន្ត្រីអ្នកនាំពាក្យរងស្ថានទូតអាមេរិកលោក David Josar និយាយថា៖«បំណុលទ្វេភាគីរវាងកម្ពុជាជំពាក់អាមេរិក គឺជាប្រធាន បទមួយត្រូវការពិភាក្សាស៊ីជំរៅទៅមុខទៀត ហើយចំបាច់វាត្រូវតែជាផលប្រយោជន៍ប្រទេសទាំងពីរដើម្បីដោះស្រាយ។ ជំនួយក្នុងបំណុលណា មួយចំបាច់ត្រូវតែទទួលស្គាល់ដោយសមាជិករដ្ឋសហរដ្ឋអាមេរិក។»
លោកបន្តថា៖«ដូចយើងបាននិយាយមុនៗហើយថា យើងស្វាគមន៍ការដោះដូរទស្សនគ្នាស៊ីជម្រៅលើបំណុលនេះជាមួយរដ្ឋាភិបាលកម្ពុជា។»
នៅប៉ុន្មានថ្ងៃមុខនេះ អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា លោក តូនី ខេវិន (Tony Kevin) បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានអូស្ត្រា លី អេ.ប៊ី.ស៊ី (ABC) ថា ការដែលសហរដ្ឋអាមេរិក ប៉ុនប៉ងស្នើឲ្យកម្ពុជា សងបំណុលនេះ គឺជាការឆ្គាំឆ្គងផ្នែកនយោបាយការបរទេស។ លោកថ្លែងថា វាគឺជារឿងមួយដែលមិនសមស្របទាល់តែសោះសម្រាប់ការដែលសហរដ្ឋអាមេរិក ស្នើឲ្យកម្ពុជា សងបំណុលណាមួយក្នុងអំឡុងពេលនេះ ហើយថា វាមិនមែនជារឿងឆ្លាតវៃនោះទេសម្រាប់នយោបាយការបរទេសអាមេរិក ដោយសារតែកម្ពុជា កំពុងតែបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ខេវិន បញ្ជាក់ថា សកម្មភាពរបស់អាមេរិក ក្នុងទសវត្សរ៍ទី៧០ បានបង្កនូវវិនាសកម្មយ៉ាងខ្លាំងក្លាដល់កម្ពុជា។ លោកថា ការណ៍នេះត្រូវបានដឹងឮក្នុងចំណោមមជ្ឈដ្ឋានអ្នកធ្វើគោលនយោបាយការបរ ទេសថា វាបានចូលរួមចំណែកក្នុងការបង្កើតឲ្យមានឡើងនូវរបបខ្មែរក្រហម។
តែយ៉ាងលោកថា អាមេរិកក៏ខំជួយពន្លត់សង្គ្រាមស៊ីវិលនៅកម្ពុជាដែរ ហើយជួយអភិវឌ្ឍប្រទេសនេះទៀតផង។ ទាក់ទិននឹងការធ្វើអត្ថាធិប្បាយរបស់លោក David Josar មិនបានឆ្លើយតបនឹងអតីតឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា លោក តូនី ខេវិន ដែលវិទ្យុស្ត្រីសុំការឆ្លើយតបពីស្ថានទូតអាមេរិក។ តែមន្ត្រីទូតនេះបែរជាឆ្លើយដូចនេះទៅវិញ។ ទាក់ទិនបញ្ហានេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា កម្ពុជាមិនទាន់មានគម្រោងណាមួយចរចាឱ្យស៊ីជម្រៅរឿងបំណុលនេះជាមួយអាមេរិកនៅឡើយទេ។
យ៉ាងណាលោក សុខ ឥសាន បន្តថា ការទារបំណុលកម្ពុជាក្នុងបញ្ហានេះ ជារឿងមួយអសីលធម៌ខ្លាំងណាចំពោះកម្ពុជា ដែលលោកថា អាមេរិកគួរលុបបំណុលនេះចោល។
តើអ្នកវិភាគវិញយល់ឃើញដូចម្ដេចដែរ?
លោកសាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា អាមេរិកប្រហែលជាគិតពីឥទ្ធិពលចិនច្រើនជាងអាមេរិក នៅកម្ពុជាទើបអាមេរិកមិនព្រមលុបបណុលសង្គ្រាមចោលនោះ។
យ៉ាងណាអ្នកវិភាគរូបនេះ បារម្ភថា បើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាកាន់តែធ្លាក់ចុះ គឺអាមេរិកអាចបិទការនាំចូលមួយចំនួន សម្រាប់ផលិតកាត់ដេរចូលទីផ្សារអាមេរិក។ លោកថា នេះជាចំណោទមួយនៃប្រធានបទរបស់សភាអាមេរិកដែល ចេញសេចក្ដីសម្រេចលើស្ថានភាពនយោបាយនៅពេលចុងក្រោយនេះ។
កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រតិកម្មតបជាមួយសហរដ្ឋអាមេរិក ដែលនៅតែបន្តតាមទាមបំណុលកម្ពុជា ដែលជំពាក់កាលរបបលោកសេនាប្រមុខ លន់ នល់ ប្រមាណ ៥០០លានដុល្លារ។ សម្តេច ហ៊ុន សែន ក៏បានថ្លែងអំពាវនាវឱ្យសហរដ្ឋអាមរិកបង្វែរបំណុលដែលកម្ពុជាជំពាក់នេះ ទៅជាជំនួយមនុស្សធម៌វិញ ដើម្បីស្តារប្រទេសកម្ពុជាឡើងវិញ ដែលសម្តេចថា ចំណែកនៃការខូចខាតកាលពីសម័យសង្គ្រាមគឺបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អាមេរិក៕