អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានគាំទ្រ ចំពោះរដ្ឋាភិបាល ដែលបានដាក់ពិដានអាត្រាការប្រាក់មិនឱ្យលើសពី១៨%ក្នុងមួយឆ្នាំ។
ថ្លែងពីក្រៅប្រទេស លោក សម រង្ស៊ីបានលើកឡើងថា «ថ្ងៃនេះខ្ញុំមានសេចក្តីត្រេកអរដែលបានទទួលព័ត៌មានថារដ្ឋាភិបាលសម្រេចបញ្ចុះអតិបរមា ចំពោះប្រជាពលរដ្ឋដែលទៅខ្ចីលុយ ពីធនាគារ និងពីគ្រឹះស្ថានហិរញ្ញវត្ថុ »។
បែបនេះក្តី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលទើបលាលែងពីតំណែងរូបនេះ បានបង្ហាញអារម្មណ៍សោកស្តាយ ដែលលោកថា កាលពីទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ លោកបានសរសេរលិខិតមួយ ជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ចាត់វិធានការបញ្ចុះអាត្រាការប្រាក់អតិបរមា ដែលខ្ពស់ហួសហេតុ ដែលធនាគារ និងពីគ្រឹះស្ថានហិរញ្ញវត្ថុ យកមកអនុវត្តសម្រាប់ផ្តល់ឥណទានដល់ប្រជាពលរដ្ឋ ប៉ុន្តែមិនមានការឆ្លើយតបពីសម្តេច។
សូមជម្រាបថា កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០១៧ ធនាគារជាតិកម្ពុជា បានកំណត់ ពិដានអាត្រាការប្រាក់ឥណទានមិនឱ្យលើសពី១៨% ក្នុងមួយឆ្នាំសម្រាប់ការផ្តល់ឥណទានរបស់មីក្រូហិរញ្ញវត្ថទាំងអស់នៅកម្ពុជា។
ការកំណត់កម្រិតអាត្រាការប្រាក់នេះ ដើម្បីរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតអាត្រាការប្រាក់ក្នុងអត្រាខ្ពស់ពេកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ។វិធានការនេះ នឹងអនុវត្តចាប់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៧ តទៅ៕