ភ្នំពេញ ៖ លោកកឹម សុខា ដែលទើបនឹងឡើងជាប្រធានគណបក្សសង្គ្រោះជាតិទស្សទាយថាគណបក្សរបស់លោកអាចដណ្តើមបានអសនៈក្រុមប្រឹក្សាឃុំសង្កាត់រហូតដល់ ៦០ភាគរយ។
ប៉ុន្តែ អ្នកឃ្លាំមើលការបោះឆ្នោតគិតថាគណបក្សប្រឆាំងមិនទាន់អាចឈានដល់ជ័យជំនះនេះទេ។
មេដឹកនាំគណបក្សប្រឆាំងរំពឹងថានឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ។ការបោះឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោកកឹម សុខា ថ្លែងដូច្នេះក្នុងពិធីផ្សព្វផ្សាយគោលនយោបាយសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអង្គារនេះនៅទីស្នាក់កណ្តាលគណបក្សសង្គ្រោះជាតិនៅសង្កាត់ចក្រអង្រែ ក្រុងភ្នំពេញ។
លោកកឹម សុខា អះអាងដូច្នេះដោយសំអាងលើសន្ទុះនៃការគាំទ្រគណបក្សប្រឆាំងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីខែកក្កដាឆ្នាំ២០១៣។
មានគណបក្សនយោបាយចំនួន១២នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។ គណបក្សទាំងនេះត្រូវប្រកួតគ្នាដណ្តើមគ្រប់គ្រងឃុំសង្កាត់ចំនួន១៦៤៦ និងអសនៈក្រុមប្រឹក្សាចំនួន១១៥៧២នាក់។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច លោកសុខ ឥសាន មានប្រសាសន៍ថា គណបក្សនិមួយៗសុទ្ធតែមានក្តីសង្ឃឹមទុកជាមុនរៀងខ្លួនមុនការបោះឆ្នោតមកដល់។ ប៉ុន្តែក្តីសង្ឃមទាំងនោះមិនមែនជាកត្តាកំណត់ជ័យជំនះទេ។ «ការសង្ឃឹមរបស់គួរប្រកួតនីមួយ មិនមែនជាកត្តកំណត់នោះទេ អ្វីដែលជាការកំណត់ គឺនៅលើស្នាដៃ គុណសម្បត្តិដែលគាត់ធ្វើ បម្រើប្រជាពលរដ្ឋបានប៉ុន្មាន បម្រើជាតិ ដែលធ្វើឲ្យប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្តបោះឆ្នោតឲ្យគាត់ ។»
ដោយឡែកលោក សំ គន្ធាមី នាយកប្រតិបត្តិនៃគណកម្មាធិការអព្យាក្រិត្យនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថានិកហ្វិក យល់ឃើញថាគណបក្សប្រឆាំងទំនងជាពិបាក់ដណ្តើមយកជ័យជំនះផ្តាច់មុខក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ។មូលហេតុដោយសារគណបក្សនេះកំពុងមានវិបត្តិផ្ទៃក្នុងនិងការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនិងជម្លោះជាមួយគូប្រជែង។
កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១២ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១០។ក្នុងនោះគណ បក្សប្រជាជនកម្ពិជាដណ្តើមបានមេឃុំនិងចៅសង្កាត់ចំនួន ១៥៩២មេឃុំ និងមានក្រុមប្រឹក្សា៨២៩២នាក់។ ដោយឡែកគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលបច្ចុប្បន្នច្របាច់បញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិតែមួយកាន់កាប់ឃុំសង្កាត់ចំនួន៤០ និងក្រុមប្រឹក្សាចំនួន២៩៥៥នាក់៕