ពោធិ៍សាត់៖ ខ្យល់កន្ត្រាក់បានវាយប្រហារលើភូមិចំនួនពីរក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅរសៀលនេះ។ របាយការណ៍បឋមឲ្យដឹងថាផ្ទះពលរដ្ឋយ៉ាងតិច៥០ខ្នងទទួលរងការខូចខាត។
យ៉ាងហោចណាស់ផ្ទះជាង៥០ខ្នងទទួលរងការខូចខាតនិងបំផ្លាញទាំងស្រុងក្នុងគ្រោះខ្យល់កន្ត្រាក់យ៉ាងខ្លាំងមួយនៅរសៀលថ្ងៃអង្គារនេះនៅក្នុង ក្នុងភូមិក្រាំងល្ងាង និងភូមិរកាចេកខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើយោងតាមប្រភពពីក្រុមអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋរងគ្រោះ។
ភូមិក្រាំងល្ងាង និងភូមិរកាចេកខាងជើង ស្ថិតនៅតំបន់ជើងភ្នំក្រវាញ ដែលហ៊ុំពទ្ធ័ដោយព្រៃ។ ក្រុមអាជ្ញាធរនៅមិនទាន់អាចវាយតម្លៃពីការខូចខាតនៅឡើយទេ។
អ៊ុំ សេង មេឃុំ អន្លង់រាប បានឲ្យដឹងថាខ្យល់កន្ត្រាក់បានចាប់ផ្តើមវាយប្រហារមកលើភូមិទាំងពីរខាងលើនៅវេលាម៉ោងប្រមាណ២រសៀល។ ខ្យល់បានវាយបំប៉ើងដំបូលផ្ទះស័ង្កសីនិងដំបូលផ្ទះក្បឿង រីឯផ្ទះស្លឹកតូចៗមួយចំនួនត្រូវខ្យល់បក់ប៉ើងខ្ទាតចូលប្រឡាយទឹក។
លោកមេឃុំ អ៊ុំ សេង គូសបញ្ជាក់ថាពុំមានជនរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះទេ។ ចំណែកលោក ស៊ិន សុរារិទ្ធ ប្រជាពលរដ្ឋភូមិក្រាំង ដែលបានស្ថិតក្នុងហេតុការនេះផ្ទាល់បានរៀបរាប់ថា៖
កាលពីថ្ងៃចន្ទ័ម្សិលមិញខ្យល់កន្ត្រាក់បានវាយប្រហារក្នុងឃុំកំរៀង ស្រុកកំរៀង បាត់ដំបង និងក្នុងសង្កាត់សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ផ្ទះនិងទ្រព្យសម្បត្តិសរុបចំនួន២៧ខ្នងបានរងការខូចខាត។
ក្រសួងធនធានទឹកនិងឧត្តុនិយម បានប្រកាសថាចាប់ពីថ្ងៃទី១២និងថ្ងៃទី១៣ខែមីនានេះនឹងមានភ្លៀងកក់ខែស្ទើរទូទាំងប្រទេស។ហើយភ្លៀងកក់ខែនេះអាចនឹងអូសបន្លាយច្រើនថ្ងៃ។
ទន្ទឹមនោះដែរក្រសួងធនធានទឹកបានព្រមានឲ្យប្រជាពលរដ្ឋប្រុងប្រយត្ន័ចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតមានក្នុងអំឡុងពេលមេឃភ្លៀង៕