ភ្នំពេញ៖ មួយថ្ងៃក្រោយពីទិវាអំណានជាតិ អង្គការទស្សនពិភពលោកបានបង្ហាញរបាយការណ៍មួយថាការដោះស្រាយអនក្ខរកម្មនៅកម្ពុជាក្នុងចំណោមសិស្សានុសិស្សនៅតែជាបញ្ហាប្រឈម។របាយការណ៍ក៏បានបង្ហាញផងដែរពីតម្រូវការនៃការបង្កើតបណ្ណាល័យឲ្យប្រសើរឡើងថែមទៀតនៅតាមគ្រឹះស្ថានអប់រំ។
«ការសម្រេចបានអក្ខរកម្មល្អសម្រាប់កុមារ នៅតែជាបញ្ហាប្រឈមយ៉ាងធំនៅក្នុងប្រទេសកម្ពុជា»។នេះបើយោងតាមរបាយការណ៍របស់អង្គការទស្សនៈពិភពលោកក្រោយពីបានធ្វើការអង្កេតទៅលើសិស្សានុសិស្សក្នុងខេត្តចំនួនប្រាំបួន » ។
របាយការណ៍ដែលផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យទី១២ខែមីនាគឺមួយថ្ងៃក្រោយពីទិវាជាតិនៃអំណាន។
ក្នុងរបាយការណ៍នោះអង្គការទស្សនពិភពលោកបានលើកឡើងថានៅឆ្នាំ២០១២សិស្សសាលានៅថ្នាក់ទី២ចំនួន២ភាគ៣អាចអានបាន។ដោយឡែកនៅឆ្នាំ ២០១៦ មានតែមួយភាគបួននៃសាលារៀនដែលត្រូវបានជ្រើសរើសដើម្បីវាយតម្លៃតែប៉ុណ្ណោះ បានបំពេញតាមស្ដង់ដារធនធានអំណានដែលកំណត់ដោយរដ្ឋាភិបាល។
ដោយឡែកបើផ្អែកតាមការវាយតម្លៃរបស់ក្រសួងអប់រំ យុវជននិងកីឡា នៅឆ្នាំ២០១៣ឲ្យដឹងថាមានតែ ៤៥,៧ ភាគរយតែប៉ុណ្ណោះនៃសិស្សានុសិស្សថា្នក់ទី៦អាចសរសេរ និងអានភាសាខ្មែរបាន។
លោកស្រីបណ្ឌិត ជិល រេម័រ ប្រធានបច្ចេកទេសអប់រំនិងបំណិនជីវិតនៃអង្គការទស្សនពិភពលោក មានប្រសាសន៍ថា«បើទោះបីជាមានការយល់ដឹងច្រើនជាងមុនពីសារសំខាន់នៃការអានក្នុងប្រទេសកម្ពុជាក៏ដោយក៏នៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវជំរុញដើម្បីឲ្យមានវប្បធម៌អានពិតមួយ»។
នៅក្នុងការស្ទង់មតិរបស់ខ្លួនអង្គការទស្សនៈពិភពលោក World Vision រកឃើញថា សិស្សជាច្រើននាក់ចង់បានបណ្ណាល័យដែលមានសៀវភៅច្រើនជាងមុន និងមានបរិយាកាសល្អ ។ ការស្ទង់មតិដែលធ្វើឡើងនៅក្នុងសាលាបឋមសិក្សាចំនួន ៤៣ ទូទាំងប្រទេស ក្នុងខេត្ដចំនួនប្រាំបួន។ខេត្តទាំងនោះរួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្ដាល ព្រៃវែង ព្រះវិហារ សៀមរាប និងខេត្តតាកែវ។
អង្គការទស្សនៈពិភពលោកដដែល បានរកឃើញទៀតថា សិស្សានុសិស្សជាង ៤ពាន់នាក់ បានបោះឆ្នោតលើស្ដង់ដារបណ្ណាល័យដែលពួកគេចង់ឲ្យមានការកែលម្អខ្លាំងបំផុត។ទន្ទឹមនឹងនោះ សិស្សចំនួន ២៥ភាគរយ បានបោះឆ្នោតចង់ឲ្យមាន “កំណើនចំនួន និងភាពសម្បូរបែបនៃសៀវភៅ និងឯកសារអាន”។
ដោយឡែកសិស្សចំនួន ១២ភាគរយ បោះឆ្នោតចង់ឲ្យមាន “បរិយាកាសអំណោយផលសម្រាប់ការអាន“។ ហើយសិស្សចំនួន ១០ភាគរយបោះឆ្នោតចង់ឲ្យមាន “ការរៀបចំឲ្យមានសកម្មភាពអាននៅក្នុងបណ្ណាល័យ” ឲ្យបានកាន់តែច្រើន។
លោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា មិនអាចទាក់ទងបានទេនៅរសៀលថ្ងៃនេះ។
ប្រទេសកម្ពុជាត្រូវគេសំគាល់ថាមានប្រជាពលរដ្ឋដែលនិយមការអានតិចតួចធៀបនឹងប្រទេសជឿនលឿននៅក្នុងពិភពលោក។ចាប់តាំងពីឆ្នាំ២០១៦មករាជរដ្ឋាភិបាលបានបង្កើតឲ្យមានទិវានៃការអានជារៀងរាល់ឆ្នាំ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋអានឲ្យកាន់តែច្រើន។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា មានប្រសាសន៍ថា ការអានមានសារសំខាន់សំរាប់ពលរដ្ឋកម្ពុជា ជាពិសេសសំរាប់សិស្សានុសិស្សនៅកម្រិតបឋមសិក្សា។ លោក គាំទ្រតាមនិន្នាការខ្វះការយកចិត្តទុកដាក់ពីសាលា ខ្វះការលើកទឹកចិត្ត អសកម្មរបស់បណ្ណាល័យ ខ្វះការបន្ថែមសៀវភៅថ្មីៗដែលជាគោលការណ៍។សិស្សដែលចូលរៀនដំបូងត្រូវការចេះអាន។
បើគាត់មិនចេះអានហើយវានឹងក្លាយជាឧបសគ្គនៃការសិក្សាគ្រប់មុខទាំងអស់នៅថ្ងៃមុខ។ហើយដើម្បីឲ្យសិស្សចេះអានមិនមែនជាភារកិច្ចសំរាប់តែសាលាតែមួយមុខទេ។ឱពុកម្តាយត្រូវគិតគូរអំពីកូន។ត្រូវរកសៀវភៅឲ្យកូនអានបន្ថែម ត្រូវតាមដានលទ្ធផលនៃការអានរបស់សិស្សជាដើម។
អង្គការស៊ីប៉ាគឺជាអង្គការមួយដែលជំរុញនិងលើកទឹកចិត្តឲ្យមានការអានទាំងក្នុងទីសាធារណៈ នៅតាមពន្ធនាគារ និងនៅតាមគ្រឹះស្ថានអប់រំសាធារណៈ៕