ភ្នំពេញ ៖ មន្ទីរពេទ្យព្យាបាលរោគស្ត្រីទូទៅ ជាពិសេសស្ត្រីកើតជំងឺមហារីក គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០១៧ ខាងមុខនេះ ដោយផ្តោតសំខាន់ទៅលើស្ត្រីក្រីក្រអាចមានលទ្ធភាពទៅព្យាបាលជំងឺរបស់ពួកគេ។ នេះបើតាមស្ថាបនិកមន្ទីរពេទ្យនគរទេព លោកស្រី Janne Ritskes។
មន្ទីរពេទ្យនគរទេពគឺជាមន្ទីរពេទ្យមួយដែលបង្កើតទ្បើងក្នុងគោលបំណងដើម្បីជួយ សង្គ្រោះដល់ស្ត្រីក្រីក្រ ដែលគ្មានលទ្ធភាពព្យបាលជំងឺអាចទៅព្យាបាល ជំងឺរបស់ពួកគាត់បានដោយគ្រាន់តែចំណាយថវិកាតិចតួចបំផុត។ មន្ទីរពេទ្យនេះ ស្ថិតខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកស្រី ជេនី រីតស្កេស (Janne Ritskes) ស្ថាបនិកមន្ទីរពេទ្យនគរទេព បានផ្តល់បទសម្ភាសន៍ឱ្យក្រុមអ្នកសារព័ត៌មានក្នុងកម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌មួយ កាលពីល្ងាចថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧ ឱ្យដឹងថា មន្ទីរនេះបង្កើតទ្បើងដើម្បីព្យាបាលជំងឺស្រី្តដែលមានជីវភាពក្រីក្រ ជាពិសេសព្យាបាល ស្ត្រីកើត រោគមហារីក។
លោក ស្រី ជេនី រីតស្កេស មានប្រសាសន៏ទៀតថា មន្ទីរពេទ្យនេះបង្កើតទ្បើងមិនមែនសម្រាប់អ្នកមាននោះទេ តែបង្កើតទ្បើងសម្រាប់ប្រជាពលរដ្ឋក្រីក្រ ជាពិសេស កម្មការិនីរោងចក្រអាចមានលទ្ធភាពទៅព្យាបាលជំងឺ។ លោក ស្រី ជេនី រីតស្កេស ៖«អ្នកណាក៏អាចទទួលសេវាកម្មហ្នឹងបានដែរគ្រាន់តែអ្នកដែលក្រ កម្មកររោងចក្រហ្នឹងគឺតិចមែនទែនប៉ុន្តែយើងមិនអាចឱ្យទទេបានទេគឺដើម្បីឱ្យគាត់មានថវិកាចូលរួមដែរប៉ុន្តែគ្រាន់តែថាតិចមែនទែនអ្នកដែលធូរធារល្មមយើងគិតទៅតាមហ្នឹងទៅ ហើយអ្នកដែលមានគឺអាហ្នឹងយើងគិតថ្លៃពេញ តែទិសដៅគឺសម្រាប់ស្ត្រីខ្មែរដែលគ្មានលទ្ធភាព»។
លោកស្រី ជេនី រីតស្កេស ប្រាប់ថាលោកស្រីមិនចង់ឃើញស្ត្រីខ្មែរប្រឈមការបាត់បង់ទីជំរកដោយសារតែជំងឺនោះទេ។លោក ស្រី ជេនី រីតស្កេស ៖ «គឺសំខាន់យើងអត់ចង់ឱ្យនារីខ្មែរយើងដែលក្រត្រូវតែលក់ដី លក់ផ្ទះ លក់សម្បែង អស់អនាគតដោយសារជំងឺនោះទេហើយអាហ្នឹងស្រុកខ្មែរយើងមានបញ្ហាច្រើនណាស់»។
ក្នុងវិធីរៃអង្គាសថវិកាសប្បុរសធម៌មួយលោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺលោកស្រី អ៊ឹង កន្ថាផាវី ក៏មានវត្តមានដែរ។ លោកស្រីរដ្ឋមន្ត្រី ក្រសួងកិច្ចការនារីក៏ជាអ្នកផ្តួចផ្តើមមន្ទីរពេទ្យនគរទេពនេះដែរ លោកស្រីមានប្រសាសន៍ថា ការបង្កើតមន្ទីរពេទ្យនេះទ្បើងក្នុងគោលបំណងសំខាន់ដើម្បីជួយស្ត្រីដែលគ្មានលទ្ធភាពទៅព្យាបាលមន្ទីរពេទ្យសាធារណៈ ឬមន្ទីរពេទ្យឯកជនជាដើម។ លោកស្រី អ៊ឹង កន្ថាផាវី បញ្ជាក់ទៀតថាតាមការសិក្សាស្រាវជ្រាវគេរកឃើញថាស្ត្រីជាង ៧០% ខ្វះខាតថវិកាទៅព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ។ លោកស្រី អ៊ឹង កន្ថាផាវី ៖«យើងឃើញហើយមានស្ត្រីច្រើនណាស់ដែលមិនមានលទ្ធភាពទៅមន្ទីរពេទ្យហើយបើយើងមើលទៅការស្រាវជ្រាវមើលឃើញថាមានជាង ៧០% កខ្វះនៃថវិកាទៅព្យាបាលឱ្យបានគ្រប់គ្រាន់ ព្រោះវាជាក្វល់មួយដែលយើងខ្ញុំទាំងពីរនាក់បានគិតគូកន្លងមកអញ្ចឹងការងារនេះយើងបានគិតគូច្បាស់លាស់ហើយផ្អែកទៅលើការសិក្សាស្រាវជ្រាវពិតប្រាកដទៅលើស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជាយើង»។
ចំណែកប្រធានអង្គការបង្ការពិការភាពកម្ពុជា លោកស្រី ឈុន ចិន្តាសោភា ដែលបានចូលរួមកម្មវិធីសប្បុរធម៌រៃអង្គាសថវិកាសាងសង់មន្ទីរពេទ្យនគរទេពមានប្រសាសន៍ថា លោកស្រីចំណាយថវិកា ១៥០ ដុល្លារដើម្បីទិញសំបុត្រចូលរួមកម្មវិធិសប្បុរសធម៌មួយនេះ។ លោកស្រី បន្ថែមថាលោកស្រីមានមោទនភាពដែលបានចំណាយថវិកានេះដោយសារតែលោកស្រីយល់ឃើញថា មន្ទីរពេទ្យនគរទេពនេះបង្កើតទ្បើងនឹងអាចជួយដល់ស្ត្រីដែលគ្មានលទ្ធភាពព្យាបាលជំងឺរបស់ពួកគេ។
លោកស្រី ឈុន ចិន្តាសោភា ៖«ការពិតការចូលរួមចំណែកជួយសង្គមពេលណាយើងអាចជួយបានយើងមានការរីករាយព្រោះយើងដឹងថាយើងបានរួមចំណែកមួយដែរសូម្បីតែយើងមិនអាចដាក់បានច្រើនក៏វាជាដំណក់ទឹកមួយដែលធ្វើឱ្យមានរលកដែរ សូមអំពាវនាវឱ្យសប្បុរសជនទាំងអស់ព្យាយាមជួយតិចក៏ដោយច្រើនក៏ដោយជួយលើកទឹកចិត្តគ្នាដើម្បីអាចឱ្យយើងសាងសង់បានមន្ទីរពេទ្យមួយហ្នឹង»។
មន្ទីរពេទ្យនគរទេព បង្កើតទ្បើងដោយស្ថាបនិកចំនួន ៤ រូប រួមមានលោកស្រី រស់ ព្រីប៊ុន លោកស្រី ជេនី រីតស្កេស លោកស្រី អ៊ឹង កន្ថាផាវី និងលោក Trac Thai Sieng។ មន្ទីរពេទ្យនគរទេព គឺជាមន្ទីរពេទ្យដំបូងគេបង្អស់ ដែលមានបេសកកម្មក្នុងការអភិវឌ្ឍន៏ខ្លួនដើម្បីក្លាយជា កន្លែងផ្តល់សេវាសុខភាពឈានមុខគេសម្រាប់ស្ត្រីទាំងអស់នៅក្នុងប្រទេសកម្ពុជា។
មន្ទីរពេទ្យនេះមានទីស្នាក់ការនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសាងសង់នៅលើទំហំដីប្រមាណ ១.៥ ហិកតា ដែលមានបន្ទប់សម្រាប់សម្រាកព្យាបាលជាង ២០០បន្ទប់ និងមានកម្ពស់ ៣ ជាន់ ដែលចំណាយថវិកាសរុបប្រមាណជាង ៣០លានដុល្លាររដ្ឋអាមេរិក៕