ភ្នំពេញ៖ អតីតអ្នកភូមិបុរីកីឡាទាំង ១៤០ គ្រួសារព្រមានថានឹងបោះបង់លំនៅដ្ឋានបច្ចុប្បន្ន ដោយមករស់នៅតំបន់បុរីកីឡាក្នុងរាជធានីភ្នំពេញវិញ។ គម្រោងការមករស់នៅទីតាំងចាស់នៅតំបន់បុរីកីឡាវិញនេះ បន្ទាប់ពីលំនៅដ្ឋានរស់នៅបច្ចុប្បន្ន ស្ថិតនៅភ្នំបាត ក្នុងស្រុកពញាឮ ក្រោយភ្នំឧត្តុង កាន់តែបង្កផលលំបាកកាន់តែខ្លាំងចំពោះជីវភាពរស់នៅរបស់ពលរដ្ឋ។
ជាថ្មីម្តងទៀតពលរដ្ឋអតីតបុរីកីឡាប្រមាណ ៥០នាក់តំណាងឱ្យពលរដ្ឋ ១៤០ គ្រួសារ នៅថ្ងៃទី១៣ មីនានេះបានឡើងមកដាក់ញតិ្ដនៅសាលារាជ ធានីភ្នំពេញ ដើម្បីឱ្យសាលាក្រុងជួយរកដំណោះស្រាយជូនពួកគាត់បន្ថែមទៀត។ ពលរដ្ឋទាំងនោះ ត្អូតត្អែរថាការរស់នៅទីតាំងដោះដូរស្ថិតនៅ តំបន់ភ្នំបាត ក្នុងភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល គ្មានហេដ្ឋានរចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយកន្លងមកអ្នកភូមិមួយចំនួនបានស្លាប់ដោយខ្វះប្រាក់ព្យាបាលជម្ងឺ ចំនែកមន្ទីរពេទ្យក៏នៅឆ្ងាយពីភូមិ។
អ្នកស្រី កែវ វុទ្ធី តំណាងអតីតអ្នកភូមិបុរីកីឡាលើកឡើងថា ការដាក់ញត្តិនៅថ្ងៃនេះគឺដើម្បីទទូចឱ្យសា លាក្រុង និងក្រុមហ៊ុន ផាន អ៊ី ម៉ិច ផ្តល់ថវិកាបន្ថែម និងគោលការណ៍ផ្លាស់ទៅរស់នៅភូមិអណ្តូង។ និងទីពីរ អ្នកភូមិស្នើសូមឱ្យមានការអភិវឌ្ឍន៍នៅហ្នឹងកន្លែង។ អ្នកស្រី កែវ វុទ្ធី បន្តថា អ្នកភូមិទាំង ១៤០ គ្រួសារនឹង មករស់នៅតំបន់បុរីកីឡាវិញ បើទោះបីត្រូវសម្រាកតាមសំយាបផ្ទះគេក៏ដោយ។
អ្នកស្រីថា លើកនេះបើទោះបីត្រូវអាជ្ញាធរបណ្តេញចេញ ក៏ពលរដ្ឋមិនត្រលប់ទៅផ្ទះវិញដែរ។ អ្នកស្រី កែវ វុទ្ធី៖«ខ្ញុំឡើងមកទាំងអស់បើសិនអត់មានដំណោះស្រាយ គឺខ្ញុំរកកន្លែងណារស់នៅក្រុងភ្នំពេញ នៅបុរីកីឡាវិញ ដើម្បីឱ្យមានដំណោះស្រាយដូចអ្នកនៅបុរីកីឡាដែល។»
មន្ត្រីសាលារាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាននៅបន្ទាប់ពីទទួលញត្តិពលរដ្ឋថា ខាងរដ្ឋបាលនឹងប្រគល់ញត្តិនេះ ទៅថ្នាក់ដឹកនាំដើម្បីកំណត់ថ្ងៃកោះប្រជុំពិភាក្សាករណីនេះ។ ពលរដ្ឋបញ្ជាក់ថា ពួកគេនឹងត្រលប់ជួបសាលាក្រុងវិញនៅពេលសាលាក្រុងកោះហៅដោះស្រាយរឿងនេះ។ យ៉ាងណា ពលរដ្ឋបានបន្តយកញត្តិនេះដាក់នៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភាផងដែរ។
កាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែ មករា ឆ្នាំ ២០១២ ក្រុមហ៊ុន ផាន អ៊ី ម៉ិច បានដឹកនាំកម្លាំងប៉ូលីស ប៉េអឹម និងគ្រឿងមកឈូសកំទេចផ្ទះពលរដ្ឋនៅតំបន់បុរីកីឡា ហើយបាននាំពលរដ្ឋ ១៤០ គ្រួសារទៅទុកចោលនៅភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
តំបន់ដែលអ្នកអតីតអ្នកភូមិបុរីកីឡារស់នៅបច្ចុប្បន្ន ជាតំបន់ដាច់ស្រយាលមួយជាប់នឹងជើងភ្នំឧត្តុង គ្មានទឹក អគ្គិសនីប្រើប្រាស់ សាលារៀនមន្ទីរ ពេទ្យ និងផ្សារនៅឆ្ងាយពីភូមិ ។ ពលរដ្ឋភាគច្រើនបានបាត់បង់មុខរបប គ្រួសារខ្លះឱ្យកូនស្រីត្រូវបង្ខំចិត្តកាត់សក់លក់ និងទៅធ្វើការជានារីខារ៉ា អូខេ។ ចំណែកក្មេងតូចៗ និងចាស់ជរាត្រូវឡើងទៅសុំទានគេនៅលើភ្នំឧត្តុង ហើយគ្រួសារមួយចំនួនធំត្រូវទៅសុំបាយវត្តដើម្បីចិញ្ចឹមជីវិត។
លោក សៀ ភារម្យ នាយកលេខាដ្ឋានក្រុមកាងារពិសេសសិទ្ធិលំនៅដ្ឋាន មានប្រសាសន៍ថា ករណីទាមទារអូសបន្លាយជាច្រើនឆ្នាំរបស់អ្នកអតីតបុរីកីឡានេះ គឺកើតចេញពីការអភិវឌ្ឍដោយខ្វះការពិចារ ណា និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធររដ្ឋ និងក្រុមហ៊ុន។
លោកបន្តថា ដើម្បីឆាប់បញ្ចប់បញ្ហានេះ ក្រុមហ៊ុនគួរបង្ហាញនូវជំហរមនុស្សធម៌ ដោយជួយដោះស្រាយតាមការស្នើសុំរបស់ពលរដ្ឋ។ លោក សៀ ភារម្យ៖« អ្នកណាអ្នកណាក៏គេដឹងដែលថា ការស្ម័គ្រចិត្តពីខាងអាជ្ញាធររដ្ឋ និងក្រុមហ៊ុន កាលពីសម័យហ្នឹង គឺជាបង្ខំគាត់ឱ្យគាត់ចាកចេញទាំងឈឺចាប់ ដែលទាំងនេះជាកំហុកឆ្គងរបស់អាជ្ញាធរយើងដែលបានធ្វើឱ្យុមានការខុសឆ្គងចំពោះពួកគាត់ហ្នឹង»។
កាលពីពេលថ្មីនេះៗ ពលរដ្ឋអតីតអ្នកភូមិបុរីកីឡាប្រមាណ ១០០នាក់ បានមករាជធានីភ្នំពេញ ហើយបានសម្រុកឡើងទៅរស់នៅលើអគារចាស់មួយនៅជាប់ទី៣ បន្ទាប់ពីក្រុមហ៊ុន ផាន អ៊ី ម៉ិច សន្យាសាងសង់លំនៅដ្ឋានរបស់ពលរដ្ឋចំនួន១០ អាគារតែបានតែ៨ អាគារតែប៉ុណ្ណោះ។
យ៉ាងណាការប៉ុនប៉ុងឡើងទៅរស់នៅលើអាគារចាស់នោះ ត្រូវអាជ្ញាធរសង្កាត់វាលវង់ ចាប់អូសមកក្រោមអគារវិញ។ នៅថ្ងៃដដែលអាជ្ញាធរ បានផ្តល់មួយចំនួនឱ្យពលរដ្ឋភ្ជាប់ជាមួយការសន្យាថាទៅស្វែងយល់ទុក្ខលំបាកពលរដ្ឋនៅទីតាំងរស់នៅ តែបន្ទាប់ពីពលរដ្ឋបានចាក់ចេញបន្តិចអាជ្ញា ធរក៏បានយកដែកផ្សារជាទ្វារបិទតែម្តង។ ពលរដ្ឋបញ្ជាក់ថា ចាប់តាំងពីថ្ងៃនោះមកគ្មានអាជ្ញាធរណាចុះទៅពិនិត្យនោះទេ៕