កូឡាឡាំពួរ៖នាយករដ្ឋមន្ដ្រីនៃប្រទេសម៉ាឡេស៊ី លោក Najib Razak បាននិយាយកាលពីថ្ងៃអាទិត្យ ទី១២ មីនា ថា លោកប្ដេជ្ញាធានាសុវត្ថិភាពប្រជាជនម៉ាឡេស៊ី ៩នាក់ ដែលកំពុងជាប់នៅកូរ៉េខាងជើង ដោយបានព្រមានទីក្រុងព្យុងយ៉ាង កុំធ្វើទុក្ខបុកម្នេញលើពួកគេឲ្យសោះ។
លោក ណាជីព បានបន្ដដោយបង្ហាញក្ដីសង្ឃឹមថា កូរ៉េខាងជើងនឹងបន្ដគោរពនិងលើកស្ទួយទំនាក់ទំនងមិត្ដភាពរវាងប្រទេសទាំងពីរបើទោះជាពេលនេះស្ថានការណ៍តានតឹងផ្នែកការទូតរវាងប្រទេសទាំងពីកើតឡើងក៏ដោយ។ ការថ្លែងរបស់លោក ណាជីព ធ្វើឡើងក្នុងអំឡុងលោកថ្លែងសុន្ទរកថា មួយនៅឯពីធីសម្ពោធមន្ទីពេទ្យមួយកន្លែងនៅក្នុងរដ្ឋ Kelantan ភាគខាងកើតនៃប្រទេសម៉ាឡេស៊ី។
ជម្លោះការទូតរវាងប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ីខាងកើតមួយនេះបានកើតឡើងដោយសារតែលោក គីម ជុងណាំ បងប្រុសលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងត្រូវបានសម្លាប់ដោយការដាក់ថ្នាំបំពុល ហើយត្រូវគេចោទថា ជាទង្វើរបស់ភ្នាក់ងារចារកម្មកូរ៉េខាងជើង ដែលករណីនេះក្រុងកូឡាឡាំពួរ បដិសេធមិនប្រគល់សាកសពឲ្យទីក្រុងព្យុងយ៉ាង។
ដោយសាររឿងនេះហើយកូរ៉េខាងជើងបានចេញបម្រាមហាមឃាត់មិនឲ្យប្រជាជនម៉ាឡេស៊ី ដែលនៅក្នុងប្រទេសកូរ៉េខាងជើងចាកចេញពីប្រទេសនេះឡើយ ដោយត្រូវរង់ចាំដំណោះស្រាយថ្មីកើតឡើង។ កាលពីថ្ងៃម្សិលមិញប្រទេសម៉ាឡេស៊ីបាននិយាយថា បើគ្រួសារផ្ទាល់របស់លោក គីម ជុងណាំ មិនមកទទួលសាកសពទេ គឺសាកសពនេះត្រូវបញ្ចុះនៅប្រទេសម៉ាឡេស៊ី៕- CNA/Bernama/nc