ភ្នំពេញ៖មានការបែកធ្លាយមួយលើបណ្ដាញសង្គមដែលបញ្ជាក់ថា អាជ្ញាធរកម្ពុជា បានផ្ដល់ប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍ឱ្យជនបរទេស (ជនជាតិវៀតណាម ) ស្នាក់នៅប្រទេសកម្ពុជាដោយត្រូវបង់ប្រាក់ ២៥ម៉ឺនរៀល ឬ៦០ដុល្លារអាមេរិក ។
ការបែកធ្លាយឯកសារនេះ ត្រូវបានមើលឃើញនៅលើហ្វេសប៊ុកលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានបង្ហោះជាសាធារណៈនៅថ្ងៃអាទិត្យ ទី១២មីនានេះ ។
ខ្លឹមសារនៃប័ណ្ណស្នាក់នៅនេះ សរសេរថា នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បង្កាន់ដៃទទួលយកប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍ សំរាប់ជនអន្ដោប្រវេសន៍ ដែលបង្កាន់ដៃនេះធ្វើឡើងនៅថ្ងៃទី ៩ មិនា ឆ្នាំ ២០១៦ ។
លោកសម រង្ស៊ី លើហ្វេសប៊ុករបសស់លោកថា ដោយមានសេចក្ដីដូចនេះថា ៖«ជនអន្តោប្រវេសន៍វៀតណាម ចំណាយតែ ២៥០,០០០៛(ម្ភៃប្រាំម៉ឺនរៀល)តែប៉ុណ្ណោះ អាចប្ដូរនូវប័ណ្ណរស់នៅអចិន្ដ្រៃយ៍នៅកម្ពុជាបាន។ លោក ង៉ោ គឹមជាង អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ឆ្នាំង បានធ្វើបទសម្ភាសជាមួយជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅលើទឹកដីខេត្ត កំពង់ឆ្នាំង»។
យ៉ាងណាក៏ដោយវិទ្យុស្ដ្រី មិនអាចទទួលបានការបំភ្លឺពីមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានទេ ដូចជា លោក ខៀវ សុភគ៌ អ្នកនាំពាក្យរបស់ក្រសួង មិនអាចទាក់ទងបាន។ចំណែក លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិក៏មិនអាចទាក់ទងបានដែរ។ ដោយឡែក លោក សុ ផល អគ្គនាយកអន្ដោប្រវេសន៍ មិនលើកទូរស័ព្ទ។ រីឯ អគ្គនាយករង ពិន ពិសិដ្ឋ សុំមិនបកស្រាយអ្វីនោះទេ ដោយសារតែមិនមែនតួនាទីរបស់លោក។
តែយ៉ាងណាក៏ដោយ លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សកាន់អំណាចបាននិយាយថា ដោយសារតែច្បាប់អន្ដោប្រវេសន្ដទើបរដ្ឋាភិបាលអនុវត្តដូចនេះ ។ លោកថា អ្វីៗវាអាស្រ័យទៅលើច្បាប់ជាអ្នកកំនត់ ។
តែលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីបញ្ហាសង្គមយល់ថា ប្រទេសណាក៏មាន ការចេញប័ណ្ណដូចនេះដែរ តែសំខាន់ប្រសិទ្ធភាពនៃការគ្រប់គ្រង ថាតើ ការផ្ដល់ប័ណ្ណនេះ ផែ្អកលើ លក្ខណៈជនអន្តោប្រវេស្តនោះ បានត្រឹមប៉ុនណា។ លោក គិតថា អ្វីដែលមានការព្រួយបារម្ភនោះ គឺការទទួលឥទិ្ធពល របស់ ជនអន្តោប្រវេស្តនោះ មកលើប្រទេសកម្ពុជា។
ទាក់ទិនរឿងនេះ មិនមានប្រភពណាមួយបញ្ជាក់ថា ការផ្ដល់ប័ណ្ណឱ្យជនអន្តោប្រវេស្តនោះ មានរយៈប៉ុន្មានខែ ឬ ប៉ុន្មានឆ្នាំនោះទេ។
យ៉ាងណាក៏ដោយតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិថ្មីៗនេះ បានដឹងថា អាជ្ញាធរកម្ពុជា បានចាប់បញ្ជូនពលរដ្ឋវៀតណាម ជាច្រើនពាន់ នាក់ទៅប្រទេសកំណើតពួកគេវិញ ដោយសារពួកនោះ មករស់នៅ និងធ្វើការនៅកម្ពុជា ដោយអំពើខុសច្បាប់។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ពលរដ្ឋវៀតណាមមករស់នៅកម្ពុជា មានជាង ១៦ ម៉ឺននាក់។ តែបក្សប្រឆាំងថា មានជិត១លាននាក់។កម្ពុជា មានច្បាប់ចំនួន ២ ដើម្បី គ្រប់គ្រងជនបរទេសឬ ជនអន្តោប្រវេសន្ដ គឺ ច្បាប់អន្តោប្រវេស្ត និងច្បាប់សញ្ជាតិ៕