កូរ៉េខាងត្បូង៖លោកស្រី ប៉ាក គុនហេ អតីតប្រធានាធិបតីដែលត្រូវបានតុលាការរដ្ឋធម្មនុញ្ញបង្គាប់ឱ្យចាកចេញពីតំណែងគឺដោយសារតែលោកស្រី មានកំហុស ៣ធំៗ ក្នុងនោះទទួលប្រាក់សំណូកជំរិតយកប្រាក់ និងបំពានអំណាចរដ្ឋ ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia លោកស្រី ប៉ាក គុនហេ ក៏ត្រូវបានតុលាការឃាត់ខ្លួនមិនទាន់ឱ្យចាកចេញពីវិមានប្រធានាធិបតីទេ ដោយរង់ចាំរដ្ឋអាជ្ញាទៅជួបលោកស្រីម្ដងទៀត ហើយពេលនោះអាចនឹងនាំខ្លួនលោកស្រីឡើងតុលាការភ្លាមៗ។
កាលពីថ្ងៃម្សិលមិញ ចៅក្រមបានសម្រេចជាឯកច្ឆ័នថា លោកស្រីពិតជាមានកំហុស ហើយនៅថ្ងៃសៅរ៍ ទី១១ មីនា តុលាការរដ្ឋធម្មនុញ្ញដដែលនេះ បានបង្កើតក្រុមអាជ្ញាពិសេសមួយដើម្បីសិក្សារឿងក្ដីរបស់លោកស្រី ប៉ាក ឱ្យបានស៊ីជម្រៅ។
យ៉ាងណាក៏ដោយ ពលរដ្ឋខ្លះទាមទារឱ្យតុលាការចាប់ខ្លួនលោកស្រី តែខ្លះទៀតសម្រក់ទឹកភ្នែកអាណិតលោកស្រី ។
បាតុកម្មរបស់ក្រុមប្រឆាំងកាន់តែរីករាលដាលធំឡើងៗនៅចុងសប្ដាហ៍នេះ ដោយពួកគេបានឡោមព័ន្ធវិមានប្រធានាធិបតីទីដែលលោកស្រីប៉ាក ឋិតនៅទីនោះ។បាតុកររបស់ក្រុមគណបក្សប្រឆាំងនោះបានទាមទារ ឱ្យលោកស្រី ប៉ាក បន្ដមានសេរីភាពទៀតនោះទេ។
កាលពីព្រឹកថ្ងៃសៅរ៍ តុលាការបានសម្រេចរក្សាសេចក្ដីសម្រេចរបស់សភានាំឲ្យអ្នកគាំទ្រលោកស្រីប៉ាករាប់រយនាក់ផ្ទុះកំហឹង ដោយក្នុងនោះមនុស្ស ២នាក់ត្រូវបានគេសម្លាប់ ខណៈពួកគេព្យាយាមឆ្លងកាត់ខ្សែត្រៀមរបស់ប៉ូលីសនៅខាងក្រៅតុលាការ។
ចំណែកបុរសវ័យ ៧៤ម្នាក់ទៀតដែលចូលរួមក្នុងបាតុកម្មនោះ បានគាំងបេះដូង និងបាត់បង់ជីវិតនៅនឹងកន្លែង។
ចំណែកឯក្រុមគាំទ្រលោកស្រីវិញ ពួកគេសម្រក់ទឹកភ្នែកដោយចាត់ទុកលោកស្រីនៅតែជាអ្នកនយោបាយស្នេហាជាតិ និងស្អាតស្អំ ហើយពួកគេបានអំពាវនាវ ឱ្យមានការយោគយល់ក្នុងការផ្សះផ្សាជាតិធំមួយ។
ក្នុងសំណុំរឿងនេះ យ៉ាងតិចមនុស្ស ៤នាក់ ត្រូវបានចាប់ខ្លួនករណីអំពើពុករលួយ ហើយក្នុងនោះប្រធាន ក្រុមហ៊ុន Samsung ក៏ត្រូវបានចោទពីបទផ្ដល់ប្រាក់សំណូកទៅឱ្យលោកស្រី ប៉ាក គុនហេ និងមិត្តរបស់ខ្លួនក្នុងគំរោងមូលនិធីអង្គាសប្រាក់ដើម្បីមនុស្សធម៌។ ជាការពិត លោកស្រី ប៉ាក ត្រូវបានសភាដកហូតតំណែងលោកស្រីរួចទៅហើយ។
លោកស្រី ប៉ាក់ គុនហេ នៅឆ្នាំនេះមានអាយុ ៦៥ឆ្នាំ ។ លោកស្រី គឺជាប្រធានាធិបតីស្ដ្រីដំបូងគេនៅប្រទេសកូរ៉េខាងត្បូងដែលត្រូវបានបណ្ដេញពីអំណាចដោយសាររឿងអាស្រូវពុករលួយ។ឱពុករបស់លោកស្រីដែលធ្លាប់ជាប្រធានាធិបតីរបស់ប្រទេសនេះ ត្រូវបានគេដាក់រហ្ស័សនាមថា ជាមេដឹកនាំយោធានិយម ។ប៉ុន្ដែលោកគឺជាអ្នកជាតិនិយមដែលហ៊ានប្រឆាំងជាមួយនឹងកូរ៉េខាងជើង៕ CNA