ម៉ាឡេស៊ី៖ សាកសពដោយជម្រូងជម្រាស់ គឺ សពលោក គីម ជុងណាំម បងប្រុសឱពុកតែមួយម្ដាយទីទៃរបស់មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន អាចនឹងត្រូវបញ្ចុះនៅប្រទេសម៉ាឡេស៊ី។
អនុរដ្ឋមន្ដ្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី Hilmi Yahaya បានប្រាប់អ្នកសារព័ត៌មានថា សពលោក គីម ជុងណាំម ស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយទេ ។ ប៉ុន្ដែបើក្រុមគ្រួសារមិនមកទទួលផ្ទាល់ទេ គឺ សាកសពនេះត្រូវបញ្ចុះនៅប្រទេសម៉ាឡេស៊ី។លោកបានបញ្ជាក់ទៀតថា អ្វីដែលរង់ចាំនោះគឺការធ្វើសេចក្ដីសម្រេចចុងក្រោយរបស់រាជរដ្ឋាភិបាលម៉ាឡេស៊ី ថាតើត្រូវយកសពលោក គីម ជុងណាំម ចេញពីមន្ទីរពេទ្យនៅថ្ងៃណា។
ករណីសពលោក គីម ជុងណាំម បាននាំអោយផ្ទុះជម្លោះការទូតរវាងម៉ាឡេស៊ី និងកូរ៉េខាងជើង។
អ្វីដែលនាំអោយមានជម្លោះការទូតនេះដោយសារតែ រដ្ឋាភិបាលក្រុងកូឡាឡាំពួរ មិនព្រមប្រគល់សាកសព គីម ជុងណាំម ទៅតាមសំណើរបស់ទីក្រុងព្យុងយ៉ាង ដែលករណីនេះ នាំអោយកូរ៉េខាងជើងព្រមានផ្ដាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី។
រហូតមកដល់ពេលនេះ ជម្លោះនៅតែបន្ដកើតឡើងនឹងធ្ងន់ធ្ងរថែមទៀត ដោយសារតែកូរ៉េខាងជើងបានឃាឃាំងមិនឱ្យប្រជាជនម៉ាឡេស៊ី ចាកចេញពីប្រទេសនេះ រហូតក្រុមកូឡាឡាំពួរប្រគល់សាកសព គីម ជុងណាំម ឱ្យក្រុងព្យុងយ៉ាង ជាមុនសិន។
បន្ថែមលើជម្លោះការទូតនេះ ម៉ាឡេស៊ីបានប្ដឹងទៅប៉ូលីសអន្ដរជាតិឱ្យស្វែងរកចាប់ខ្លួនមន្ដ្រីទូតកូរ៉េខាងជើង ៣នាក់ដែលពាក់ព័ន្ធនឹងមរណភាព លោក គីម ជុងណាំម។
ក្នុងសំណុំរឿងនេះ ស្ដ្រីឥណ្ឌូនេស៊ី និងវៀតណាម ដែលម៉ាឡេស៊ីចាប់ខ្លួនបានកាលពីថ្ងៃទី ១៣កុម្ភៈ ពួកគេនឹងប្រឈមមុខទោសប្រហារជីវិតដោយសារតែ ជាអ្នកដាក់ថ្នាំបំពុល គីម ជុងណាំម៕ CNA