ភ្នំពេញ៖ មន្ត្រីសង្គមស៊ីវិលម្នាក់បានឱ្យដឹងថា មានអង្គការសង្គមស៊ីវិលប្រហែលជា៤០ បានរួមគ្នាសម្រេចបង្កើតមូលនិធិស្ម័គ្រចិត្តមួយ ដើម្បីដាក់ពង្រាយអ្នកសង្កេតការណ៍សម្រាប់ឃ្លាំមើលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប្រព្រឹត្តទៅនៅខែមីថុនាខាងមុខនេះ។
ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុស្ត្រី នៅថ្ងៃសៅរិ៍ ទី ១១ មីនា នេះ លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស មានប្រសាសន៍ថា ការបង្កើតក្រុម អ្នកសង្កេតការណ៍នេះ មានប្រយោជន៍សំដៅជួយអ្នកនយោបាយ កុំឱ្យបន្តឈ្លោះគ្នាទៀត ក្រោយការបោះឆ្នោត។
លោកថា អ្នកសង្កេតការណ៍នេះ គឺជាសាក្សី នៃលទ្ធផលបោះឆ្នោត។
លោក ប្រាប់ថា មកដល់ពេលនេះ បានប្រមូលប្រាក់មូលនិធី សម្រាប់ ១ម៉ឺ២ពាន់នាក់ហើយ ។ តាម លោក មឿន តុលា ដដែល សង្គមស៊ីវិលត្រូវការអ្នកសង្កេតការណ៍សរុប ២ម៉ឺន២ពាន់១រយ ៤៨ នាក់ ហើយចំណាយលើម្នាកៗចំនួន ២២ដុល្លារ។
ចំណែក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប យល់ឃើញថា មិនជាអ្វីទេ បើការបង្កើតមូលនិធីនេះ មានលក្ខណៈស្របទៅតាមច្បាប់ត្រឹមត្រូវ។
ករណីនេះ គជប សាទរ ចំពោះការដាក់ពង្រាយអ្នកសង្កេតការណ៍របស់សង្គមស៊ីវិល ដែលលោកថា ជាការជួយមួយផ្នែកសម្រាប់ពង្រឹងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ប្រទេសកម្ពុជា នឹងមានការបោះឆ្នោតសំខាន់ចំនួន២ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតសភា ឆ្នាំ២០១៨។ ការបោះឆ្នោតទាំង២នេះ ត្រូវគេរំពឹងថា នឹងមានអ្នកសង្កេតការណ៍អន្តរជាតិ ចូលរួមឃ្លាំមើលជាច្រើន រយនាក់ដែរ ហើយក្នុងនោះមកពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសជប៉ុន៕