ភ្នំពេញ៖ លោក មួង សូនីប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្ដខ្មែរបានឱ្យដឹងថា អាជ្ញាធរ បានចុះមកដល់ស្នាក់ការសមាគមនិស្សិតបញ្ញាវន្ដ ហាមមិនឱ្យក្រុមនិស្សិតធ្វើការចាក់បញ្ចាំងវីដេអូណាមួយជុំវិញការបាញសម្លាប់លោកបណ្ឌិត កែម ឡី ដែលត្រៀមនឹងចាក់បញ្ចាំងឱ្យសាធារណជនទស្សនានៅថ្ងៃអាទិត្យ ទី១២ មីនា ខាងមុខនេះទេ។
លោក មួង សូនី ដដែលបានឱ្យវិទ្យុស្ដ្រីដឹងបន្ថែមទៀតថា ការហាមប្រាមនេះ ធ្វើឡើងដោយអាជ្ញាធរសង្កាត់ទួលសង្កែ។ លោក ឱ្យដឹងទៀតថា ក្នុងសកម្មភាពហាមប្រាមរបស់សមត្ថកិច្ចនោះ គឺ លើកមិនឱ្យសមាគមនិស្សិតបញ្ញាវ័ន្ដខ្មែរ ធ្វើការចាក់បញ្ចាំងរាល់វីដេអូណាមួយនោះទេ លុះត្រាតែសុំសិទ្ធអនុញ្ញាតពីអាជ្ញាធរជាមុនសិន។
ការលើកឡើងបែបនេះរបស់អាជ្ញាធរ បានធ្វើអោយយុវជនមួង សូនី យល់ឃើញថា ទង្វើរបស់សមត្ថកិច្ចនៅពេលនេះ គឺ ជាការគំរាមកំហែង និងជាការបំបិទសិទ្ធរបស់ពួកគេ ក្នុងនាមជាពលរដ្ឋមួយរូបដែរ។
លោក មួង សូនី ៖«គាត់ថា គាត់អោយបញ្ចាំងប៉ុន្ដែទាល់តែសុំច្បាប់ ចឹងខ្ញុំសុំសួរវិញតើមាត្រាណាដែលចែង ហើយបើសិនជាយើងមើលអំពីផ្លូវច្បាប់វាអត់មាន »។
ជុំវិញរឿងនេះដែរ វិទ្យុស្ដ្រី Fm 102 មិនអាចទទួលបានការឆ្លើយតបណាមួយពីលោក សយ កុសល ចៅសង្កាត់ទួលសង្កែនោះទេ នៅរសៀលថ្ងៃសៅរ៍ ទី១១ មីនានេះ។
គូរបញ្ជាក់ដែរថា គម្រោងនិស្សិតបញ្ញាវន្ដខ្មែរ ក្នុងការចាក់បញ្ចាំងនេះគឺ ក្រុមនិស្សិត នឹងបង្ហាញអំពីព័ត៌មានបែបស៊ើបអង្កេតជុំវិញឃាតកម្មលើលោកបណ្ឌិតកែម ឡី ដែលរាយការណ៍ដោយអ្នកយកព័ត៌មានរបស់ទូរទស្សន៍អ៊ាលចា ហ្ស៊េរ៉ា រួមនិងវីដេអូគ្លីបរបស់តុលាការដែលបង្ហាញពីគម្រោងការសំលាប់របស់ជនជាប់សង្ស័យ ហើយនិងវីដេអូឯកសារមួយចំនួនអំពីលោកកែម ឡី មុនពេលត្រូវបាញ់សំលាប់ផងដែរ៕