ភ្នំពេញ៖កម្ពុជាប្រតិកម្មទៅនឹងរបាយការណ៍របស់ អង្គការដែលបានរិះគន់ដល់កម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិ មនុស្សដោយ ចាត់ទុកបញ្ហាសិទិ្ធមនុស្សថាជាឧបករណ៍របស់សហគមន៍អន្តរជាតិ ដើម្បីបំបាក់មុខកម្ពុជា។
លោកនួនបូរិន ជូនសេចក្ដីរាយការណ៍៖
នៅក្នុងសេចក្តីថ្លែងការណ៍ របស់លោក ណី សំអុល ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចាត់ទុកថា បញ្ហាសិទ្ធិមនុស្សតែងតែក្លាយជាឧបករណ៍ សម្រាប់បង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល កម្ពុជា។
សេចក្តីថ្លែងការណ៍ របស់លោក ណី សំអុល ធ្វើឡើង កាលពីថ្ងៃទី៩មីថុនា ហើយ ត្រូវបាន ផ្សាយបន្តដោយគេហទំព័រFresh News បាន បន្តថា សហគមន៍អន្តរជាតិនិងអង្គការ មួយចំនួន មិនបានមើលឃើញពី ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនីតិរដ្ឋ ទេតែបែរជា ដាក់ ការចោទប្រកាន់ កម្ពុជារំលោភសិទ្ធិមនុស្ស បំបិទសិទិ្ធសេរីបញ្ចេញមតិទៅវិញ ។
ក្នុងន័យនេះតំណាងកម្ពុជា មើលឃើញថា បញ្ហាសិទ្ធិមនុស្ស តែងតែក្លាយជាឧបករណ៍សម្រាប់ បង្ខូចកេរ្តិឈ្មោះ រាជរដ្ឋាភិបាល ជាពិសេសនៅពេលមានការបោះឆ្នោត ម្ដងៗហើយស្របពេលនោះអង្គភាពខ្លះបានអនុវត្តស្តង់ដារពីរ និងវិធីសាស្ត្រ រើសអើងចំពោះរាជរដ្ឋាភិបាល ពេលដែលនិយាយដល់បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
តំណាងកម្ពុជា ដែលប្រតិកម្មនេះ គឺជាការ ឆ្លើយតបទៅនឹង សម័យប្រជុំលើកទី៣៤នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រព្រឹត្តទៅនៅទីក្រុងហ្សឹណែវ ប្រទេសស្វិសកាលពីថ្ងៃទី ៩មីថុនា។
ទាក់ទិននឹង សេចក្ដីថ្លែងការណ៍របស់ តំណាងកម្ពុជា នៅអង្គការសហប្រជាជាតិ លោក មឿនតុលា នាយកប្រតិបត្តិ អង្គការសម្ព័ន្ធការងារ និងការពារសិទ្ធិមនុស្ស យល់ឃើញថា ការណ៍ដែល កម្ពុជា ខិតខំ បិទបាំងនិងការពារកិត្តិយសខ្លួន ដូចនេះ មិនអាច លាក់ជិតឡើយគឺដូច យកចង្អេរបាំងខ្មោចដំរី ។ លោកថា សហគមន៍មុនគេចេញរបាយការណ៍រិះគន់កម្ពុជា គឺគេបានសិក្សា ស៊ីជម្រៅរួចហើយ ។
លោកទទូចថា រាជរដ្ឋាភិបាល កម្ពុជា គួរទទួលយក ការរិះគន់របស់សហគមន៍អន្តរជាតិ ហើយ កែទម្រង់គោលនយោបាយ របស់ខ្លួនលើ ការគោរពសិទ្ធិមនុស្សឡើវិញដែល លោកបារម្ភខ្លាចអន្តរជាតិគេ ចាត់វិធានការ ជាក់ស្ដែងលើ កម្ពុជា។
កាលពីថ្ងៃសុក្រទី ១០ មិថុនា ក្នុងសន្នីសីទ មួយ ជាមួយ តំណាងអង្គការសិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិ លោក កែវរ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា កម្ពុជាជាប្រទេសបានគោរពតាមគោលការណ៍សិទ្ធិមនុស្សល្អប្រសើរ បើធៀបបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក។លោកថា ប្រទេសដែលមានការរំលោភសិទ្ធិមនុស្សខ្លាំងជាងកម្ពុជានោះ មានដូចជា សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី មីយ៉ាន់ម៉ា និងនៅតំបន់អឺរុបជាដើម។
ឆ្លើយតបនឹង ការផ្ដល់អនុសាសន៍របស់ លោកមឿនតុលា លោកសុខ ឥសាន្ត អ្នកនាំពាក្យ បក្សកាន់អំណាច និយាយថា ការយល់ឃើញរបស់មន្ត្រីសិទ្ធិមនុស្ស រូបនេះ គឺជាការនិយាយ ដោយមានភាពលំអៀង ដែល លោកថា ប្រទេសណាក៏មានច្បាប់ ទម្លាប់គេដែរ។
សូមជម្រាបថា កាលឆ្នាំ២០១៦ ក៏សម័យប្រជុំលើកទី ៣៣នៃក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិបាន ចេញសេចក្ដីថ្លែងការណ៍រួមដាក់ ប្រទេសកម្ពុជា ជារដ្ឋ មានហានិភ័យខ្លាំងករណីរំលោភសិទ្ធិមនុស្ស៕