ភ្នំពេញ៖ ព្រះសង្ឃ ប៊ុត ប៊ុនតិញត្រូវបានតុលាការកោះនិមន្តមកកាន់តុលាការ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ពាក់ព័ន្ធសំណុំរឿងលោក ម៉ម សូណង់ដូប្ដឹងព្រះអង្គពីបទបរិហារកេរ្តិ៍ ដែលដីកានេះជាលើកទី៣ ។ នេះបើយោងតាមដីការបស់លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីចុះថ្ងៃទី១០មីនា។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ ជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដែលជាសកម្មជនសង្ឃល្បីល្បាញមួយអង្គក្នុងការជួយសង្គម និងការពារព្រៃឈើយ៉ាងសកម្ម ។
លោក ស្រី ម៉ាកនី បានបញ្ជាក់ក្នុងដីការបស់លោកស្រី ថា ការកោះហៅនេះ ដើម្បីសាកសួរពីដំណើររឿងបណ្តឹងរបស់លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ជាសាធារណៈ។
លោក ម៉ម សូណង់ដូ បានដាក់ពាក្យប្តឹងព្រះអង្គ ប៊ុត ប៊ុនតិញ កាលពីថ្ងៃទី ១ ខែខែកញ្ញា ឆ្នាំ២០១៦ ដោយទាមទារសំណងជំងឺចិត្ត ១ម៉ឺនរៀល ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ។
លោក ម៉ម សូណង់ដូ បានបញ្ជាក់នៅក្នុងពាក្យបណ្ដឹងរបស់លោក ទាមទារឱ្យតុលាការពិចារណាជំរុញឲ្យមានផ្សឹកព្រះអង្គ ប៊ុត ប៊ុនតិញ ផងដែរ។
លោក ម៉ម សូណង់ដូ បានចោទព្រះអង្គ ប៊ុត ប៊ុនតិញ ថាវាយប្រហារលោកពី ការចាកចេញពីគណបក្សសង្គ្រោះជាតិ ទៅបង្កើតគណបក្សថ្មី ដោយសារតែមិនបានធ្វើជាតំណាងរាស្ត្រនៅក្នុងគណបក្សប្រឆាំងធំមួយនេះ។
ព្រះអង្គប៊ុត ប៊ុនតិញ ពុំបានចូលខ្លួនបំភ្លឺតាមដីកាចំនួន ២លើក មកហើយ ។ ព្រះអង្គធ្លាប់មានសង្ឃដីកាជាមួយវិទ្យុស្ត្រីថា ព្រះអង្គមិនសុំទោសលោកម៉មសូណង់ដូអ្វីទេ ព្រោះគ្មានកំហុស ។ តែសម្រាប់លោក ម៉ម សូណង់ដូ វិញចង់ឱ្យព្រះអង្គទទួលស្គាល់កំហុស ហើយសុំទោសលោកទើបអាចបិទបញ្ចប់សំណុំរឿងបាន។
ចំណែកព្រះអង្គប៊ុតប៊ុនតិញ ចង់ឱ្យលោក ម៉ម សូណង់ដូ ចេះទទួលយកការរិះគន់បើតាំងខ្លួនជាអ្នកនយោបាយ។យ៉ាងណាក៏ដោយ ព្រះអង្គប៊ុត ប៊ុនតិញ កំពុងនៅសហរដ្ឋអាមេរិក ៕