ពីរសប្តាហ៍មុននឹងសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមស្តីពីការកាត់ទោសជនសង្ស័យសម្លាប់លោកបណ្ឌិតកែម ឡី សមាជិកគ្រួសារនិងសហការីរបស់លោកកែម ឡី បានប្រតិកម្មចំពោះភស្តុតាងដែលតុលាការបានបង្ហាញ។
មន្ត្រីសង្គមស៊ីវិលមានទស្សនប្រហាក់ប្រហែលគ្នានេះដែរ។
កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍៖
ភ្នំពេញ៖ ប្អូនប្រុសបង្កើតនិងសហការីជិតស្និទរបស់បណ្ឌិតកែម ឡី សង្ស័យលើភស្តុតាងជាគ្លីបវីដេអូដែលដាក់បង្ហាញដោយសាលាដំបូងរាជធានីភ្នំពេញក្នុងការកាត់ទោសជនជាប់សង្ស័យក្នុងការសម្លាប់អតីតអ្នកវិភាគសង្គមនិងនយោបាយរូបនេះ។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២ខែមិនា បានកាត់ទោសជួប សម្លាប់ ដែលជាជនសង្ស័យថា ជាឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
ក្នុងគ្លីបវីដេអូរយៈពេលជាងដប់នាទី ជួប សម្លាប់ ត្រូវគេមើលឃើញពីក្រោយខ្នងនិងមានការបង្ហាញកាំភ្លើងខ្លី។ ប៉ុន្តែ មជ្ឈដ្ឋានមួយចំនួនយល់ថា វីដេអូនេះ មិនមានរូបភាពច្បាស់ ហើយ មិនបង្ហាញចំណុចជាក់ស្តែង ។
វីដេអូគ្លីបនេះ ដែលតុលាការអះអាងថាយកចេញពីកាម៉េរាសុវត្ថិភាពក្នុងស្តាម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈបូកគោ ដែលជាទីលោកកែម ឡី ត្រូវបាញ់សម្លាប់ ។
លោកកែម រិទ្ធីសិទ្ធ ប្អូនបង្កើតរបស់លោកកែម ឡី មិនជឿលើវីដេអូគ្លីបនោះទេ ដោយសារលោកឃើញថា ជួបសម្លាប់ដែលជាជនសង្ស័យ និងជនសង្ស័យក្នុងវីដេអូគ្លីប មានភិនភាគខុសគ្នា ។
កែម រិទ្ធីសិទ្ធ ៖ « យើងមើលឃើញនៅក្នុងវីដេអូកាំមេរ៉ានោះ វាមានការខុសគ្នា ។ រូបដែលគេបញ្ចាំងនៅស្ដាម៉ាតចំហៀងនោះ វាមានរូបសង្ហារ ហើយខោរៀងសរបន្ថិច មិនខ្មៅទេ ស្បែកជើងនឹងពណ៌សរ ហើយជួបសម្លាប់យើងមើលឃើញទៅ ខោហ្នឹងខ្មៅ ហើយស្បែកជើងហ្នឹងក៏ខ្មៅដែរ»។
ដូចគ្នានេះ លោក មួង សូនី ប្រធានសមាគមសម្ពន្ធ័និស្សិតបញ្ញាវន្ត័ខ្មែរ និងជាកូនសិស្សរបស់លោក កែម ឡី បានលើកឡើងថា វីដេអូដែលគេបានបញ្ចេញនោះ មានរូបភាពមិនច្បាស់ និងពិបាកចំណាំ ។
លោក មួង សូនី ៖ «ពេលដែលឃាតករនៅក្នុងម៉ាតហ្នឹងគាត់បាញ់ ឃើញថាអាក់ៗ យើងមើលទៅដូចឥតដឹងថាជានរណាច្បាស់លាស់ជាអ្នកបាញ់ទេ ហើយមួយទៀតយើងឃើញថា នៅស្ដាម៉ាតហ្នឹងមានកាំមេរ៉ាជាច្រើន ហេតុអីបានជាមិនយកកាំមេរ៉ាទាំងអស់នោះមកបញ្ចាំងវិឱ្យឃើញ »។
លោកបណ្ឌិត កែម ឡី អ្នកវិភាគដែលមិនសំចៃមាត់ ត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦ នៅពេលដែលលោកកំពុងស្ថិតក្នុងស្តាម៉ាត នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ត្រង់ចំណុចភ្លើងស្តុបបូកគោ ខណ្ឌ័ចំការមន ក្រុងភ្នំពេញ។
ភ្លាមៗនោះ ជនសង្ស័យជាឃាតករត្រូវបានចាប់ខ្លួន។ ហើយជួបសម្លាប់ដែលទើបត្រូវបានចាប់ខ្លួនភ្លាមៗបានសារភាពថាខ្លួនសម្លាប់លោកកែម ឡី ដោយសារលោកកែម ឡី ជំពាក់បំណុលខ្លួនចំនួន៣០០០ដុល្លារអាមេរិក។
នៅក្នុងសវនាការកាលពីដើមខែនេះ ជួប សង្ស័យ បានទទួលស្គាល់ថាខ្លួនបានសម្លាប់លោកបណ្ឌិត កែម ឡី ដោយសារមូលហេតុខាងលើនេះ។
សេចក្តីអត្ថាធិប្បាយរបស់សមាជិកគ្រួសារនិងសហការរីរបស់លោកកែម ឡី ធ្វើឡើងពីរសប្តាហ៍ប៉ុណ្ណោះមុននឹងសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម។សាលក្រមដែលនឹងត្រូវប្រកាសនៅថ្ងៃទី២៣ខែមិនានេះ។
ជុំវិញរឿងនេះដែល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា មិនអាចសុំការឆ្លើយតបបាននោះទេ នៅថ្ងៃសុក្រនេះ ។
ដោយឡែក លោក មឿន តុលាការជំរុញឲ្យតុលាការបង្ហាញវីដេអូគ្លីបទាំងស្រុងដើម្បីឲ្យសាធារណជនវិនិច្ឆ័យដោយសារតែជនសង្ស័យដែលត្រូវចាប់ខ្លួននោះមានអត្តសញ្ញាណមិនច្បាស់លាស់ ហើយជនសង្ស័យច្បាស់ជាមានបក្សពួកបន្ថែមទៀត ៕