ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្វទិវាអំណានជាតិលើកទី២ នៅថ្ងៃសៅទី ១១ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីជំរុញការអានបន្ថែមទៀតក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។ ពលរដ្ឋកម្ពុជាដែលត្រូវគេមើលឃើញថា មានការអានតិចតួចផ្ទុយពីបណ្តាប្រទេសជឿន លឿននៅក្នុងពិភពលោក។
អ្នកចូលរួមសរុបចំនួន ១១០០នាក់ មកពីក្រសួងអប់រំ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ តំណាងអង្គការយូណេស្កូនៅភ្នំពេញ អង្គការមិនមែនរដ្ឋាភិបាល ក្រុមអ្នកនិពន្ធ គ្រូបង្រៀន និងសិស្សានុសិស្សនឹងប្រារព្ធទិវាអំណានរយៈពេលពេញមួយថ្ងៃនេះ នៅវិទ្យាស្ថានជាតិអប់រំ ស្ថិតនៅក្បែរវិមានឯករាជ្យក្រុងភ្នំពេញ។
ក្នុងទិវាអំណាននេះក៏មានការដាក់តាំងលក់សៀវភាពផ្សេងៗផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ក្រសួងបានបង្កើតឲ្យមានបណ្ណាល័យនិងបន្ទប់អាននៅតាមសាលារៀន និងតាមសហគមន៍ តាមរយៈកម្មវិធីអប់រំក្រៅប្រពន្ធ័ និងក្នុងប្រព័ន្ធដោយមានកិច្ចសហជាមួយដៃគូអភិវឌ្ឍន៍នានា។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ចំនួនបណ្ណាល័យនៅតាមសាលាក្នុងប្រព័ន្ធបានកើនឡើងដល់ ៤៤៧៤ ក្នុងឆ្នាំសិក្សា២០១៤ និង២០១៥។ ហើយចំនួននេះបានកើនឡើងទ្វេដងក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ ។ ចំនែកតាមរយៈកម្មវិធីអប់រំក្រៅប្រព័ន្ធចំនួនបណ្ណាល័យ និងបន្ទប់អានបានកើនឡើងពី ៣៤ ទៅ ២០៥ ក្នុងអំឡុងឆ្នាំដូចគ្នា៕