ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ មករា ២០១៧ រហូតដល់ថ្ងៃទី០៩ មីនានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ក្រាបបានជនពាក់ព័ន្ធគ្រឿងប្រមាណជាង ៥០០០នាក់ ក្នុងនោះស្ដ្រីមានចំនួនជាង ៥០០នាក់ ក្នុងករណីចរាចរជួញដូរ រក្សាទុកនិងការប្រើប្រាស់គ្រឿងញៀន។ ជុំវិញរឿងនេះ សង្គមស៊ីវិលសាទរដែលអាជ្ញាធរអនុវត្ដន៍តួនាទីបានល្អ ប៉ុន្ដែពួកគេយល់ថា បើមិនអាចបង្ក្រាប់ឈ្មួញធំបានទេ ស្ដ្រីនឹងនៅតែទទួលរងគ្រោះករណីគ្រឿងញៀនបន្ដទៀត។
ព័ត៌មាននេះរាយការណ៍ដោយលោក លៀ ស៊ីណា ៖
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យវិទ្យុស្ដ្រីអេហ្វអឹម១០២ ឲ្យដឹងនៅថ្ងៃទី០៩ មីនា នេះថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនរយៈពេលជាង ២ខែនេះ ស្ដ្រីជាង ៥០០នាក់ត្រូវបានចាប់ខ្លួនករណីជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀន។ ស្ត្រីទាំងនោះភាគច្រើនមានវ័យចន្លោះពី ១៨ ដល់៣៥ឆ្នាំ ។ ជាមួយគ្នានេះ លោកបន្ថែមថា ក្នុងចំណោមអ្នកពាក់ព័ន្ធគ្រឿងញៀនទាំងអស់ភាគច្រើនគឺសុទ្ធសឹងតែនៅរាជធានីភ្នំពេញ។
លោក មាស វិរិទ្ធ៖«បទល្មើសរួមទាំងបទល្មើសចរាចរជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ហើយពិសេសនៅរាជធានីភ្នំពេញ រហូតមកដល់ពេលនេះកើតដល់ជាង ៥០០០នាក់ហើយ ព្រោះយើងត្រូវបូកជាប្រចាំទើបអត់ទៀត»។
កម្ពុជា ដាក់ចុះយុទ្ធនាការបង្ក្រាបគ្រឿងញៀន ធ្វើឡើង ស្របពេល ប្រទេសហ្វីលីពីន ធ្វើសង្គ្រាម ប្រឆាំងគ្រឿងញៀន ដោយ ប្រទេសនេះ សម្លាប់មនុស្ស ជាង៥០០០នាក់ ។ សម្ដេច នាយករដ្ឋមន្ត្រីហ៊ុន សែន ថ្មីៗនេះ និយាយថា កម្ពុជា បើកយុទ្ធនាការេនេះ តែមិន បង្គាប់ឱ្យ ប៉ូលីស បាញ់បង្ក្រាបជនសង្ស័យឡើយ ។
ជុំវិញរឿងនេះលោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព សម្ដែងការសាទរដែលរដ្ឋាភិបាលបានអនុវត្ដន៍ការងារបោសសម្អាតគ្រឿងញៀនបានលទ្ធផលល្អនាពេលនេះ។ ប៉ុន្ដែលោកមើលឃើញថា ប្រសិនបើប្រជាពលរដ្ឋនៅតែយល់មិនច្បាស់ ពីផលលំបាកនៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរនោះទេ ប្រជាពលរដ្ឋនឹងនៅតែរងគ្រោះពីករណីគ្រឿងញៀននេះដដែលពិសេសគឺស្ដ្រី។ តែយ៉ាងណា ប្រធានមជ្ឈ មណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព យល់ឃ់ើញថា ក្រោយពេលរដ្ឋាភិបាលអនុវត្ដន៍យុទ្ធនាការបោសសម្អាតគ្រឿងញៀននេះ នៅតាមភូមិឃុំ គឺពុំសូវមានករណីក្មេងស្ទាវកោះផ្ទះ ឬក៏ចូលលួចទ្រព្យសម្បត្ដិក្នុងផ្ទះបន្ដទៀតទេ។
លោក យង់ គឹមអេង ៖« មួយរយៈកន្លងមក ខ្ញុំថា ជាការគួរអោយសាទរមួយ ដែលគាត់បានធ្វើកិច្ចការនេះបានច្រើន(បង្រ្កាបគ្រឿងញៀន) »។
ជាមួយគ្នានេះលោក យង់ គឹមអេង យល់ថា ដើម្បីលុបបំបាត់ការចរាចរជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាបានលុះត្រាតែរដ្ឋាភិបាលពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីរឿងនេះឱ្យច្បាស់ជាមុនសិន។
ចំណែកលោក សន ជ័យ នាយកប្រត្ដិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា ជាការល្អដែលអាជ្ញាធរអនុវត្ដន៍តួនាទីប្រកបដោយប្រសិទ្ធភាព ។ ប៉ុន្ដែលោកយល់ថា ការចាប់អ្នកប្រើប្រាស់ អ្នកជួញដូរ និងអ្នករក្សាទុកតូចតាចគឺមិនគ្រប់គ្រាន់នោះទេ ប្រសិនបើឈ្មួញអ្នកជួញធំៗមិនត្រូវបានបង្ក្រាបពិតប្រាកដ។
លោក សន ជ័យ ៖«ដើម្បីជាទស្សនៈវែងឆ្ងាយ ខ្ញុំថា ចាំបាច់ត្រូវតែគិតគូរអំពីគ្រឿងការបង្រ្កាបទៅលើក្បាលម៉ាស៊ីនធំៗនៃការចែកចាយគ្រឿងញៀនហ្នឹង ទើបវាអាចជាកាត់បន្ថយ ឬលុបបំបាត់ កម្រិតខ្ពស់នៃការប្រើប្រាស់គ្រឿងញៀន »។
ករណីនេះលោកចង់ឲ្យរដ្ឋាភិបាលធ្វើយ៉ាងណាបង្ក្រាបឈ្មួញធំឲ្យបាន ដោយមិនត្រូវបង្ក្រាបតែពលរដ្ឋដែលគ្រាន់តែជាឈ្នាន់របស់ឈ្មួញធំៗទាំងនោះទេ។
សួមជម្រាបថា ប្រទេសកម្ពុជាបានអនុវត្ដន៍ការបោសសម្អាតគ្រឿងញៀនរយៈពេល ៦ខែ ដោយចាប់ផ្ដើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ដែលយុទ្ធនាការនេះ ដាក់ចុះ ដោយ សម្ដេចនាយករដ្ឋមន្ត្រី៕