en     km
en     km

ទំនប់​វា​រី​អគ្គិ​ស​នី​សេ​សាន​ក្រោម​ ២​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ខែវិច្ឆិកា​ខាង​មុខ​(មានសំឡេង)

Share

ភ្នំពេញ​ ៖​ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ ២​ នឹង​ដាក់​ឱ្យ​ដំណើរការ​លើក​ដំបូង​នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ខាង​មុខ​ ខណៈ​ពលរដ្ឋ​ជាង​ ១០០ ​គ្រួ សារ​រង​ផល​ប៉ះពាល់​នៅ​តំបន់​នោះ​មិន​ទាន់​ដោះស្រាយ​សំណង​។​

 

វេទិកាពិភាក្សាស្តីពី យន្តការដោះស្រាយបញ្ហា លើការសាងសង់ទំនប់វារីអគ្គីសនី    សេសានក្រោម២ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នំា២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ ។រូបភាពWMC
វេទិកាពិភាក្សាស្តីពី យន្តការដោះស្រាយបញ្ហា លើការសាងសង់ទំនប់វារីអគ្គីសនី សេសានក្រោម២ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នំា២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ ។រូបភាពWMC
​ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​ស្តី​ពី​ យន្តការ​ដោះស្រាយ​បញ្ហា​ លើ​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ សេ​សាន​ក្រោម​២​ ព្រឹក​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៧​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ លោក​ ប៉ាន់​ ណា​រិ​ទ្ធ​ បានឱ្យ​ដឹង​ថា​ទំនប់​វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​ ២​ នឹង​ចាប់ផ្តើម​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។​

​លោក​ ប៉ាន់​ ណា​រិ​ទ្ធ​ បញ្ជាក់​ថា​ភ្លើង​ដែល​បាន​ពី​វា​រី​អគ្គិសនី​នេះ​អូស​តាម​ខ្សែបណ្តាញ​ជាតិ​ ២៣០​គី​ទ្បូ​វ៉ុល​ មក​ភ្នំពេញ​ដើម្បី​យក​មក​បែងចែក​ទៅ​តាម​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស​។​

តំណាង​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ប៉ាន់​ ណា​រិ​ទ្ធ​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖​ «​គម្រោង​នេះ​នឹង​បិទ​ទឹក​នៅ​ក្នុង​ខែ​ ៩​ ហើយ​ខែ​ ១១​ ចុងឆ្នាំ​២០១៧​យើង​ដំណើរការ​បូប៊ីន​ទី​មួយ​ ៥០​ មេ​ហ្គា​វ៉ា​ត់​ រហូត​ដល់​ឆ្នាំ​២០១៨​ យើង​នឹង​ដាក់​ឱ្យ​ដំណើរការ​បូប៊ីន​ទាំង​ប្រាំបី​ គឺ​ ៤០០​មេ​ហ្គា​វ៉ា​ត់​ »​។​

​គម្រោង​ទំនប់​វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២(LS2)​គឺជា​តំបន់​ មួយ​ដែល​នឹង​ត្រូវ​សាងសង់​នៅ​ក្នុង​ទន្លេសេសាន​ ក្នុងស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​ ប្រទេស​កម្ពុជា​ ដែល​មាន​ចម្ងាយ​ ១,៥​ គម​ ផ្នែក​ខាងក្រោម​នៃ​ចំនុចប្រសព្វ​គ្នា​រវាង​ទន្លេសេសាន​ និង​ទន្លេស្រែពក​ ដែល​មាន​ចម្ងាយ​ប្រមាណ​ ២៥​ គម​ ពី​ចំណុច​ជួប​គ្នា​នឹង​ទន្លេមេគង្គ​។​ គម្រោង​នេះ​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​ កម្ពុជា​ នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ។​

​តែ​ទំ​បន់​វា​រី​អគ្គិសនី​នេះ​ ត្រូវ​អ្នក​ជំ​នា​ញ​ថា​អាច​ប៉ះពាល់​បរិស្ថាន​ (EIA)​ហើយ​ ប៉ះពាល់​ ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ ។​

​អ្នកស្រី​ ណាត់​ សូ​តា​ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​មិន​ព្រម​ចាក​ចេញពី​តំបន់​នេះ​ជា​ដាច់ខាត​ទោះបីជា​រដ្ឋាភិបាល​ផ្តល់​សំណង​ដល់​អ្នកស្រី​ក៏​ដោយ​។​

អ្នកស្រី ណាត់ សូតា អ្នករងផលប៉ះពាល់ពីការធ្វើទំនប់វារីអគ្គិសនីសេសានក្រោម២ មកប្រជុំរកដំណោះស្រាយ។
អ្នកស្រី ណាត់ សូតា អ្នករងផលប៉ះពាល់ពីការធ្វើទំនប់វារីអគ្គិសនីសេសានក្រោម២ មកប្រជុំរកដំណោះស្រាយ។
អ្នកស្រី​ ណាត់​ សូ​តា​ បន្ថែម​ថា​ទោះបីជា​អ្នកស្រី​ដឹង​ថា​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ខាង​មុខ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​អ្នកស្រី​ក៏​ដោយ​ តែ​អ្នកស្រី​នៅ​តែ​សម្រេចចិត្ត​មិន​ចាកចេញ​ដដែល​ដោយ​អ្នកស្រី​ស្តាយ​ ដី​ ស្រែ​ ដូនតា​។​ អ្នកស្រី​ ណាត់​ សូ​តា​ ៖«​ខ្ញុំ​មិន​ចាកចេញ​ខ្ញុំ​ស្តាយ​ដី​តាំងពី​ជីដូន​ជីតា​ខ្ញុំ​មាន​ហើយ​ តាំងពី​មុន​មក​ខ្ញុំ​រស់នៅ​ដោយ​សុខ​ស្រួល​ តែ​ខ្ញុំ​មិន​ទៅ​គឺ​ខ្ញុំ​មិន​ទៅ​នឹង​ហើយ​ទឹក​លិច​ត្រឹមណា​នៅ​ជើង​ទឹក​ប៉ុណ្ណា​ខ្ញុំ​នៅ​ត្រឹមហ្នឹង​»​។​

​ឆ្លើយ​តប​ការ​លើក​ទ្បើ​ង​របស់​ពលរដ្ឋ​ដែល​មិន​ព្រម​ចាកចេញ​នេះ​ លោក​ ន​ង​ សា​រ៉េ​ត​ មន្ត្រី​តំណាង​ក្រសួង​រ៉ែ​ និង​ថាមពល​ មាន​ប្រសាសន៍​ថា​រដ្ឋា ភិបាល​មិន​អាច​ទុក​ឱ្យ​ពលរដ្ឋ​បាត់បង់​ជីវិត​ដោយសារ​តែ​ការ​អភិវឌ្ឍ​ន៏​ទំនប់​វា​រី​អគ្គិ​នី​សេ​សាន​ក្រោម​២​នេះ​ទេ​។​ លោក​ ន​ង​ សា​រ៉េ​ត​ បន្ត​ថា ​រាជ រដ្ឋាភិបាល​បាន​សម្រេច​សាងសង់​ផ្ទះ​ និង​ត្រៀម​ជូន​ដី​ដល់​ពួក​គាត់​រួច​ហើយ​។​ តំណាង​ក្រសួង​រូប​នេះ​ឱ្យ​ដឹង​ថា​ទៀត​គម្រោង​នេះ​នឹង​ផ្តល់​អត្ថ ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​គឺ​តាម​រយៈ​ការ​ទម្លាក់​ថ្លៃ​ភ្លើង​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​តម្លៃ​ទាប​បន្ថែម​ទៀត​។​

​ចំណែក​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ (NGO​ Forum)​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ មាន​ប្រសា​ស​ន៏​ថា​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ដំណើរការ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ខាង​មុខ​នេះ​ រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ត​ពិភាក្សា​ជាមួយ​ភាគី​រង​គ្រោះ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ដើម្បី​រក​គន្លឹះ​សំខាន់​ថា​តើ​មាន​មូលហេតុ​អ្វី​បានជា​ពួក​គាត់​នៅ​តែ​មិន​ព្រម​ចាកចេញ​ទោះបីជា​ដឹង​ថា​នឹង​រង​គ្រោះ​ហើយ​នោះ​ ។

នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា។រូបភាពWMC
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា។រូបភាពWMC
លោក​ តឹក​ វ​ណ្ណា​ បាន​ផ្តល់​ជា​អនុសាសន៍​ថា​ ៖«​រវាង​ភូមិ​ចាស់​ និង​ភូមិ​ថ្មី​ថា​តើ​គាត់​ត្រូវ​សម្រេចចិត្ត​បែប​ណា​អ​ញ្ចឹ​ង​យើង​គិត​ថា​ការ​ផ្តល់​ហេ​ដ្ឋ​រចនា សម្ព័ន្ធ​ និង​ការ​ផ្តល់​សេវា​សង្គម​ដល់​ប្រជាជន​ដែល​បាន​រើ​ចេញ​ហើយ​មាន​លក្ខណៈ​ស្មើ​ឬ​មួយ​ល្អ​ជាង​តំបន់​ចាស់​ជា​ការ​អនុវត្ត​ល្អ​ហើយនឹង​ជា​គម្រូ​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​កម្ពុជា​នៅ​បច្ចុប្បន្ន​ និង​អនាគត​ផង​ដែរ​»​។​

​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ ក្រុមហ៊ុន​ដែល​វិនិយោគ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២​នេះ​គឺ​មានឈ្មោះ​ថា​ Hydro​ Power​ Lower​ Sesan​ 2​។​ ដែល​មាន​ក្រុមហ៊ុន​ចំនួន​ ៣​ ចូលរួម​វិនិយោគ​។​ ក្រុមហ៊ុន​ទាំងនោះ​រួម​មាន​ ក្រុម​របស់​ខ្មែរ​ឈ្មោះ​ថា​ ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ ៣៩​ %​ ក្រុម​ចិន​ ឈ្មោះ​ថា​ក្រុមហ៊ុន​ឆៃ​ណា​ហា​យ​ដ្រូ​ទ្បាន​ឆាង​អ៊ិ​ន​ធើ​ណា​សិន​ណា​ល់​អ៊ិ​ន​នើ​ជី​ ៥១​ %​ ហើយ​និង​អគ្គី​ស​នី​វៀតណាម​អន្តរជាតិ​ (EVNI),​ ដែល​ជា​សាខា​របស់​ក្រុមហ៊ុនអគ្គីសនី​វៀតណាម​ (EVN)​ ចំនួន​១០%​។​

​គួរ​ជម្រាប​ថា​ កម្លាំង​ថាមពល​ផលិត​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ គឺ​មាន​កម្លាំង​ផលិត​ ៤០០​ មេ​ហ្គា​វ៉ា​ត់​ ដែល​មានកំ​ពស់​ទឹក​ ៧៥​ម៉ែត្រ​ ប្រវែង​ ៦​ គី​ទ្បូ​ម៉ែត្រ​ ក្នុង​ទំហំ​ផ្ទៃ​អាង​ស្តុក​ទឹក​ ៣៣៥៦០​ហិ​កតា​ ដែល​ចំណាយ​ទុន​សាងសង់​ ជិត​៨០០​លាន​ដុល្លារ​៕​  

Share

ព័ត៌មានទាក់ទង

Image