ភ្នំពេញ៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្ករបរិយាកាសនយោបាយល្អមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ មន្ត្រីជាន់គណបក្សប្រជាជនកម្ពុជាអះអាងថា ការបោះឆ្នោតនឹងប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក។
ថ្លែងក្នុងសន្និបាតរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងហ្ស៊ឺណែវ កាលពីថ្ងៃទី៨មិនា លោកហ្ស៊េដ រ៉ាអាដ ហ៊ូសសេន (Zeid Ra'ad Al Hussein)ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានថ្លែងដោយសំដីដើមយ៉ាងដូច្នេះថា «ខ្ញុំសូមគូសបញ្ជាក់ថាការបោះឆ្នោតដែលអាចជឿជាក់បានត្រូវតែធ្វើឡើងដោយមានការធានាថាតុលាការ ឯក រាជ្យនិងមិនលំអៀង។ហើយថាសេរីភាពបញ្ចេញមតិ សេរីភាពនៃការប្រមូលផ្តុំដោយសនិ្តវិធីនិងសិទិ្ធបង្កើតសមាគមត្រូវតែទទួលបានការការពារ។»
ការលើកឡើងនេះធ្វើឡើងខណៈដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនា ខាងមុខនេះ។ មានគណបក្សនយោបាយចំនួន១២នឹងធ្វើការប្រកួតប្រជែងដណ្តើមយកសំលេងឆ្នោតក្នុងឃុំសង្កាត់ចំនួន១៦៤៦នៅទូទាំងប្រទេស។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ធានាថារដ្ឋាភិបាលនឹងបង្ករបរិយាកាសនយោបាយឲ្យល្អប្រសើរឆ្ពោះទៅរកការបោះឆ្នោតមួយប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌។ «រាជរដ្ឋាភិបាលប្រកាសហើយតើថា ធានាបរិយាកាសល្អ ឆ្ពោះទៅការបោះឆ្នោត ដាច់ខាតត្រូវតែមានការបោះឆ្នោតនៅពេលមុខនិង អត់មានឲ្យអ្នកណាព្រួយបារម្ភទេ ទំាងថ្នាក់ជាតិ ទំាងថ្នាក់ក្រៅជាតិ ត្រៀមចំាមើលទៅការបោះឆ្នោតនឹងប្រព្រឹ្តត្តិទៅដោយប្រជាធិបតេយ្យ សេរីត្រឹមត្រូវ និង យុត្តិធម៌។»
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែលោក សុខ ឥសាន្ត អះអាងថា ប្រសិនបើគណបក្សនយោបាយ ឬជនណាល្មើសច្បាប់មុនការបោះឆ្នោតត្រូវតែផ្តន្ទាទោសទៅតាមច្បាប់។
រីឯមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ក៏ទទូចឲ្យរដ្ឋាភិបាលធានាបរិយាកាសនយោបាយល្អមុនការបោះឆ្នោតដែរ។ «សហគមអន្តរជាតិ ពិសេសអង្គការសហប្រជាជាតិហាក់ដូចជាចង់បញ្ជាក់អំពីសេចក្តីត្រូវការណ៍ ដែលចាំបាច់ត្រូវមាន ដើម្បីឆ្លុះភាពស្របច្បាប់ ឬ លទ្ធផលបោះឆ្នោតមួយដែលអាចជឿទុកចិត្តបាន ហើយអាចធានាភាពស្របច្បាប់នៃអ្នកដែលដឹកនាំប្រទេសតាមឆន្ទៈប្រជា ពលរដ្ឋ»។
លោក សុន ឆ័យ ទុទ្ទិដ្ឋិនិយមថា ដំណើរការបោះឆ្នោយនឹងមិនប្រកបដោយរលូនទេ ប្រសិនបើរដ្ឋាភិបាលមិនធានាអំពីឯករាជ្យភាពប្រព័ន្ធតុលា ការ និងធានាការពារសិទ្ធិសេរីភាពសម្តែងមតិ និងសិទ្ធិប្រមូលផ្តុំរបស់ជាពលរដ្ឋមិនត្រូវបានការការពារនោះ។
លោក សំ គន្ធាមី អ្នកឃ្លាំមើលកិច្ចការបោះឆ្នោតនៅកម្ពុជានៃអង្គការនិចហ្វិច យល់ថាការថ្លែងការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនេះគឺ បង្ហាញពីតថភាពពិតនៅកកម្ពុជា។ លោក គន្ធាមី ជឿថា ការថ្លែងការណ៍នេះ នឹងអាចឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញនៅការគោរពសិទ្ធិមនុស្សនៅកម្ពុជា។«ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានិងពិចារណា កែតម្រូវ ឬធ្វើឲ្យប្រសើរឡើង។»
ដោយឡែកលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសុំមិនអត្ថាធិប្បាយចំពោះសេចក្តីថ្លែងការណ៍នេះឡើយ។
សូមបញ្ជាក់ថាលោកហ្ស៊េដ រ៉ាអាដ ហ៊ូសសេន បានលើកពីករណីសិទ្ធិមនុស្សក្នុងប្រទេសចំនួនជាង៤០ក្នុងសន្និបាតកាលពីម្សិលមិញនេះ។ ក្នុងនោះលោកបានគូសបញ្ជាក់ថា៖«នៅប្រទេសកម្ពុជា ក្នុងរយៈពេលមុនការបោះឆ្នោតមានការចោទប្រកាន់និងការគំរាមកំហែងប្រឆាំងនឹងសមាជិកគណបក្សប្រឆាំងនានានិងប្រឆាំងនឹងពលរដ្ឋដែលប្រើប្រាស់សេរីភាពបញ្ចេញមតិ។»
នៅក្នុងនោះដែរមន្ត្រីអង្គការសហប្រជាជាតិដដែលកត់សំគាល់លើការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលអនុម័តដោយរដ្ឋសភាក្នុងពេលថ្មីនេះដោយលោកយល់ឃើញថាការអនុម័តច្បាប់ស្តីពីវិសោធនកម្មច្បាប់នេះ៖«មិនមានការប្រឹក្សាយោបល់ពីសាធារណជននោះ និងអនុញ្ញាតរំលាយគណបក្សនយោបាយដោយមិនចាំបាច់មាននិតិវិធីជាប្រចាំ។»
លោកហ្ស៊េដ រ៉ាអាដ ហ៊ូសសេន ចាត់ទុកថា៖«ការធ្វើវិសោធនកម្មច្បាប់នេះផ្ទុយនឹងក្រមស្តីពីសិទ្ធិមនុស្សទាក់ទងនឹងច្បាប់ស្តីពីសេរីភាពនៃការបង្កើតសហជីព។»
បន្ថែមពីនោះលោកក៏បានលើកពីករណីឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សនៃសមាគមអាដហុកដែលរហូតមកដល់ពេលនេះមានរយៈពេលដប់ខែហើយដោយមិនមានការកាត់ទោស។
មន្ត្រីអង្គការសហប្រជាជាតិក៏បានលើកពីការបង្ក្រាបអ្នកប្រើប្រាស់និងអ្នកជួញដូរគ្រឿងញៀនថ្មីៗនេះ និងការតាមឃ្លាំមើលការប្រមូលផ្តុំរបស់ក្រុមប្រជាពលរដ្ឋដែលរស់នៅឬធ្វើការតាមផ្លូវគឺមានន័យថាមនុស្សរាប់ពាន់អ្នកកំពុងស្ថិតនៅក្នុងការឃុំឃាំងក្នុងលក្ខខណ្ឌ័មិនត្រឹមត្រូវ។មនុស្សជាច្រើនមិនទទួលបាននិតិវិធីជាប្រចាំនោះទេ៕