ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល ៦ខែ ចាប់ផ្តើមពីថ្ងៃទី ១ មករា ឆ្នាំ ២០១៧តទៅ។ ក្នុងរយៈពេលបើកឆាកដំបូង ក្រុមសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យពីការប្រើប្រាស់និងជួញដូរគ្រឿងញៀនជាដើម។ នៅក្នុងចំណោមនោះក៏មានព្រះសង្ឃផងដែរ។
ទាំងអាជ្ញាធរ និងព្រះសង្ឃនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលវិទ្យុស្រី្តសុំសម្ភាសន៍សុទ្ធតែបាន ទទួលស្គាល់ថា បញ្ហាគ្រឿងញៀនពិតជាបានវាយលុកចូលមកក្នុងសង្គមសង្ឃមែននាពេលបច្ចុប្បន្ននេះ។
ព្រះសង្ឃវ័យក្មេងពីរអង្គត្រូវឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀននៅក្នុងវត្តមួយ ក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ប៉ុន្តែនេះមិនមែនជាករណីទី១មួយទេដែលព្រះសង្ឃត្រូវចាប់ឃាត់ខ្លួនពីបទសង្ស័យថាបានសេពគ្រឿងញៀនស្រវឹងខុសច្បាប់បែបនេះ។
ប្រាំបីថ្ងៃមុននោះ គឺនៅថ្ងៃទី២ ខែកុម្ភៈ ក្រុមសមត្ថកិច្ចបានឃាត់ខ្លួនព្រះសង្ឃចំនួន៥អង្គក្នុងវត្តមួយ ក្នុងខេត្តស្វាយរៀង ករណីប្រើប្រាស់គ្រឿង ញៀនដូចគ្នា។
ដូច្នេះវាហាក់ដូចជាសញ្ញាមួយថាគ្រឿងញៀនខុសច្បាប់មិនមែនត្រឹមតែរាតត្បាតក្នុងស្រទាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសក្រុមយុវជនប៉ុណ្ណោះទេ ប៉ុន្តែគ្រឿងញៀននេះបានជ្រៀតចូលក្នុងស្រទាប់ព្រះសង្ឃព្រះពុទ្ធសាសនា។ព្រះសង្ឃដែលត្រូវកម្រិតដោយធម៌វិន័យយ៉ាងតឹងតែងបំផុតជាពិសេសទាក់ទងនឹងគ្រឿងស្រវឹង ព្រះសង្ឃនឹងមិនត្រូវអនុញ្ញាតិឲ្យសេពគ្រឿងស្រវឹងឬគ្រឿងញៀននោះទេ។
គង់នៅវត្តនាគវ័ន ស្ថិតនៅសង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក កណ្តាលរាជធានីភ្នំពេញព្រះភិក្ខុកល្យាណសិរី មឿន ចន្ថា បានទទូលស្គាល់យ៉ាងឆាប់ រហ័សថាគ្រឿងញៀន ពិតជាបានរាតត្បាតចូលទីវត្តអារាមមួយចំនួនមែននាពេលបច្ចុប្បន្ននេះ។
ព្រះនេត្រសម្លឹងទីកាន់ព្រះវិហារយ៉ាងខ្ពស់ ព្រះតេជគុណ មឿន ចន្ថា សង្ឃដិកាថាព្រះសង្ឃដែលឈ្លក់វង្វេងនឹងគ្រឿងញៀន អាចជាជនដែលធ្លាប់សេពគ្រឿងស្រវឹងខុសច្បាប់នេះមុនពេលចូលសាងផ្នូស។ «ពេលខ្លះញៀនតាំងពីខាងក្រៅមក ហើយដល់ពេលមកវត្តនេះដោយសារតែ ការគ្រប់ គ្រងនោះមានការឆកល្វែងបន្តិចបន្តួច ហើយរវល់ការងារផង អញ្ចឹងហើយបានជាសិស្សនិស្សិត ឬក៏ព្រះសង្ឃមួយចំនួនតិចតួចដែលលោកបានប្រព្រឹត្តឆ្គង។ ដល់ពេលប្រព្រឹត្តឆ្គងយើងបានដោះស្រាយឱ្យលោកសិក្ខឬក៏ឱ្យលោកលាចាកសិក្ខាបទទៅវិញទៅ ប្រសិនបើទោសហ្នឹងស្រាលយើងណែនាំឱ្យឈប់ប្រព្រឹត្តកំហុសហ្នឹងទៅ។»
យ៉ាងណាក៏ដោយព្រះអង្គបន្ថែមថាក្នុងវត្តនាគវ័នមិនមានសង្ឃសេពគ្រឿងញៀនទេ។
ដោយឡែកនៅវត្តក្រាំងធ្មង់ក្នុងភូមិព្រៃខ្លា សង្កាត់ក្រាំងធ្មង់ ខ័ណ្ឌសែនសុខ ដែលស្ថិតនៅចម្ងាយប្រមាណដប់គីឡូម៉ែត្រពីចំណុចកណ្តាលរាជធានីភ្នំពេញ ព្រះចៅអធិការព្រះអង្គ ស៊ូ សុខគា មានថេរដីកាថា កន្លងមកមានជនខិលខូចបានឆ្មក់ចូលបរិវេណវត្តដើម្បីសេពគ្រឿងញៀន។ នៅពេលសួរព្រះតេជគុណថា តើបញ្ហាគ្រឿងញៀននេះបានជ្រាបចូលក្នុងចំណោមសង្ឃក្នុងវត្តនេះទេ?
ព្រះអង្គមានថេរដីកាទាំងស្ទើរស្ទាក់ថា ទំនងអាចមានខ្លះ ហើយបញ្ហានេះ កំពុងស្ថិតនៅក្រោយការស៊ើប អង្កេតរបស់ព្រះអង្គ។ ព្រះអង្គមានថេរដីកាថា បើរកឃើញថាព្រះសង្ឃណាបានប្រព្រឹត្តគ្រឿងញៀនមែន នោះវត្តនឹងតម្រូវឱ្យលាចាកសិក្ខាបទ ហើយបញ្ជូនខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។ «ជួនកាលវាមកជក់ក្នុងវត្តអញ្ចឹងទៅ ព្រោះពេលហ្នឹងពេលស្ងាត់ វាអត់ហ៊ានទៅផ្ទះ តែជួនវាទៅដែល ជួនប៉ូលិសតាមចាប់បាននៅហ្នឹងផ្ទះក៏មាន ជួនកាលមកប្រព្រឹត្តតែក្នុងទីធ្លាវត្តអញ្ចឹងទៅ ព្រោះវត្តធំជាឪកាសគេល្អ វាមានមិនអត់ទេ។ ចំណែកការប្រព្រឹត្តរបស់សង្ឃក្នុងបញ្ហាគ្រឿងញៀននេះ អាត្មាមិនហ៊ានអះអាងដែល មិនដឹងអ្នកណាជាអ្នកណា វាពិបាកថាណាស់»។
ទំនងជាស្ថិតក្នុងសម្ពាធរាតត្បាតនៃគ្រឿងញៀនក្នុងទីវត្តអារ៉ាម ព្រះគ្រូសូត្រស្តាំ យឹម សំបាន គង់នៅវត្តស្រះចក ខណ្ឌ័ដូនពេញ ក្បែររមណីយ ដ្ឋានវត្តភ្នំ បានជ្រើសរើសយកវិធានការណ៍អប់រំដើម្បីបង្កាការយាយីដោយសារគ្រឿងញៀនក្នុងចំណោមព្រះសង្ឃ។
ព្រះតេជគុណមានថេរដិកាថា ក្នុងវត្តនេះមិនមានមុខសញ្ញាប្រើប្រាស់ ឬចែងចាយគ្រឿងញៀនកើតឡើងចំពោះសង្ឃ និងកូនសិស្សលោកក្នុងវត្តនេះទេ។ ដ្បិតនៅក្នុងវត្តរបស់ព្រះអង្គ មានការអប់រំអំពីការយល់ដឹងពីគ្រឿងញៀនជារៀងរាល់សប្តាហ៍។
ការអប់រំដើម្បីដាស់សតិស្មារតីដល់សិស្សនិស្សិត ជាពិសេសព្រះសង្ឃ ឲ្យភ្ញាក់រលឹកនិងប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងគ្រឿងស្រវឹង។ «គឺយើងតែងតែអប់រំតែងតែបង្ហាញ និងពន្យល់ ពិសេសគឺប្រាប់អំពីផលវិបាកនៃការប្រើប្រាស់ហ្នឹង ទីមួយគឺខូចនូវតម្លៃខ្លួនឯង បាត់ បង់តម្លៃខ្លួនឯង ទីពីរក្បត់នូវឧត្តុមគិតខ្លួនឯង ព្រោះយើងមកហ្នឹងមកដើម្បីអី ដើម្បីរៀនសូត្រ ដើម្បីច្បាមយកចំណេះជំនាញសម្រាប់អនាគតរបស់ខ្លួន ឬក៏មកដើម្បីអី? ហើយក៏បានបំផ្លាញបំណងរបស់ឪពុកម្តាយ។»
កាលពីថ្ងៃទី ៨ ខែកុម្ភៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យព្រះសង្ឃអប់រំប្រជាពលរដ្ឋចៀសឆ្ងាយពីគ្រឿងញៀន។ ថ្លែងចំៗនាពិធីនោះ លោក ហ៊ុន សែន លើកឡើងថា ព្រះសង្ឃក៏មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនដែរ។ «អត់ទេពេលខ្លះគ្រឿងញៀនវាជ្រកក្នុងវត្តអីអញ្ចឹងទៅ ពេលខ្លះដោយទាំងលោក ដោយទាំងព្រះសង្ឃទៅទៀត ប៉ុន្តែវាមិនមែនព្រះសង្ឃទាំងអស់នោះទេ»។
ទាក់ទិនរឿងនេះ ព្រះតេជគុណ ឃឹម សន ព្រះមេគុណរាជធានីភ្នំពេញបានមានសង្ឃដីកាថា កន្លងមកព្រះសង្ឃបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអប់រំយុវជនទាំងអស់ឱ្យចៀសឆ្ងាយពីគ្រឿងញៀន តាមរយៈការទេសនាអប់រំប្រៀនប្រដៅតាមវិទ្យុ និងទូរទស្សន៍ និងការនិមន្តចុះតាមសាលារៀន នៅតាមបណ្ដាខេត្តដើម្បីផ្សព្វផ្សាយអំពីបញ្ហានេះ។
ព្រះតេជគុណមានសង្ឃដីកាបន្ថែមដោយទទួលស្គាល់ថាគ្រឿងញៀនកំពុងតែវាយលុកចូលក្នុងចំណោមសង្ឃតាមវត្តមួយចំនួន។ នៅក្នុងកិច្ចប្រជុំសង្ឃដែលនិមន្តចូលរួមពីព្រះចៅអធិការទាំង ១៤៩ វត្តក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ព្រះតេជគុណ ឃឹម សនបានអំពាវនាវឲ្យគ្រប់វត្តទាំងអស់ដាក់ការតាមដានរាល់សកម្មភាពពាក់ពន្ធ័នឹងការចែកចាយនិងប្រើប្រាស់គ្រឿងញៀនក្នុងចំណោមព្រះសង្ឃ។ «កន្លែងឪកាសខ្ញុំអប់រំហ្នឹងមនុស្សច្រើន យកមនុស្សញៀនថ្នាំហ្នឹងទៅអប់រំ អញ្ចឹងអត់មានអីទទួលទានឈ្នះទេ ឥឡូវហ្នឹងបន្តិចទៀតហ្នឹង ទៅមុខនឹងស្នើតាមខ័ណ្ឌ ឱ្យអនុគុណក្នុងខ័ណ្ឌហ្នឹងគឺនាំមន្ត្រីសង្ឃនិងសង្ឃហ្នឹង ចុះទៅអប់រំហើយមានទាំងទិយវត្ថុរបស់របបផងជូនផង ឱ្យទទួលទានផង ធ្វើម៉េចជួយឱ្យ យោបល់គេ បញ្ជៀបនូវចំណេះដឹងដែលព្រះអង្គមានក្នុងព្រះពុទ្ធសាសនា សីលធម៌ហ្នឹង ឱ្យគេឈប់តែម្តង។»
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ លោក មាស វីរិទ្ធ ប្រាប់វិទ្យុស្ត្រីថា ករណីព្រះ សង្ឃប្រព្រឹត្តគ្រឿងញៀននេះ សមត្ថកិច្ចបង្ក្រាបបានក្នុងចំនួនតិចតួចតែប៉ុណ្ណោះ។ លោកថានៅដើមឆ្នាំ ២០១៧នេះ សមត្ថកិច្ចបង្ក្រាបបានករណីព្រះសង្ឃប្រើប្រាស់ និងចែកកាយគ្រឿងញៀននេះ ចំនួន ២ករណី។ លោក មាស វីរិទ្ធ មានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសង្គម ការចូលរួមពីវិស័យឯកជន គឺជាចំណែកមួយមិនអាចខ្វះបាន។ «ការចូលគាំទ្រពីវិស័យឯកជន វិស័យសាសនា និងសប្បុរសជន ពិតជាមានសារសំខាន់ក្នុងការជួយឱ្យសម្រេចបាននូវសមិទ្ធផល និងការផ្លាស់ប្តូរស្ថានភាពដែលកំពុងអាប់អួល ដោយសារតែបញ្ហាគ្រឿងញៀន ទៅជាស្ថាន ភាពមួយដែលអាចទទួលយកបាន មានភាពសុខដុម ដែលអាចទទួលស្គាល់ថា មានសណ្តាប់ធ្នាប់ មានសនិ្តសុខ និងសុវត្ថិភាពជាងមុន។»
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ជាលើកដំបូងសំរាប់រយៈពេល ៦ខែ។ គិតត្រឹមពាក់ កណ្តាលខែកុម្ភៈឆ្នាំ ២០១៧នេះ សមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនចំនួន ១៥៦២ ករណី និងឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធ និងអ្នកប្រើ ប្រាស់សរុប ៣៧៤១នាក់។ក្នុងនោះមានស្រីចំនួន ៣៥៧នាក់។ ជនសង្ស័យក្នុងការជួញដូរនិងចរាចរគ្រឿងញៀនចំនួន១៧៣៧នាក់ត្រូវបានចាប់ ខ្លួន៕