នៅថ្ងៃទី ៨ មីនា គឺជាខួបនៃការរម្លឹកសិទ្ធិនារីអន្តរជាតិ ដែលក្នុងព្រឹត្តិការណ៍នេះ ស្ត្រីជាច្រើនម៉ឺននាក់នៅបណ្ដាប្រទេសមួយចំនួន បានទាមទារឱ្យ មេដឹកនាំរដ្ឋភិបាលរបស់ពួកគេ លើកស្ទួយសិទ្ធិនារី ដោយការជួយស្ត្រីបានជៀសផុតការរើសអើង និងរំលោភបំពានផ្សេងៗ។
នៅអាមេរិក
ស្ត្រីរាប់ ពាន់នាក់ បានទៅប្រមូលផ្ដុំគ្នានៅ ខាងមុខសេតវិមាន ដោយទាមទារឱ្យលោក ដូណាល់ត្រាំ ការពារអត្ថប្រយោជន៍របស់ស្ត្រី។នៅទីក្រុងញូយ៉ក ស្ត្រីជិត២០០០នាក់ ស្លៀកពាក់ អាវក្រហម មកប្រមូលផ្ដុំគ្នា នៅទីនោះ ដោយជំរុញឱ្យអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ច្រើនថែមទៀតទៅលើស្ត្រី ដែលរងទុក្ខទោសដោយបញ្ហា មិនគោរពសិទ្ធិរបស់ពួកគេ។
ប្រទេសជាច្រើននៅ ទ្វីបអាមេរិក ក៏បាន ប្រារព្ធទិវាសិទ្ធិនារី៨មីនា ។ ក្នុងនោះមានប្រទេស ប្រេស៊ីល ម៉ិចស៊ីក គុយបា ជាដើម។
នៅអឺរ៉ុប
ស្ដ្រីជាច្រើនម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅក្នុងសួនប្រជាធិបតេយ្យរបស់ប្រទេសនិមួយៗ ។ នៅប្រទេស Ireland ស្ដ្រីដែលពាក់អាវពណ៌ខ្មៅ បានតវ៉ាប្រឆាំងនិងច្បាប់របស់ប្រទេសនោះ ដែលរឹតត្បិតការរំលូតកូន ។
នៅទីក្រុងឡុងដ៍ន ប្រទេសអង់គ្លេស ស្ដ្រីរាប់ពាន់នាក់ដែលប្រមូលផ្ដុំគ្នានៅទីនោះ បានអំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញលើច្បាប់ទាំងឡាយណាដែលមានចរិករឹតបន្ថឹងសិទ្ធិសេរីភាពរបស់ស្ដ្រី។
នៅទីក្រុង Amsterdam ប្រទេសហូឡង់ ស្ដ្រីទាំងនោះបានប្រកាសស្វែងរកការសាមគ្គីគ្នាដើម្បីបង្ហាញថា ស្ដ្រីមានសិទ្ធិអំណាចធ្វើសេចក្ដីសម្រេចដូចបុរសផងដែរ។
នៅប្រទេសប៉ូឡូញ ការធ្វើក្បួនសហយាត្រាអបអរសាទរបានកើតឡើងនៅពាសពេញទីក្រុងវ៉ាសូវី ។ដោយពួកគេទាមទារឱ្យបញ្ឈប់ហិង្សាលើស្ដ្រី ។ចំណែកនៅប្រទេសអាឡឺមង់ ក៏មានស្ដ្រីជួបជុំគ្នាសប្បាយរីករាយអបអរសាទរសិទ្ធិសេរីភាពរបស់ខ្លួន។ នៅប្រទេសស៊ុយអែតកីឡាករស្ដ្រីរបស់ប្រទេសនេះ បានចេញដើរតាមដងផ្លូវនានាដើម្បីជម្រុញឱ្យស្ដ្រីចូលរួមក្នុងវិស័យកីឡា។
នៅអាស៊ី
នៅអាស៊ីក៏មានការអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ នេះដែរ។
គេអាចរាប់ព្រឹត្តិការណ៍នេះ ធ្វើឡើងនីទីក្រុងហុងកុង ទីក្រុងតូក្យូ ទីក្រុងសេអ៊ូល ទីក្រុងម៉ានីល ទីក្រុងចាកាតា ទីក្រុងញ៉ូវដេលី ទីក្រុងបាងកក ទីក្រុងរ៉ង់ហ្គូន ដែលនៅទីក្រុងទាំងនេះស្ដ្រីបានចេញដើរតាមដងផ្លូវដោយអំពាវនាវឱ្យមេដឹកនាំរបស់ប្រទេសពួកគេគោរពអោយបានភ្ជាប់ខ្ជួននូវសិទ្ធិសេរីភាពរបស់ស្ដ្រី។
នៅទ្វីបអាហ្រិ្វក
នៅបណ្ដាប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិកស្ដ្រីបានដើរតាមដងផ្លូវនានាដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ ៨ មីនា ។ ប៉ុន្ដែនៅប្រទេសមួយចំនួនដែលកាន់អំណាចផ្ដាច់ការបានដាក់បម្រាមមិនអោយមានការប្រមូលផ្ដុំដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនានោះទេ។ ដោយពួកគេអនុញ្ញាតឱ្យធ្វើលក្ខណៈតូចតាចតែប៉ុណ្ណោះ។
៨មីនា ២០១៧ គឺជាខួប ១០៦ឆ្នាំ នៃទិវាសិទ្ធិនារីអន្ដរជាតិ។ ទិវានេះ ទទួលបានការអនុម័តឱ្យប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ៕